​អ្នក​មាន​ជម្លោះ​ដីធ្លី​ជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​កាត់​ដី​ឲ្យ​អ្នក​ភូមិ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី​​
Posted On : មករា, 28, 2015 | By សំឡេងទីក្រុង

ដោយ៖​ ញឹម សុខន​​ | ថ្ងៃពុធ ទី28 មករា 2015

អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ថ្ងៃ​ពុធ​នេះ ជំរុញ​ម្តងទៀត ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ កាត់​ដី​និង​ផ្តល់​សំណង​ឲ្យ​អ្នក​ភូមិ​តាម​បញ្ជានាយ​ករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រកាស ធ្វើ​កំណែ​ទ្រង់ របស់​រដ្ឋាភិបាល​អាណត្តិទី​៥​នេះ​។​

​តំណាង​អ្នក​តវ៉ា នៅ​សហគមន៍​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន ប្រាប់​អ្នកសារព័ត៌មាន ពេល​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា ដី​នៅ​សហគមន៍​បុរី​កីឡា ជា​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​សម្រេច​កាត់​ឲ្យ​អ្នកភូមិ​១៧៧៦​គ្រួសារ​។​

​ស្ត្រី​រូប​នោះ​យល់ថា ការដែល ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បណ្តេញ​ពួកគេ ឲ្យទៅ​រស់​នៅ​ជាយក្រុង​ទាំង​បង្ខំ កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១២​នោះ ជា​ការរំលោភ​បំពាន​លើ​សេចក្តីសម្រេច របស់​រដ្ឋាភិបាល​។​

​អ្នកស្រី ឆាយ គឹម​ហ៊​ន ជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ពិនិត្យ​ករណី​បណ្តេញ​ចេញ​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ដី​។ អ្នកស្រី​បញ្ជាក់ថា «​រហូតមកដល់​ពេលនេះ​ក៏​គ្មាន​ដំណោះស្រាយ កូនៗ​នៅ​តែ​រស់នៅ​ក្រោម​សំយាប​ជណ្តើរ រស់នៅ​លើ​គំន​សំរាម​ដដែល ចឹង​ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃនេះ​ឯកឧត្តម ប៉ា សុជាតិ​វង្ស នឹង​ផ្តល់​ចម្លើយឲ​ពួកយើង​ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​គាត់ ឲ​មាន​ឆន្ទះ​ច្បាស់លាស់ និង​គោលជំហ​ច្បាស់លាស់​សំរាប់​ពួកយើង​ដែល​កំពុងតែ​មាន​ការរង​ទុក្ខវេទនា​រយះពេល ៣ ឆ្នាំនេះ​» ។​

​តាម​ពាក្យបណ្តឹង​របស់​អ្នកភូមិ​បុរី​កីឡា ក្រោយពី​មាន​ព្រឹត្តិការណ៍​បណ្តេញចេញ បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៣ ទី​ស្ត្រី​ការ​គណៈរដ្ឋមន្ត្រី បាន​សម្រេច​ប្រគល់​ដី​នៅ​សហគមន៍​បុរី​កីឡា​ទំហំ​៤,៦​ហិកតា ឲ្យ​អ្នកភូមិ​១៧៧៦​គ្រួសារ​។​

​តំណាង​អ្នក​តវ៉ា នៅ​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិស័​ក្ត អះអាងថា នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០១១ នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​នៅ​តំបន់​បឹងកក់​១២,៤៤​ហិកតា សម្រាប់​អ្នក​ភូមិ​ជិត​១០០០​គ្រួសារ ដែល​ទាមទារ​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​បុរស​រូប​នោះ​បញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរ​ក្រុង​មិន​ទាន់​កាត់​ដី​ឲ្យ​អ្នកភូមិ តាម​បញ្ជា​នាយករដ្ឋមន្ត្រី​ឲ្យ​កាត់​ដី​ឲ្យ​អ្នកភូមិ​វិញ​នោះ នៅឡើយ​ទេ ធ្វើ​ឲ្យ​អ្នកភូមិ​៥៧​គ្រួសារ​ទៀត ដែល​មិន​ទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​តាម​អនុក្រឹត្យ កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​។ លោក​យល់ថា ដើម្បី​ឲ្យ​ការប្តេជ្ញាចិត្ត​ធ្វើ​កំណែទម្រង់ របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព សាលា​រាជធានី​ត្រូវ​ពន្លឿន​ការអនុវត្ត​តាម​អនុ​ក្រឹត្យ​នេះ​។ លោក​បាន​លើកឡើង​ថា «​អំពើពុករលួយ​ផលប្រយោជន៍​ហ្នឹង​ខ្លាំង​មែនទែន ដោយសារ​ដី​នៅ​ទីនេះ​ខ្ញុំ​គិតថា​មាន​តំលៃ អ្នកណា​អ្នកណា​មក ឲ​តែ​កាន់​ទី​នេះ ហាក់ដូចជា​ក្រាញននៀល​ចង់បាន​មែនទែន​» ។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​សន្យា​ចំពោះ​តំណាងរាស្ត្រ​ក្នុង​សភា កាលពី​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ពេល​ចូល​ឆ្លើយ​សំណួរ​ផ្ទាល់មាត់​បំភ្លឺ ជាមួយ​គណៈកម្មការ​ទី​១​ថា លោក​នឹង​ព្យាយាម​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ រួមទាំង សហគមន៍​បឹងកក់ និង​បុរី​កីឡា​ផងដែរ​។​

​ជាងនេះទៅទៀត អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ធ្លាប់​អះអាងថា មន្ត្រី​ជំនាញ​បាន​បង្កើត​រួច​ហើយ ឲ្យមាន​គណៈកម្មការ​ចម្រុះ​មួយ មាន​ភាគី​ក្រុមហ៊ុន តំណាង​សហគមន៍ សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ចូលរួម ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

​ប៉ុន្តែ​សង្គម​ស៊ីវិល​បារម្ភ​ថា អាជ្ញាធរ​នឹង​បន្ត​ចាប់​ឃុំខ្លួន អ្នក​មាន​ជម្លោះ​ដីធ្លី​បន្តទៀត ដើម្បី​បង្ក្រាប​សេរីភាព​បញ្ចេញមតិ បើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ លើ​មន្ត្រី​ខិលខូច​មួយចំនួន ដែល​ព្យាយាម​រារាំង​ការ​អនុ​វ​អនុក្រឹត្យ​នេះ ដោយ​ទទួលបាន​លាភសក្ការៈ​ពី​ជម្លោះ​នេះ​។

សំឡេងទីក្រុង!

សំឡេងទីក្រុង!