​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី​កំពុង​បំពេញ​នីតិវិធី​តាម​ការចង់បាន​របស់​អាជ្ញាធរ​​
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ដោយ៖​ថោ ស៊ីណា| ថ្ងៃអង្គារ ទី17 កុម្ភៈ 2015 | VOD

ចៅអធិការ​ស្ដីទី​វត្ត​សាមគ្គី​រង្សី​មាន​ដីកា​ថា ព្រះអង្គ​បាន​ដាក់​លិខិត​ទៅ​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​បញ្ជាក់​ឯកសារ​មួយចំនួន មុន​នឹង​ដាក់​ពាក្យសុំ​ត្រា​ស្របច្បាប់​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ធម្មការ តាម​ការតម្រូវ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រួច​ហើយ​។​

​ព្រះ​តេជគុណ ថាច់ ហា​សំអាង មាន​ដីកា​ជាមួយ​VOD​ថា នៅ​ថ្ងៃ​អង្គារ​នេះ​ថា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះអង្គ​បាន​ដាក់​លិខិត​ទៅ​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​បញ្ជាក់​ពី​ភាពស្របច្បាប់​របស់​វត្ត  តាម​ការឲ្យយោបល់​របស់​អភិបាល​រងរា​ជ​ធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​វត្ត​កាលពី ថ្ងៃទី ១០ កុម្ភៈ​កន្លងទៅ​។ ព្រះ​តេជគុណ​មាន​ដីកា​រថា «​ឥឡូវ​អាត្មាភាព​បាន​ធ្វើលិខិត​ហ្នឹង​ដាក់ចូល​សង្កាត់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​ធម្មការ​ហ្នឹង ទទួលស្គាល់​វត្ត​យើង​ជា​វត្ត​ស្របច្បាប់ ដើម្បី​បាន​ត្រា​ប្រើ​»​។​

​ចៅ​សង្កាត់​ស្ទឹងមានជ័យ លោក សឿន សាញ់ បញ្ជាក់ថា លោក​បាន​ទទួល​លិខិត​នោះ​ហើយ ហើយ​លោក​នឹង​បញ្ជូន​ទៅ​ខណ្ឌមានជ័យ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​បោះត្រា​លើ​លិខិត​នោះ មុននឹង​បញ្ជូន​ទៅ​ថ្នាក់​លើ​បន្ត​ទៀត​។​

​អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង សម្តែង​ការ​សាទរ​ដល់​ចំពោះ​ព្រះចៅអធិការ​រង​វត្ត​សាមគ្គី​រង្សី ដែល​រួសរាន់​ដាក់​លិខិត​ទៅ​អាជ្ញាធរ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងឡាយ​ដែល​បានកើត​កន្លងមក​។ ហើយ​ក៏​ចាំតែ​បំពេញ​ភារៈកិច្ច​តាម​តួនាទី​របស់​ពួកគេ​ដែរ​។ លោក​មានប្រសាសន៍ថា «​វត្ត​ហ្នឹង​ក្លាយ​ជា​វត្ត​ស្របច្បាប់​បាន​គាត់​ត្រូវ​ការសុំ​ត្រា ប្រើប្រាស់​ជា​ផ្លូវការ​សំរាប់​វត្ត ចឹង​ត្រា​ហ្នឹង​មិនមែនសុំ​ទៅ​ក្រសួង​ធម្មការ គឺ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​»​។​

​សូមជម្រាបថា អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ បាន​ចុះ​ត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី ហើយ​បាន​រកឃើញថា វត្ត​នេះ​មិនទាន់​ចុះបញ្ជី​ការ​ទៅ​ក្រសួង​ធម្មការ និង​សាសនា និង​ប្រើប្រាស់​ត្រា​មិន​ស្របច្បាប់​ជាដើម ហើយ​អាជ្ញាធរ​តម្រូវ​ឲ្យ​វត្ត​នេះ​ធ្វើ​តាម​ច្បាប់ និង​ឲ្យទៅ​សុំត្រា​ស្រប​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​៕

Urban Voice Cambodia

Urban Voice Cambodia