សាលារាជធានីភ្នំពេញ៖ ស្ពានអាកាសតិចណូសម្រេចបាន៣៥ភាគរយគិត ត្រឹមថ្ងៃទី០៣មេសា២០១៥
Posted On : April, 4, 2015 | By សំឡេងទីក្រុង
ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី4 មេសា 2015, VOD
សាលារាជធានីភ្នំពេញឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរ នៅចំណុចភ្លើងស្តុបសាលាតិចណូ ខ្លួនបានពន្លឿនការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅទីនោះ សម្រេចបាន៣៥ភាគរយហើយ ។
តាមការផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញឲ្យដឹងថា ការងារសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅភ្លើងស្តុបទិចណូ គិតត្រឹមថ្ងៃទី០៣ខែមេសាឆ្នាំ២០១៥នេះ សម្រេចបាន ៣៥% នៃគម្រោង ។ ព័ត៌មាននោះបន្តថា ក្នុងគម្រោងសម្រេចនោះគឺ រៀបចំការិយាល័យ ឃ្លាំងរួចមួយរយភាគរយ បុកគ្រឹះជម្រៅស្ពាន បាន៧៥ភាគរយ បុកគ្រឹះជម្រៅផ្លូវក្រោមដី បាន៨៥ភាគរយ កាយដីផ្លូវក្រោមដីបាន៤៥ភាគរយ ចាក់បេតុងកម្រាលផ្លូវក្រោមដីបាន៤៥ភាគរយ ចាក់ជញ្ជាំងបេតុងផ្លូវក្រោមដីបាន៣៥ភាគរយ ការងារបណ្តាញលូបាន ៣៥ភាគរយ និងការងារផ្លូវពង្រីកបាន៣០ភាគរយ ចំណែកឯការងារជើងតាងសសរ កម្រាលស្ពាននៅមិនទាន់ច្បាប់ផ្ដើមនៅឡើយ ។
សាលារាជធានីភ្នំពេញ បានស្នើសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការរំខាន ដោយសកម្មភាពការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ខណៈការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីកំពុងដំណើរការ ។
ស្ពានអាកាសតិចណូ ជាស្ពានអាកាសទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៤។ ស្ពាននេះ រត់តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។
ស្ពានអាកាសភ្លើងស្ដុបទិចណូនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ត្រួតពិនិត្យបច្ចេកទេសដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលនឹងប្រើរយៈពេលសាងសង់១៦ខែ ដោយតាមគម្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី០៩ មករា ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC ៕