​រដ្ឋាភិបាល​ព្រមាន​សើរើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​​
Posted On : February, 12, 2015 | By សំឡេងទីក្រុង

ដោយ៖​ ថោ ស៊ីណា និង អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015, VOD

​រដ្ឋាភិបាល​ព្រមាន​សើរើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី ដោយ​ផ្ទេរ​មុខងារ​គ្រប់គ្រង​ការផ្តល់​សេវា​ប្រមូល និង​ដឹក​ជញ្ជួន​សំរាម​នេះ ទៅឲ្យ​រដ្ឋបាលខ​ណ្ឌមួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួលខុសត្រូវ​ជំនួស​វិញ ។

​របាយការណ៍​ប្រជុំ​អន្តរក្រសួង​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ស៊ិន​ទ្រី ថា​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រតិ​ប​ត្ត​ការ​របស់​ខ្លួន​ក្នុង​ការប្រមូល និង​ដឹកជញ្ជូន​សំរាម កាក​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យស្រប​តាម​ស្ថានភាព​រីកចម្រើន​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ជា​រដ្ឋាភិបាល​បានទុ​រយៈពេល​មួយឆ្នាំឲ្យ​កែលម្អ​ការគ្រប់គ្រង​សំរាម​របស់​ក្រុមហ៊ុន​នេះ​ក៏​ដោយ ។​

​របាយការណ៍​លើកឡើង​ទៀតថា នៅ​ពេល​ក្រុមហ៊ុន​ស៊ិន​ទ្រី​មិន​បាន​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា​នេះ រដ្ឋាភិបាល​នឹង​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេង​មាន​លទ្ធភាព​ដេញថ្លៃ​ប្រមូល​សំរាម​នេះ ។​

​ឆ្លើយតប​ទៅនឹង​ការព្រមាន​នេះ អគ្គនាយករង​ក្រុមហ៊ុន​ស៊ិន​ទ្រី លោកស្រី សេង សូ​រី​ដា មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​ធ្វើការ​អស់​សម្ថ​ភាព​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល តែ​បញ្ហា​ដែល​យឺតយ៉ាវ​ក្នុង​ការប្រមូល​សំរាម​នោះ​មក​ពី​ការកក់ស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង​និង​កន្លែង​ចាក់សំរាម​នោះ មានតែ​មួយ​ហើយ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ថែម​ទៀត ។ លោក​ស្រី​ថា «​កន្លងមក​ក្រុមហ៊ុន​បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ដើម្បី​រៀបចំ​កន្លែង​ផ្ទេរ​សំណល់ ព្រោះ​យើង​មិន​អាច​ចេះ​តែ​ដឹង​ប្រមូល ហើយ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​តែមួយ​នៅ​ជើងឯក​ហ្នឹង​កើត​ទេ​» ។​

​លោកស្រី​បន្ត​ថា ដើម្បី​បំពេញ​តាម​កិច្ចសន្យា​បាន​ពេញលេញ​នោះ ទាល់តែ​មាន​ការសហកា​រ ពី​រដ្ឋាភិបាល​ដើម្បី​សម្រួល​បញ្ហា​មួយចំនួន​ដែល​បាន​លើកឡើង​នោះ ។​

​លោក សន ជ័យ តំណាង​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូ​ពា៍ និង​ប៉ា​ស៊ី​ហ្វិ​ច ប្រចាំ​កម្ពុជា យល់ថា រដ្ឋាភិបាល​ហាក់​គំរាម​លុប​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នេះ ប៉ុន្តែ​លោក​ថា​គួរតែ​សិក្សា​បញ្ហា​របស់​ក្រុមហ៊ុន​នោះ​ជាមុនសិន ។​

​បើ​តាម​លោក សន ជ័យ ប្រសិន​រដ្ឋាភិបាល​ផ្ទេរ​ការគ្រប់គ្រង​និង​ដឹក​ជញ្ជូន​សំរាម​ទៅ​សាលា​ខណ្ឌ​នី​មួយៗ​ធ្វើ​កិច្ចការ​នេះ​ជំនួស​វិញ លោក​មិន​មាន​ជំនឿ​ថា​នឹង​អាច​ធ្វើបាន​ដូច​ក្រុមហ៊ុន​ឡើយ ហើយ​រឹតតែ​ធ្វើអោយ​មាន​ភាព​កង្វក់​ដល់​ក្រុង​ភ្នំពេញ​ជាង​ពេល​នេះ​ទៀត ។ លោក​ថា «​សព្វ​ថ្ងៃ​មន្ត្រី​ផ្តល់​សេវា នៅ​ថ្នាក់​រាជធានី​ក្នុង​ខណ្ឌ សូម្បី​តែ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​យឺតយ៉ាវ មិន​គ្រប់គ្រាន់ ខ្វះ​បច្ចេកទេស អ៊ីចឹង​ខ្ញុំ​មិន​ជឿ​ទាល់តែ​សោះ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​ប្រមូល​សំរាម​»។​

ក្រុម​ស៊ិន​ទ្រី​បានទទួល​សិទ្ធិផ្តាច់មុខ ក្នុង​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​ឆ្នាំ​មកហើយ ។​

ការយឺតយ៉ាវ​នៃ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​កន្លងមក ដោយសារតែ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ហើយ​ពេលនោះ​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​សេវា​នេះ​ថា មិន​ឆ្លើយតប​ទៅ​នឹង​ការបង់​សេវាកម្ម​ប្រមូល​សំរាម​ដែល​ពលរដ្ឋ​បង់​ឲ្យ​ប្រចាំ​ខែ​យ៉ាង​ទៀតទាត់​នោះ ៕

Urban Voice Cambodia

Urban Voice Cambodia