​ពលរដ្ឋ​មកពី​ភូមិ​ប្រម៉ា​ខេត្តក្រចេះ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជា​ថ្មី​ឲ្យ​អន្តរាគមន៍​រឿង​ជម្លោះ​ដីធ្លី
Posted On : June, 23, 2015 | By សំឡេងទីក្រុង

ប្រភព៖  VOD  ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី22 មិថុនា 2015

ពលរដ្ឋ​ជាង​៤០​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នាំគ្នា​មក​តវ៉ា និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជា​ថ្មី​នៅ​ព្រឹក​នេះ ដើម្បីឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ជាមួយនឹង​ អាជ្ញាធរ​ខេត្ត​នេះ ។​

​តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ប្រម៉ា លោក អ៊ុក ផល្លី មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត​ក្រចេះ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ នៅពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​ផលដំណាំ​របស់​ពួកគេ ។ លោក​ថា អាជ្ញាធរ​មិន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​មុន​នោះទេ មុននឹង​ធ្វើ​ការឈូសឆាយដី ដែល​លោក​អះអាងថា ពលរដ្ឋ​បានរស់នៅ​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ។​

​លោក អ៊ុក ផល្លី បន្តថា អាជ្ញាធរ​ឈូសឆាយ​យក​ដី​របស់​ប្រជា​ពល​ចំនួន​១៤៤​ហិកតា ទៅឲ្យ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​៣៤​គ្រួសារ​មក​ពី​សហគម​ន៍​៩៩៨​ក្នុង​ លក្ខណៈ​ជា​ដី​សម្បទាន​សង្គមកិច្ច ។ លោក​អះអាង​ទៀតថា អាជ្ញាធរ​មិន​បាន​សន្យា​ផ្តល់​សំណង​ណាមួយ​ដល់​ពួកគាត់​នោះ​ទេ ដោយ​លោក​ថា អាជ្ញាធរ​បែរជា​ប្រាប់​ពួក​លោក​ឲ្យទៅ​រក​កន្លែង​រស់នៅ​ផ្សេង​ទៅវិញ ។​

​បើ​តាម​លោក អ៊ុក ផល្លី ការ​ឡើងមក​តវ៉ា និង​ដាក់​ញត្តិ​ជាថ្មី​នេះ គឺ​ដោយសារ​តែ​រដ្ឋសភា និង​អាជ្ញាធរ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ជូន​ពួកលោក​នៅ​ឡើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បានដាក់​ញត្តិ​នៅ​រដ្ឋសភា​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥ ។ លោក​បន្ត​ទៀត​ថា បើសិនជា​មិន​មែន​ដំណោះស្រាយ​ទាន់ពេល​ទេ ពួកលោក​នឹង​ត្រូវ​ដាច់ពោះ ដោយសារតែ​មិន​អាច​ដាំ​ដុះ​ដំណាំ​ទាន់ពេលវេលា ។

​លោក​បន្ថែម «​ការដោះស្រាយ​ហ្នឹង​ឲ្យ​លឿន ព្រោះ​រដូវ​ជា​រដូវ​ដាំ​ដុះ ប្រជាជន​យើងខ្ញុំ​ដាំ​ស្រូវ ដាំ​អី ព្រោះតែ​ផុតពី​ពីរ​បី​ខែ​ទៅ​ពួក​ខ្ញុំ​អត់​អី​ដាំ​ដុះ ពួក​ខ្ញុំ​ដាច់​បាយ​ហើយ​បង​» ។​

​អ្នកភូមិ​ប្រម៉ា​ម្នាក់​ទៀត​អ្នកស្រី សុវណ្ណ ច្រឹប មានប្រសាសន៍ថា អាជ្ញាធរ​បាន​ធ្វើការ​ឈូសឆាយ​ផលដំណាំ​ក្នុង​ចំការ​របស់​អ្នកភូមិ​រាល់ថ្ងៃ​ ពី​ចំការ​មួយ​ទៅ​ចំការ​មួយទៀត ។ អ្នកស្រី ថា​អាជ្ញាធរ​ខេត្ត​បាន​គំរាម​ចាប់ប្តី​អ្នកស្រី​ដាក់គុក​សម្រាប់​ការត​វ៉ា ។ អ្នក​ស្ត្រី​បន្តថា ដោយសារតែ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​នេះ ធ្វើ​ឲ្យ​អ្នកស្រី​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​កូនៗ​របស់​អ្នកស្រី​មិន​បាន​ទៅ​សាលា​ផងដែរ ។

​អ្នកស្រី​បន្ថែម «​ហើយ​គ្មាន​ស្អី​ទេ​ពូ មើល​ខ្ញុំ​កូនខ្ចី រាល់ថ្ងៃ​សូម្បីតែ​ផ្ទះ​ក៏​ខ្ញុំ​គ្មាន​នៅ​ដែរ នៅតែ​រោង​ចម្ការ ឥឡូវ​ពួកវា​ឈូសឆាយ​អស់ហើយ គ្មាន​ស្អី​នៅ​ទៀត​ទេ ពួក​ខ្ញុំ​បាន​អ្វី​ជាទី​សង្ឈឹម កូន​ដល់​ទៅ​បួន​ប្រាំ​នាក់ ទៅ​រៀន​ក៏​មិន​បាន​រៀន​ទៀត​» ។​

​ក្រុម​ប្រជាពលរដ្ឋ​ឲ្យដឹងថា ជំនួយការ​របស់​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ទទួលយក​ញត្តិ​របស់​ពួកគេ​ហើយ ដោយ​ជំនួយការ​រូបនោះ​បាន​ប្រាប់​ពួកគេ​ថា នៅ​ពេល​លោក អេង ឆៃអ៊ាង ត្រឡប់​ពី​បរទេស​វិញ លោក​នឹង​កោះហៅ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ ដើម្បី​សាកសួរ និង​ធ្វើ​ការដោះស្រាយ​លើ​ករណី​នេះ ។​

​ទាក់ទង​ទៅនឹង​ករណី​នេះ អភិបាលរង​ខេត្ត​ក្រចេះ លោក ខ័ណ្ឌ ចំណាន មានប្រសាសន៍ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា​នេះ គឺជា​ប្រជាពលរដ្ឋ​ដែល​ទើបតែ​មក​ចាប់​ដី​ថ្មី​នៅ​ភូមិប្រ​ម៉ានេះ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​បាន​ចែក​ដី​សង្គមកិច្ច​ដល់​ប្រជ​ពលរដ្ឋ​ខ្មែរ​ ឥស្លាម​៣៤​គ្រួសារ ។ លោក​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​នេះ បាន​មក​ចាប់យក​ដី​ក្នុង​ភូមិប្រ​ម៉ានេះ​នៅ​ចុងឆ្នាំ​២០១៤ ឬ​ដើមឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ ។​

​លោក ខ័ណ្ឌ ចំណាន មានប្រសាសន៍​ទៀត​ថា អាជ្ញាធរខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ដាក់​លិខិត​ទៅ​ថ្នាក់​ ខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្តរ​កដី​សង្គម​កិច្ច​ជូន​ពួកគេ ប៉ុន្តែ​លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ​មិនបាន​ធ្វើ​តាម​នោះ​ទេ ។​

​លោក​បន្ថែ​ «​គាត់​រហូត​មកដល់​ឥឡូវ​គាត់​អត់​ដាក់ តាំងពី​យើង​ចាប់ផ្តើម​ដោះស្រាយ​ជាមួយ​គ្នា​ហ្នឹង​មក យើង​តែងតែ​អប់រំ​គាត់​អញ្ចឹង ឲ្យ​គាត់​ដាក់ពាក្យ​អី​ស្រូល​បួល​មក ដើម្បី​ឲ្យ​យើង​បាន​អត្តសញ្ញាណ ព្រោះ​ថា​អាជ្ញាធរ​រដ្ឋ​យើង​ស្គាល់មុខ​ម៉េច បើ​ថ្ងៃ​នេះ​អ្នក​នេះ​មក ថ្ងៃ​នោះ​អ្នក​នោះ​មក​… ចំណាំ​មុខ​ម៉េច​បាន អញ្ចឹង​បាន​ឲ្យ​គាត់​ដាក់​ពាក្យ​សុំ​ដី​សង្គមកិច្ច​តាម​អាជ្ញាធរ​ដើម បើ​គាត់​ពិតជា​នៅ​ភូមិ​ប្រម៉ា មាន​ស៊ីញ៉េ (​ហត្ថលេខា​) មេភូមិ​ប្រម៉ា មេឃុំ​កំពង់​ដំរី ចៅហ្វាយស្រុក​ឆ្លូង​អញ្ចឹង​ទៅ​» ។​

មន្ត្រី​អង្កេត​ផ្នែក​ដីធ្លី និង​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ ក្រចេះ លោក ឌិន ខន្នី មានប្រសាសន៍ថា មុននឹង​ទៅ​តាំង​លំនៅ និង​ធ្វើការ​កាប់ឆ្ការ​ដី​ធ្វើ​ចម្ការ​នៅ​លើ​ដី​នោះ ប្រជាពលរដ្ឋ​បាន​ទៅ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ។ លោក​អះអាង​ទៀតថា អាជ្ញាធរ​មូលដ្ឋាន​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ធ្វើការ​ កាប់ឆ្ការ​ដី​នោះ​ធ្វើ​ចម្ការ ដោយសារ​ដី​នោះ​ជា​ដី​សម្បទាន​របស់​ភូមិ ៕

Urban Voice Cambodia

Urban Voice Cambodia