​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ស្នើ​ស្ថានទូត​អាមេរិក​អន្តរាគមន៍​ជួយ​ដោះស្រាយ​​
Posted On : March, 30, 2015 | By សំឡេងទីក្រុង

ដោយ៖​ ​ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី30 មិនា 2015 | VOD

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ប្រមាណ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកនេះ ឲ្យបាន​ឆាប់​។​

​អ្នករងគ្រោះ​ដីធ្លី​ទាំងនោះ​រួមមាន អតីត​សហគមន៍​បឹង​កក់​ដែល​ទទួល​យកសំ​ណងខ្លះ អតីត​បឹងកក់​ដែល​មិន​ទាន់​ទទួលយក​សំណង និង​សហគមន៍​SOS​ ។ ស្ថានទូត និង​ស្ថាប័ន​ដែល​បានដាក់​ញត្តិ​រួមមាន ស្ថាន​ទូ​អាមេរិក សហគមន៍​អឺ​រ៉ុប និង​ធនាគារ​ពិភពលោក​ (World Bank)​ ។​

​តំណាង​អតីត​សហគមន៍​បឹងកក់ អ្នកស្រី សៀ ណា​រ៉េត មានប្រសាសន៍ថា បើ​ទោះ​ជា​គ្រួសារ​រងគ្រោះ​មួយចំនួន​ធ្លាប់​ចរចា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ឡើយ​ ។ អ្នកស្រី​បន្ត​ថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ឃ្លាំមើល និង​បញ្ជាក់​ជំហរ​របស់​ខ្លួន​ចំពោះ​ការរំលោភ​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន​នៅ​បឹង​កក់ ​។ អ្នកស្រី​បន្ត​ទៀត​ថា ចំណែក​ធនាគារពិភពលោក​ត្រូវតែ​តាមដាន​ឃ្លាំមើល​ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល មុន​នឹង​ផ្តល់​ជំនួយ​ដល់​ការសាងសង់​នានា ​។​

យ៉ាងណា​ក៏​ដោយ​មន្ត្រី​ស្ថានទូត​អាមេរិក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ថ្លែងថានឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ​។ ចំណែក​មន្ត្រី​កម្មវិធី​របស់​សហភាព​អឺរ៉ុប លោក សង់ វ៉ាន់​ស៊ី​ង ដែល​ចេញ​មក​ទទួល​ញត្តិ​នេះ​សន្យាថា នឹង​យក​ញត្តិ​របស់​ពលរដ្ឋ​ដាក់​ជូន​ថ្នាក់លើ ​។​

ក្នុង​ពេល​ដាក់​ញត្តិ​នេះ ក៏​មាន​សន្តិសុខ​ខណ្ឌដូនពេញ និង​កងម្លាំងប្រដាប់អាវុធ​ប្រមាណ៥០នាក់ ចូលរួម​ឃ្លាំ​មើល​សកម្ម​ភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

​ប្រជាពលរដ្ឋ​អះអាងថា កាលពី​ឆ្នាំ២០១០ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និង​ក្រុមហ៊ុនស៊ូ​កា​គូ​អី​ន របស់លោក ឡៅ ម៉េង​ឃិន បាន​ដឹកនាំ​កម្លាំង​ចុះ​បូម​ខ្សាច់​ពន្លិច​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពួកគាត់​ចំនួន១៣​គ្រួសារ ដោយ​មិន​ផ្តល់​សំណង​សមរម្យ ៕

Urban Voice Cambodia

Urban Voice Cambodia