​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​សែន​សុខ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​តុលាការ​អនុវត្ត​សាលដីកា​ចែក​ដី​​
Posted On : March, 13, 2015 | By សំឡេងទីក្រុង

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី13 មិនា 2015, VOD

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​១៦៣​គ្រួសារ​ក្នុង​ខណ្ឌ​សែន​សុខ ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​សាលដីកា​តុលាការ​កំពូល ក្នុង​ការបែងចែក​ដី​ជូ​ន​ប្រជាពលរដ្ឋ​ទាំង​១៦៣​គ្រួសារ ។​

ការស្វែងរក​អន្តរាគមន៍​នេះ​ធ្វើឡើង បន្ទាប់​ពី​ការចុះអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ត្រូវបាន​ខកខាន ដោយសារ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក អ៊ុក រ៉ាប៊ុន បាន​ចេញខិ​លិ​តមួយ​ច្បាប់​ស្នើ​ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្អាក​ការអនុវត្ត​សាលដីការ​នេះ ។​

​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាង​៣០​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះបាន​យក​ញត្តិ​មក​ដាក់ជូន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អន្តរាគមន៍​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ជាថ្មី ។​

​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី ហួយ តា​រាវី មានប្រសាសន៍ថា ដី​ទំនាស់​នេះ​ដំបូង​ឡើយ​គឺជា​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ។ អ្នកស្រី​បន្ត​ថា ក្នុងការ​កាត់សេចក្តីរ​បស់​តុលារ​ការ​ទាំងបី​ថ្នាក់​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១៦៣​គ្រួសារ​ជា​អ្នក​ឈ្នះក្តី ។​

​អ្នកស្រី​ស្នើឲ្យ​ក្រសួង​កសិកម្ម​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​របស់​ខ្លួន​ទៅលើ​ដី​ទំនាស់​ទាំង ៩៩៩២​ម៉ែត្រក្រឡា ។ អ្នកស្រី​បន្ថែម ​«​ហេតុអ្វី​បាន​ជា​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន មក​ថា​ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ​ទៅ​វិញ បើសិន​ជា​ដី​របស់​រដ្ឋ នៅពេលដែល​ខ្ញុំ​{​ឈ្នះ​រឿង​}​ក្តី ម៉េច​គាត់​មិន​ចេញ​មុខ​មក នៅពេលដែល​យើង​{​ដំណើរការ​រឿង​} ក្តី​ពីដំបូង ចុះ​នៅ​ពេល​ឈូសឆាយ​វិញ​ម៉េច​មិន​ចេញ​មក​ថា​ដី​រដ្ឋ​» ។​

VOD មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន បាន​នៅឡើយ​ទេ ដោយ​ទូរសព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល ។​

​ទោះជា​យ៉ាងណា នៅក្នុង​លិខិតសើ្ន​សុំឲ្យ​ផ្អាក​ការអនុវត្តដី​ការប​ស់​តុលាការ​កំពូល​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក អ៊ុក រ៉ាប៊ុន បាន​លើកឡើង​ថា ដី​ទំនាស់​នោះ​ជា​អតីត​ដី​របស់​នាយកដ្ឋាន​គ្រឿងយន្ដ​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការដោះដូរ​ជាមួយ​ក្រុមហ៊ុន គឹម ហាប់ ជា​ថ្នូរ​នឹង​ការ​សាង​សាង់​អគារ​កម្ពស់​៣​ជាន់​មួយ​ខ្នង នៅ​ក្រសួង​កសិកម្ម ។​

តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គង់ ចំរើន បាន​ចេញ​មក​ទទួល​ញ​តិ​របស់​ប្រជាពលរដ្ឋ និង​សន្យា​បញ្ជូន​ករណី​នេះ​ទៅឲ្យ​អ្នក​ជំនាញ​របស់​ខុទ្ទកាល័យ​ពិនិត្យមើល ។​
​មន្ត្រី​ច្បាប់​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​លោក ណន អូ​នី ដែល​បាន​តាមដាន​ករណីនេះ​យល់ថា ការ​ចេញ​លិខិត​សុំ​ផ្អាក​ការចុះអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល គឺជា​រឿង​មិន​សម​ហេតុផល ដោយ​លិខិត​សុំ​ផ្អាក​ការអនុវត្ត​សាលដីការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ដែល​ចុះ​អនុវត្ត​សាលដីការ ។ លោក​ថា មុន​នឹង​ចុះ​អនុវត្ត​សាលដីការ​នេះ តុលាការ​បាន​ទុក​រយៈពេល​១៥​ថ្ងៃ រួចស្រេច​ទៅ​ហើយ​ដើម្បី​ឲ្យ​ភាគី​ណាមួយ​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​នេះ គឺ​មិនមែន​មក​ជំទាស់​នៅ​ថ្ងៃ​អនុវត្ត​សាលដីកា​នោះទេ ។​

​លោក ណន អូ​នី បន្តថា មាន​ករណី​ដែល​អាច​ផ្អាក​ការអនុវត្ត​សាលដីកា​នេះ​បាន នៅពេលដែល​គេ​មាន​មូលហេតុ និង​មូលដ្ឋាប​ច្បាប់​ពិត​ប្រាកដ ។ លោក​បន្ថែមថា «​កន្លងមក គឺ​មិន​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ក្រសួង​កសិកម្ម​ទេ ហើយ​កន្លងមក​ហេតុអ្វី​ក្រសួង​កសិកម្ម​មិន​ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ហេតុ​អ្វី​ដល់​ម៉ោង​គេ​អនុវត្ត​បែរ​{​ជា​}​យក​លិខិត​ហ្នឹង​មក​បង្អាក់​គេ ។ អញ្ចឹង​ខ្ញុំ​យល់ថា ការសម្រេចចិត្ត​នេះ វា​មាន​ភាពមិនប្រក្រតី​» ។​

​បើ​តាម​លោក ណន អូ​នី បានឲ្យដឹងថា តាម​ការសម្រេច​របស់​តុលាការ​កំពូល ប្រជាពលរដ្ឋ​ទាំង​១៦៣​គ្រួសារ ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នឹង​ត្រូវ​ទទួលបាន​ដី​ទំហំ​៤,២​គុណ​១២​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ​នៅ ៕

Urban Voice Cambodia

Urban Voice Cambodia