​សមត្ថកិច្ច​គ្រោង​ដាក់​កម្លាំង​ការពារ​សន្តិសុខ​រាជធានី​ភ្នំពេញ ជាង​៣​ពាន់​នាក់​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​​
Posted On : April, 9, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, VOD

សមត្ថកិច្ច​ចម្រុះ​ឲ្យដឹងថា នៅ​អំឡុង​ពេល​មុន ​និង​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ កម្លាំង​ការពារ​សន្តិសុខ​ប្រមាណ​ជាង​៣​ពាន់​នាក់ នឹង​ត្រូវ​ដាក់​នៅ​តាម​ច្រក​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុវត្ថិភាព និង​ជួយ​សម្រួល​ការកកស្ទះ​ចរាច​រណ៍ ខណៈ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត​ ។​

​កងកម្លាំង​ចម្រុះ​ទាំងនោះ​រួមមាន កម្លាំង​នគរបាល​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​កងរាជអាវុធហត្ថ ​។​

ប្រធាន​នគរបាល​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​លោក ជាវ ហាក់ ប្រាប់​ VOD​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មេសា​នេះ​ថា នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​១៦​ខាងមុខនេះ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ នឹង​សម្រុក​ទៅ​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា​ ។ លោក​ថា ដោយសារ​ករណី​នេះ ក្រុមការងារ​របស់​លោក គ្រោង​ដាក់​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ចំនួន​២៤០​នាក់ នៅ​ច្រក​ចេញចូល​សំខាន់ៗ​នៅ​រាជធានី​ភ្នំពេញ គឺ​ផ្លូវ​ជាតិ​លេខ​១​ដល់​លេខ​៦ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​កុំឲ្យ​មាន​ការកកស្ទះ និង​ការពារ​កុំឲ្យ​មាន​គ្រោះ​ផ្សេងៗ ។ លោកថា «កម្លាំង​របស់​យើង​ខ្ញុំ​ ប្រើប្រាស់​២៤០នាក់​ដែល​យើង​ត្រៀម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ត្រៀម​ដោះ​បញ្ហាការកកស្ទះ ក៏​ដូច​ជា​ប្រចាំ​បញ្ជា​២៤ម៉ោង លើ​២៤ម៉ោង​នៅ​ពេល​ដែល​មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងផង​ដែរ ដែល​យើងចេញ​អន្តរាគមន៍​» ។

​ចំណែក​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​លោក ខេង ទី​តូ ឲ្យ ​VOD ​ដឹង​នៅ​ថ្ងៃនេះ​ថា កងរាជអាវុធហត្ថក៏​ត្រៀម​ដាក់​កម្លាំង​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ប្រមាណ​៣​ពាន់​នាក់​ដែរ​ ។ តែ​លោក​ថា កម្លាំង​ដែល​ត្រូវ​ដាក់​នោះ​រួមមាន នៅ​តំបន់​គេហដ្ឋាន​ថ្នាក់ដឹកនាំក្បែរ​ស្ថានទូត​នានា នៅ​តាម​រមណីយដ្ឋាន និង​កម្លាំង​ល្បាត ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ករណី​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​ ។ លោក​មាន​ប្រសាសន៍​ថា «យើង​ដាក់​នៅ​គ្រប់​ទី​កន្លែង​ ដែល​មាន​ប្រជាពលរដ្ឋ​ពលរដ្ឋ​តែង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បុណ្យ​ ហើយ​និង​កន្លែង​ដែល​ប្រជាពលរដ្ឋនាំ​គ្នាទៅ​កម្សាន្ត​ ។ ជាពិសេស​នៅ​តាម​ដង​ផ្លូវសំខាន់​ៗ ហើយ​និង​តាម​គេហដ្ឋាន​របស់​ថ្នាក់​ដឹក​នាំ ស្ថានទូត និងក្រុម​ហ៊ុន ហើយ​មាន​មួយ​ចំនួន(សមត្ថកិច្ច)គាត់​ល្បាតនៅតាម​ដង​ផ្លូវ ក្រែង​មាន​ករណី​ឆក់​ប្លន់​អី​ហ្នឹង​» 

​យ៉ាងណា​ក៏​ដោយ​លោក ខេង ទី​តូ បញ្ជាក់ថា កងកម្លាំង​ទាហាន និង​កងកម្លាំង​នគរបាល ក៏​ត្រូវ​បាន​ពង្រាយ​នៅតាម​ច្រក​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​ ។​

​អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា​លោក សន ជ័យ យល់ថា កម្លាំង​សន្តិសុខ​ដែល​សមត្ថកិច្ច​ចម្រុះ​ត្រៀម​ដាក់​ពង្រាយ​នៅតាម​ច្រក​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​នោះ​សមល្មម ដើម្បី​ជួយ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ​។ តែ​លោក​បញ្ជាក់ថា កងកម្លាំង​ទាំង​នោះ ត្រូវធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​សកម្ម​បន្ថែមទៀត ដើម្បី​ការពារ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចៀសវាង​កុំឲ្យ​មាន​ចោរ​លួច​គាស់ និង​មាន​អគ្គិភ័យ​កើតឡើង​ ។ លោកថា«យើង​ឃើញ​មាន​បញ្ហា​អសន្តិសុខ ដូច​ជា​រឿង​ចោរ​គាស់​ផ្ទះ បញ្ហា​ផ្សេងៗមាន​ការ​កើន​ឡើងច្រើនដែរ ។ យើង​ចង់​ឃើញ​ទិដ្ឋភាព​រួម​មួយ គឺ​កា​រ​ការពារសុខ​សុវត្ថិភាពរបស់​ពលរដ្ឋ កុំ​ឲ្យ​ឃើញ​តែ​សាច់​ដុំ​ធំ​ ប៉ុន្តែ​ទី​បញ្ចប់​ឃាតកម្ម​អត់​មាន​ នោះ​ក៏​ចំនុច​មួយ​ដែល​នាំ​ឲ្យ​អាម៉ាស់​ដែរ» ។

សមត្ថកិច្ច​ចម្រុះ​ឲ្យដឹងទៀតថា កាល​ពី​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៤ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់កម្លាំង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​នេះ​ដែរ ខណៈ​ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​៣២៤០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​៕

Urban Voice Cambodia

Urban Voice Cambodia