​អ្នក​ដែល​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​ប្រមូលផ្តុំ​គ្នា​ម្តងទៀត រំឭក​ការឈឺចាប់​មុខ​សាលា​រាជធានី​ភ្នំពេញ​​
Posted On : February, 26, 2015 | By សំឡេងទីក្រុង

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី25 កុម្ភៈ 2015, VOD

តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី បង្ហាញ​ការខកចិត្ត​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ នូវ​អ្វី​ដែល​ពួកគេ​ចោទថា សាលា​រាជធានី​ភ្នំពេញ ហាក់​គេចវេស​ពី​ការទទួលខុសត្រូវ រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ខណៈ​អ្នកភូមិ​ត្រូវ​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​មិន​ទាន់​ត្រូវបាន​ដោះស្រាយ ។​

​តំណាង​អ្នក​តវ៉ា​ម្នាក់​ក្នុងចំណោម​តំណាង​ជិត​២០​នាក់​ផ្សេង​ទៀត គឺ​អ្នកស្រី ជុំ ង៉ាន់ ប្រាក់​អ្នកសារព័ត៌មាន ពេល​ប្រមូល​ប្រមូលផ្តុំ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា ជាង​៣​ឆ្នាំ​នេះ​ពួកគេ​បាត់បង់​ផ្ទះសម្បែង ដីធ្លី​មុខរបរ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ដោយសារ​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្តេញ​ពួកគេ​ចេញ​ទាំង​បង្ខំ ។​

​ស្ត្រី​រូប​នោះ​បន្តថា រីឯ​ការរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ទាំង​សាលា​រាជធានី​ផង បាន​ត្រឹម​សន្យា ធ្វើឲ្យ​អ្នករងគ្រោះ​នៅ​បន្ត​រស់នៅ​លើ​គំនរ​សំរាម​រហូត​សព្វថ្ងៃនេះ ។ អ្នក​តវ៉ា​រូបនោះ​យល់ថា​នេះ​ជា​ភស្តុតាង​មួយទៀត​បង្ហាញថា សាលា​រាជធានី​ហាក់​ចង់​គេចវេស​មិន​ទទួលខុសត្រូវ «​រយៈពេល​ជាង​៣​ឆ្នាំ យើង​ប្រឈម​នឹង​ការបាត់បង់​មុខរបរ ជំពាក់​បំណុល​គេ ជំងឺ កូន​ក៏​បាត់បង់​ការសិក្សា ប្រឈមមុខ​នឹង​គេ​វាយ​ទាត់ ប្រមាថមើលងាយ​យើង​សព្វ​គ្រប់បែបយ៉ាង​ទៀត​» ។​

​តំណាង​អ្នក​តវ៉ា​មួយទៀត​គំរាមថា បើ​សាលា​រាជធានី​ភ្នំពេញ​នៅតែ​មិន​បង្ហាញ​ឆន្ទៈ​ក្នុង​ការរក​យុត្តិធម៌​ឲ្យ​អ្នករងគ្រោះ​ជនក្រីក្រ​ទេ នឹង​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការបណ្តេញចេញ​នេះ «​ឯកឧត្តម​សាលាក្រុង​(​រាជធានី​ភ្នំពេញ​)​ហ្នឹង​ហ្មង ភរ​ខ្ញុំ​រហូត​រឿង​ផ្ទះសម្បែង​ខ្ញុំ ខ្ញុំ​មាន​កិច្ចសន្យា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​[​ស្នាម​]​មេដៃ​សម្តេច​ទៀត ហេតុ​អី​ក៏​មិន​ឲ្យ​ផ្ទះ​ខ្ញុំ អ្នកណា​មក​ពី​ណា ឲ្យ​គាត់​តែ​៥០០០​ដុល្លារ គាត់​ឲ្យ​ឡើង​ផ្ទះ​នៅ ចំពោះ​ខ្ញុំ កូន អត់​មាន​ទេ​មាន​តែ​លុយ​រៀល មួយ​ថ្ងៃ​មួយ​ពាន់​ពីរ​ពាន់​(​រៀល​) ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គាត់ គាត់​មិន​ឲ្យ​ខ្ញុំ​ឡើង​ទេ​» ។​

យ៉ាងណាក៏ដោយ ការប្រមូលផ្តុំ​គ្នា​តវ៉ា​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវបាន​រំសាយ​វិញ​ដោយ​គ្មាន​ការសន្យា​ណាមួយ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ អះអាង​ថា​ការ​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​នៅ​សហគមន៍​បុរី​កីឡា បាន​ដំណើរ​ទៅ​បាន​ភាគ​ច្រើន​ហើយ នៅសល់​តិចតួច​ប៉ុណ្ណោះ​ដែល​កំពុង​បន្ត​ដោះ​ស្រ​យ​។ លោក​ថា «​បានន័យថា អ្នក​ដែល​មាន​បំណង​ចង់​បាន​ផ្ទះ អ្នក​ដែល​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ គាត់​បាន​ធ្វើការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ហើយ អ៊ីចឹង​អ្នកដទៃ​ទៀត​ដែល​គាត់​ធ្វើ​ដើម្បី​ក្នុង​គោលបំណង​អី​ផ្សេងទៀត យើង​អត់​ដឹង​ថា​គោលបំណង​អី​ទេ ជា​ប្រជាប្រិយភាព ឬ​ជា​កិច្ចការ​នយោបាយ យើង​អត់​យល់​ទេ ក៏​ប៉ុន្តែ​អ្នក​ដែល​មាន​ឆន្ទៈ​ដោះស្រាយ​ជាមួយ​យើង គេ​ធ្វើការ​ជាមួយ​យើង​ហើយ​» ។​

​យ៉ាងនេះក្តី​ក្រុមអ្នកតវ៉ា​រិះគន់ថា ការ​មិន​ចេញ​ជួប​ពួក​គេ​ជា​ជនរងគ្រោះ​នៅ​ក្រៅ​បន្ទប់​ម៉ាស៊ីនត្រជាក់ នេះ បង្ហាញថា មន្ត្រី​ទាំងនោះ​មាន​ឥរិយាបទ​ខុស​ពី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់​យក​ដើម​ពោធិ៍ ជិត​ផ្ទះ​ធ្វើ​ស្នាក់ការ​សម្រាប់​ទទួល​ពាក្យបណ្តឹង​អ្នកភូមិ ។​

​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ ធ្លាប់​អះអាងថា ជម្លោះ​ដែល​អូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ ដោយសារ​តែ​ច្បាប់​នៅ​កម្ពុជា​មិន​អាច​ដាក់ទោស​អ្នកមានអំណាច និង​មាន​ប្រាក់​បាន និង​ម្យ៉ាងវិញទៀត​អាច​មាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​នៅ​ពីក្រោយ​ជម្លោះ​នេះ ។

យ៉ាងនេះក្តី ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​នេះ ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច លោកស្រី ស៊ុយ សុផាន បាន​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សភា​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៤ ប៉ុន្តែ​មក​ដល់ពេលនេះ គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ដែល​បាន​សាកសួរ​មិន​ទាន់​ប្រកាស​ថា អាច​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​អគារ​ចំនួន​១០​ជូន​ពលរដ្ឋ​តាម​កិច្ចសន្យា ដើម្បី​បញ្ចប់​ជម្លោះ​ឬ​យ៉ាងណា​នៅ​ឡើង​ទេ ៕

Urban Voice Cambodia

Urban Voice Cambodia