​រដ្ឋាករទឹក​បំភ្លឺ​លើ​ការ​ចោទថា​ប្រើ​ធាតុគីមី​ខុស​បច្ចេក​ទេស​ប៉ះពាល់​សុខភាព​​
Posted On : March, 18, 2015 | By សំឡេងទីក្រុង

ដោយ៖​ អ៊ឹង ប៊ុនថន VOD សំលេងប្រជាធិបតេយ្យ​​ | ថ្ងៃពុធ ទី18 មិនា 2015, 10:47 AM​

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បំភ្លឺ​ចំពោះការ​ចោទថា ទឹកស្អាត​នៅ​ភ្នំពេញប្រើ​ខុស​បទដ្ឋាន​បច្ចេកទេស​ដាក់​ឲ្យ​ដេញថ្លៃ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​មួយ​ឈ្មោះ Fresh News​ ។​

Fresh News បាន​ផ្សាយ​ថា នៅក្នុង​រយៈពេល​១​ឬ​២​ឆ្នាំកន្លងទៅនេះ អង្គភាព​រដ្ឋាករទឹក​បាន​ឃុបឃិត​គ្នា​ប្រើប្រាស់​ថ្នាំសម្រាប់​លាយ​ធ្វើឲ្យ​ ទឹក​ថ្លា មាន​កម្លាំង​ខ្លាំង ដែល​ជា​ដើម​ចម​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ដោយ​មិន​ដឹង​ ខ្លួន ​។​

លិខិត​មិត្តអ្នក​អាន​ដែល ​Fresh News បាន​ផ្សាយ​បន្តថា​ «​ទឹក​ថ្នាំ PAC (Poly Aluminum Chloride) សម្រាប់​យក​មក​លាយ​នៅក្នុង​ទឹក​ធ្វើឲ្យ​ទឹក​ថ្លា ដោយ​នៅ​ពេល​ដេញថ្លៃ គេ​បាន​កំណត់​យក​ប្រភេទ​ថ្នាំ Iron (Fe) 0.008% ដែល​មាន​កំរិត​កាត់​តិច (​កាត់​ទឹកឲ្យថ្លា​) ដើម្បី​ដាក់​លាយ​នៅក្នុង​ទឹក កុំឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នកប្រើ​ប្រា​ស់ ។ ប៉ុន្តែ​ក្រោយពី​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ផ្គត់ផ្គង់​បាន ហើយ​ក្រុមហ៊ុន​ធ្វើ​ការផ្គត់ផ្គង់​ថ្នាំ​ខាងលើ​មកឲ្យ​ខាង​រដ្ឋាករទឹក គឺ​ក្រុមហ៊ុន​បែរជា​យក​ប្រភេទ​ថ្នាំ Iron (Fe) 0.3 % ដែល​មាន​កម្លាំង​ជាតិ​កាត់​ខ្លាំង មក​ផ្គត់ផ្គង់​ឲ្យ​អង្គភាព​រដ្ឋាករទឹក ដោយ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ដាក់​ឲ្យ​ដេញថ្លៃ​នោះទេ​» ​។

​លិខិត​នោះ​ចោទ​ទៀតថា «​មន្ត្រី​អង្គភាព​ដែល​ត្រូវរ៉ូវ និង​ឃុបឃិត​គ្នា មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះឡើយ គឺ​ទទួល​យក​មក​ប្រើប្រាស់​តែម្តង ដែល​អំពើ​ឃុបឃិត​គ្នា​នេះ​បាន​ធ្វើឲ្យ​គេ​ដឹងថា ពួកគេ​បាន​សល់​ប្រាក់​លម្អៀង​ពី​ការផ្គត់ផ្គង់​ថ្នាំ​ខុសពីគម្រោង​ដេញថ្លៃ​ ខាងលើនេះ ប្រមាណ​ជិត២០​ម៉ឺន​ដុល្លារ​ឯណោះ ព្រោះថ្នាំ​ដែលមាន​ជាតិ​កាត់ Iron (Fe) 0.008 % វា​មាន​តម្លៃ​ថ្លៃ​ជាង​ថ្នាំ​ដែល​មាន​ជាតិ​កាត់ 0.3%» ។​

ឆ្លើយតប​នឹង​ការ​ចោទ​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ចេញ​លិខិត​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មីនា​នេះ​ថា ការផ្សាយ​នោះ «​គឺជា​ការមូល​បង្កាច់ បំផ្លើស និង​មានបំណង​បង្កចលាចល​ក្នុងសង្គម ដោយ​ពិតប្រាកដ​» ​។​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញបាន​ហៅ​ការចោទ​នោះ​ថា មកពី​មាន​ការ​ថ្នាំងថ្នាក់​ពី​បុគ្គល​មួយចំនួន​ ដែល​ត្រូវ​បាន​រដ្ឋាករទឹក​ប្រកាស​លុប​ការដេញថ្លៃ​នោះ​ ។ រដ្ឋាករទឹកអះអាងថា ចំណែក​ «​ដែក​តិច​ឬ​ច្រើន មិន​កំណត់​ការ​កាត់​ខ្លាំង​ឬ​ខ្សោយ​ក្នុង​ការសម្អាត​ទឹក​ដូច​ដែល​ជនខិលខូច​អះអាង​នោះ​ទេ​» ។​

​ចំពោះ​ការ​ចោទថា រដ្ឋាករទឹកបាន​ប្តូរ​មក​ប្រើ​ប្រភេទ​ថ្នាំ Iron (Fe) 0.3 % ដែល​មាន​តម្លៃថោក តែ​ប៉ះពាល់​ដល់​សុខភាព​ជាង​ការប្រើ​ប្រភេទ​ថ្នាំ Iron (Fe) 0.008 % ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នោះ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បដិសេធ​បកស្រាយ​តាម​ទូរសព្ទដោយ​ស្នើឲ្យ ​VOD ​ទៅ​ជួប​ផ្ទាល់ ​។​

​លោក​មានប្រសាសន៍ថា ​«​អញ្ជើញ​មក​មើល​ឯកសា​រថា អាហ្នឹង​ជា​ស្អី​? ព្រោះ​យើង​មាន​ឯកសារ​បទដ្ឋាន​ច្បាស់លាស់ មិន​ដូច​ថា អាហ្នឹង​កាត់​តិច [​ឬ​]​កាត់​ខ្លាំង មិនមែន​ជា​រឿង​ហ្នឹង​ទេ​» ​។​

​បើ​តាម​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កាលពីមុន​តែង​ប្រើ​សាច់ជូដោយសារ​មាន​តម្លៃ​ទាប ប៉ុន្តែ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ក្នុង​ករណី​គេ​ដាក់​លើស​កំណត់ គឺ​មាន​សំណល់​អាលុយមីញ៉ូម​ក្នុង​ទឹក​ ។ រដ្ឋាករទឹកអះអាងថា ក្នុង​ពិភពលោក​បាន​បែរ​ទៅ​ប្រើ Poly Aluminum Chloride (PAC) ជា​យូរ​មក​ហើយដោយ​មាន​លទ្ធភាព​ផលិត​ក្នុងស្រុក ​៕

 

Urban Voice Cambodia

Urban Voice Cambodia