​អគ្គិសនី​កម្ពុជា​ត​បណ្តាញ​អគ្គិសនី​៦​ខណ្ឌ​បន្ថែមទៀត​ជូន​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ​​
Posted On : March, 5, 2015 | By សំឡេងទីក្រុង

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃព្រហស្បតិ៍ ទី5 មិនា 2015| VOD

អគ្គិសនី​កម្ពុជា ឲ្យដឹងថា ខ្លួន​នឹង​ពង្រីក​វិសាលភាព​ជំហាន​ទី​២ ក្នុងការ​ត​បណ្តាញ​អគ្គិសនី និង​ដំឡើង​កុង​ទ័រដល់​បន្ទប់ជួលក​ម្មករទៅ​ខណ្ឌ​៦​ផ្សេង​បន្ថែមទៀត ដើម្បី​ជួយ​ជីវភាព​របស់​ពួកគេ ក្នុង​ការប្រើប្រាស់​អគ្គិសនី​ក្នុងតម្លៃ​ត្រឹម៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ​។

​នេះ​បើ​យោងតាម​លិខិត​ផ្ញើ​ទៅកាន់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​។​

​លោក កែវ រតនៈ បានបញ្ជាក់​ថា ខណ្ឌ​ដែល​នឹង​ត្រូវ​ត​បណ្តាញ​អគ្គិសនី​នោះ រូ​ម​មាន​ខណ្ឌ​សែន​សុខ  ព្រែក​ព្នៅ ពោធិ៍​សែន​ជ័យ ចំការមន ច្បារអំពៅ  និង​ខណ្ឌ​ជ្រោយចង្វារ​។

ដោយឡែក​នៅក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​និង​កំពុង​ពង្រីក​វិសាលភាព​ទៅ​តំបន់​ដទៃ​ទៀត​ផង​ដែរ ដើម្ប​ជួយ​សំរួល​ដល់​ជីវភាពរ​បស់​កម្មករ​-​កម្មការិនី​។ លោក​មានប្រសាសន៍ថា «​ដែល​សំខាន់​ផ្តោត​ទៅ​លើ​កម្មករ​-​កម្មការិនី ផ្ទះជួល​-​បន្ទប់​ជួល ដោយសារតែ​ពួកគាត់​មាន​គ្នា​ច្រើន ហើយ​កន្លងមក​មាន​កា​រ​យក​ថ្លៃ​លើសពី​ម្ចាស់​ផ្ទះជួល មាន​ថ្លៃ​ពី​១០០០​ជាង ទៅដល់​២០០០​ជាង ២៥០០​ក៏មាន ២៦០០​ក៏មាន​»​ ។​

​លោក កែវ រតនៈ បញ្ជាក់ថា បុគ្គលិក​អគ្គិសនី​ដែល​នឹង​ចុះ​បំពេញ​ការងារ​ត​បណ្តាញ​នេះ មាន​ចំនួន ២៤០​នាក់ ចែកចេញ​ជា ៣០​ក្រុម ក្នុង​មួយ​ក្រុម​មាន​គ្នា៨​នាក់ ហើយ​ពួកគេ​នឹង​ទទួល​ពាក្យស្នើសុំ​បន្ត​ចរន្ត និង​ធ្វើ​ការភ្ជាប់​ចរន្ត ​។​

​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរ​នឹង​ផ្តល់​ការ​សហការ​អនុវត្ត​ការងារ​ជំហាន​ទី​២​នេះ​ ។

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C.CAWDU) លោក អាត់ ធន់ បាន​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អគ្គិសនី​នេះ ថា​នឹង​ជួយ​សម្រួល​បន្ទុក​ដល់​គ្រួសារ​របស់​កម្មករ​។ តែ​ទោះ​យ៉ាងណា លោក អាត់ ធន ស្នើ​ឲ្យ​អគ្គិសនី​កម្ពុជា​ធ្វើ​ដោយ​តម្លាភាព​។  លោក​មានប្រសាសន៍ថា «​ចង់បាន​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ហ្នឹង​ធ្វើឲ្យ​តម្លាភាព ហើយ​ឲ្យ​សហជីព​យើង​បាន​ចូលរួម​ក្នុង​ដំណើរការ​ផង ព្រោះ​បើសិនជា​អត់ឲ្យ​យើង​ចូលរួម​ហ្នឹង យើង​គិតថា​អាច​មាន​ចំនុច​ខ្វះខាត​ឬ​មិន​តម្លាភាព​» ​។​

​បើ​តាម​អគ្គិសនី​កម្ពុជា គឺ​ក្នុង​ជំហាន​ទី​១ ការ​ត​បណ្តាញ​របស់​អគ្គីសនី​កម្ពុជា (EDC) និង​ដាក់កុង​ទ័របាន ២៣១៤២ បន្ទប់​ ។ ចំណែក​ប្រតិបត្តិការ​ទី​២​នេះ នឹង​អាច​ឈាន​ដល់​រាប់​ម៉ឺន​បន្ទប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ៕

Urban Voice Cambodia

Urban Voice Cambodia