​រដ្ឋសភា​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី​មក​នៅត្រឹម៦៥០រៀល​ទូទាំងប្រទេស​​
Posted On : February, 12, 2015 | By សំឡេងទីក្រុង

ដោយ៖​ ទូច សុខា និង​​ឡាយ សា​មាន​ | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015, VOD

គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាលបញ្ចុះ​តម្លៃអ​គ្គិ​ស​នី​នៅ​ទូទាំង​ប្រទេស​កម្ពុជា មក​នៅត្រឹម​៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​លិខិត​ចុះ​ហត្ថលេខា​ដោយ​អនុប្រធាន គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនី​វណ្ណ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​ថាមពល​អគ្គិសនី​ខ្លួនឯង និង​ទិញ​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​លក់​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ក្នុង​តម្លៃ​ខ្ពស់ បើ​ទោះ​ជា​តម្លៃ​ប្រេងឥន្ធនៈ​បាន​ចុះថ្លៃ​ក៏ដោយ ។​

​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា ស្នើ​ថា​តម្លៃ​អគ្គិសនី​គួរ​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​អតិបរមា​៦៥០​រៀល ក្នុង​១​គីឡូវ៉ាត់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

​ទាក់ទង​នឹង​ការលើកឡើង​របស់​គណៈ​កម្ម​ការ​ទី​៥​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ ឌី​ម៉ង់ មានប្រសាសន៍ថា ការអភិវឌ្ឍ​ទៅលើ​វិស័យ​ថាមពល ឬ​ការផ្គត់ផ្គង់​អគ្គិសនី គឺ​ត្រូវការ​ធ្វើ​ផែនការ​វែងឆ្ងាយ ដោយ​ត្រូវ​គិត​គួរ​ពី​តម្លៃ​វិនិយោគ តម្លៃ​ផ្គត់ផ្គង់ និង​តម្លៃ​ចែកចាយ​ជាដើម​។ ​លោកមានប្រសាសន៍​ថា ​«(​តម្លៃ​អគ្គិសនី​)…​វា​មិន​អាច​ដូចដែល​យើង​ស្នើសុំ ឬ​ដូច​តាមចិត្ត​យើង​ចង់​បាន​ទេ វា​ត្រូវ​គិតគូរ​ពី​ការវិនិយោគ លើ​តម្លៃ​ផ្គត់ផ្គង់ លើ​តម្លៃ​ការ​ចែកចាយ​អី​ផ្សេងៗ អញ្ចឹង​ទៅ​នៅពេល​ដែល​រដ្ឋាភិបាល​អាច​ធ្វើការ​ទម្លាក់​តម្លៃ​បាន រដ្ឋាភិបាល​ធ្វើការ​ទម្លាក់​តម្លៃ​ហើយ ដូច​ការប្រកាស​កន្លង​កន្លង​មក​អញ្ចឹង​»​។​

​លោក ស៊ុយ ឌី​ម៉ង់ ឲ្យដឹងទៀតថា ប្រភព​ផ្គត់ផ្គង់​ក្នុង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​មាន​៤ គឺ​វា​រី​អគ្គិសនី ធ្យូង​ថ្ម ទិញ​ពី​ប្រទេសជិតខាង និង​ប្រេងម៉ាស៊ូត​។ លោក​ថា ការផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រេងម៉ាស៊ូត មាន​ចំនួន​តិច​នៅពេលនេះ ដែល​លោក​អះអាងថា ការចុះ​តម្លៃ​ប្រេង​មិនមាន​ឥទ្ធិពល​ខ្លាំង​ដល់​តម្លៃ​ផ្គត់ផ្គង់​អគ្គិសនី​នោះទេ​។ លោក​ថា តម្លៃ​សព្វថ្ងៃនេះ​គឺ​រដ្ឋ​កំណត់​ដល់​ឆ្នាំ​២០១៨ តែបើ​មាន​តម្លៃប្រែប្រួល​ក្រសួង​នឹង​ជូនដំណឹង​ជា​ក្រោយ​ទៀត​។

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​កម្ពុជា លោក ចាន់ សុផល គាំទ្រ​ចំពោះ​ការស្នើ​ឲ្យមាន​ការបញ្ចុះ​តម្លៃ​នេះ ដោយ​លោក​យល់ថា​វា​នឹង​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ អាជីវករ និង​រោងចក្រ​ជាដើម​។ ប៉ុន្តែ លោក មិន​អាច​បញ្ជាក់​ថា ត្រូវ​បញ្ចុះតម្លៃ​បាន​ត្រឹម​កម្រិត​ណា​នោះទេ ដោយ​លោក​ថា​ត្រូវ​សិក្សា​ទៅ​លើ​តម្លៃ​ដើម ថ្លៃ​ផលិត និង​ថ្លៃ​ចែកចាយ ជាមុន​សិន​ទើប​អាច​ដឹង​ថា​បញ្ចុះតម្លៃ​បាន​កម្រិត​ណា​។

​លោក​បន្ថែមថា​ «​អាច​បញ្ចុះ​បាន ប៉ុន្តែ​ក្នុង​កម្រិត​មួយ តើ EDC ហ្នឹង​ចំណេញ​ក្នុង​កម្រិត​ណា ឬក៏​ខាត​ទៅវិញ ឬ​បើសិនជា​ស្រុក​ខ្លះ គេ​មាន​ឆន្ទៈ​ធ្វើ​អ្វី​មួយ​ជា​យុទ្ធសាស្ត្រ​ខាត​បន្តិចបន្តួច​ក៏​គេ​ធ្វើ​ដែរ ឲ្យតែ​មាន​ការរីកចំរើន​ផ្នែក​ផ្សេង​ទៀត លើស​ពី​ការ​ខាត​នៃ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ហ្នឹង​»​។​

​លោក​បន្តថា បើ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ​ធ្វើឲ្យ​អគ្គិសនី​កម្ពុជា​មិន​ចំណេញ ឬក៏​ខាត​បន្តិចបន្តួច គេ​អាច​ធ្វើ​ការថ្លឹងថ្លែង និង​សម្រេចចិត្ត​តែ​បែប​នយោបាយ តែ​លោក​ថា​តាម​ផ្នែក​សេដ្ឋកិច្ច​គេ​នឹង​ពិនិត្យ​ទៅលើ​ផ្នែក​ផ្សេង​ទៀត​ដែល​អាច​ចំណេញ​ពី​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​។

​គួរបញ្ជាក់​ថា​ក្នុង​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា​បាន​កំណត់​តម្លៃ​ជា​៣​បែប គឺ​បើ​ប្រើប្រាស់​មិន​លើសពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ត្រូវ​ចំណាយ​៦១០​រៀល​ក្នុង​មួយ​គីឡូ ។ បើ​ប្រើ​អស់​ចាប់ពី​៥១​ទៅ​២០០​គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ​៧២០​រៀល​ក្នុង​មួយ​គីឡូ និង​លើសពី​២០០​គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ​៨២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ៕

Urban Voice Cambodia

Urban Voice Cambodia