​​រមណីយដ្ឋាន​វត្ត​ភ្នំ​ដូន​ពេញ ​​នឹង​ត្រូវ​កែ​លម្អ​ឡើង​វិញ​ដោយ​ចំណាយ​ថវិកា​១​លាន​ដុល្លារ​អាមេរិក​
Posted On : March, 12, 2015 | By សំឡេងទីក្រុង

ផ្សាយ ថ្ងៃទី12  ខែMarch  ឆ្នាំ2015, ប្រភព៖ BNews

រមណីយដ្ឋាន​វត្ត​ភ្នំ​ដូន​ពេញ​​​ ដែល​ជា​ទី​តាំង​ប្រវត្តិសាស្ត្រ​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ នឹង​ត្រូវ​កែ​លម្អ​ប៉ែក​ខាង​កើត​ឡើង​វិញ​ ដោយ​គ្រោង​​​​ចំណាយ​ថវិកា​ចំនួន ​​១ ​លាន​ដុល្លារ​អាមេរិក ​។​​​​

 

​តាម​ហ្វេស​បុក​ផេក​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ បាន​ឲ្យ​ដឹង​​​ថា​​​រមណីយដ្ឋាន​វត្ត​ភ្នំ​ដូនពេញ​នឹង​ត្រូវ​ជួសជុល​កែ​លម្អ​​ឲ្យ​បាន​ស្អាត​ ស័ក្តិសម​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​ជា​និមិត្តរូប​នៃ​ការ​កកើត​រាជធានី​ភ្នំពេញ​ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​គោរព​បូជា​ និង​ជា​កន្លែង​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​ ហើយ​​គម្រោង​ជួសជុល​នេះ​​​នឹង​ត្រូវ​ចំណាយ​ថវិកា​​ ១​លាន​ដុល្លារ​អាមេរិក​ ។

 

តាម​ការ​ស្រង់​សំដី​របស់​អភិបាល​រាជ​ធានី​ភ្នំពេញ ​លោក​ប៉ា សុជាតិវង្ស ​ពី​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​កម្ពុជា(AKP) ឲ្យ​ដឹង​ថា ​​​​​គម្រោង​ជួស​ជុល​កែ​លម្អ​ខាង​លើ​នេះ​បាន​សិក្សា​រួច​ហើយ​​ដែល​មាន​១៦​ចំណុច​​ត្រូវ​បាន​កែ​លម្អ​។ ជាពិសេស​ត្រូវ​ពិនិត្យ​បន្ថែម​លើ​ការ​សាងសង់​ជា​របង​ដែក​មាន​កម្ពស់​១,២ ម៉ែត្រ​​​ព័ទ្ធ​ជុំវិញ​វត្ត​ភ្នំ​ដែល​មាន​ក្បាច់​ជា​ស្រទាប់​ផ្កាឈូក ​រួម​ទាំង​ការ​ក្រាល​កម្រាល​សម្រាប់​ថ្មើរ​ជើង​ខាង​ក្នុង​បរិវេណ​វត្តភ្នំ​ ដែល​អាច​ត្រូវ​ប្រើ​ថ្ម​ក្រានិត​ ឬ​ថ្ម​បាយ​ក្រៀម​ដែល​មាន​សព្វ​ថ្ងៃ​ ។

 

លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​បញ្ជាក់​​ទៀត​ថា​​គម្រោង​ខាង​លើ​នេះ​រួម​មាន​​ការ​ជួស​ជុល​កែ​លម្អ​សួន​ ដាំ​ស្មៅ ​រៀប​ចំ​ប្រព័ន្ធ​ទឹក​/ភ្លើង​ ប្រព័ន្ធ​លូ ​រួម​ទាំង​ច្រក​​ចេញ​/ចូល​​ឲ្យ​​បាន​ស្អាត​ និង​រក្សា​បាន​បរិស្ថាន​វប្បធម៌​ធម្មជាតិ​ និង​ធ្វើ​​ឲ្យ​ស័ក្ដិសម​ជា​កន្លែង​គោរព​បូជា​របស់​ប្រជាពលរដ្ឋ​ និង​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ដ៏​សំខាន់​ផង​ដែរ​ ៕

Urban Voice Cambodia

Urban Voice Cambodia