​ពលរដ្ឋ​នៅ​ជ្រោយចង្វា​តវ៉ា​ជា​ថ្មី​ទៀត​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​មុន​នឹង​បន្ត​ឈូស​ដី​​
Posted On : មេសា, 29, 2015 | By សំឡេងទីក្រុង

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃពុធ ទី29 មេសា 2015, VOD

​ប្រជា​សហគមន៍​ប្រមាណ​៣០​នាក់ រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​រឿង​ផ្តល់​សំណង​មុន​នឹង​បន្ត​ការ​ឈូសឆាយ ។

​ការតវ៉ា​នេះ​ធ្វើឡើង​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ស្រែ​ចម្កា​របស់​ពលរដ្ឋ​១២​គ្រួសារ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​នៅ​ព្រឹក​នេះ​ទៀត ដោយ​មិន​ជូនដំណឹង​ជាមុន ។​

​លោក សូ សុផាត អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំងបី មាន​សង្កាត់​ព្រែក​តាសេក សង្កាត់​ជ្រោយចង្វា និង​សង្កាត់​ព្រែកលៀប ឲ្យដឹង​កន្លែងត​វ៉ានោះថា ក្រុមហ៊ុន OCIC បាន​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដោយ​ឈូសឆាយ​ដី​របស់​ពួកគាត់ ដោយ​មិន​បាន​ជូនដំណឹង ឬ​ចរចា​ផ្តល់​សំណង​នោះទេ ។ លោក​ថា «​ថ្ងៃនេះ​ខ្ញុំ​មកជួបជុំ​គ្នា​ជំនួសមុខ​ឲ្យ​បងប្អូន​នៅ​ភូមិ​ស្វាយ​ជួរ សង្កាត់​ព្រែកលៀប គឺ​ថា​បងប្អូន​ទាំងអស់​ដែល​មាន​ដីស្រែ​ចម្ការ និង​ដី​លំនៅឋាន​នៅ​តំបន់​អភិវឌ្ឍ OCIC នេះ​ដែល​មិនទាន់​បាន​ការដោះស្រាយ​ពី​ក្រុមហ៊ុន​សូម​ឲ្យ​ក្រុមហ៊ុន​ក៏​ដូច​ជា​សាលាក្រុង មាន​ជំហរ​លើកយក​បញ្ហា​របស់​ពួក​ខ្ញុំ​នេះ មក​ដោះស្រាយ​លើ​តុ ដោយ​ចរចា​គ្នា​ក្នុង​លក្ខណៈ​មួយ​ដែល​មាន​តម្លាភាព​អាច​ទទួលយកបាន​ទាំងអស់គ្នា​» ។​

យោង​លិខិតតវ៉ា​លើក​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី ពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC នៅ​ខណ្ឌ​ជ្រោយចង្វា​នោះ​រួមមាន សង្កាត់​ជ្រោយចង្វា ៤៧​គ្រួសារ សង្កាត់​ព្រែកលៀប ៩០​គ្រួសារ និង​សង្កាត់​ព្រែក​តាសេក ១៨​គ្រួសារ ។​

​មន្ត្រី​ផ្នែក​ច្បាប់​របស់​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណន អូ​នី បាន​ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​ហៅ​សកម្មភាព​របស់​ក្រុមហ៊ុន OCIC ដែល​ឈួសឆាយ​ដី​ដោយ​មិនបា​ន​ជូនដំណឹង ឬ​ចរចា​សំណង​ជា​មុន​នោះ ថា​ជា​រឿង​ល្មើសច្បាប់ ព្រោះ​សកម្មភាព​នេះ​ចាត់​ចូល​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ។ លោក​ថា «​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ ត្រូវបាន​លុប​ដោយ​ខ្សាច់​អស់ហើយ ហើយ​ដី​មួយចំនួន​ក្លាយជា​ផ្លូវ​ទៀត ក៏​ប៉ុន្តែ​សួរ​ថា​តើ​ប្រជាពលរដ្ឋ​បាន​ផល​ពី​ការ​លុប​ហ្នឹង​មក​ឬ​នៅ​? គឺ​អត់​ទាន់​បាន​ទេ ប្រជាពលរដ្ឋ​តែងតែ​តវ៉ា ហើយ​អាជ្ញាធរ និង​ក្រុមហ៊ុន​តែងតែ​សន្យា អ៊ីចឹង​ដើម្បី​ឲ្យ​ដំណោះស្រាយ​ពិតប្រាកដ គឺមាន​តែ​អាជ្ញាធរ និង​ក្រុមហ៊ុន​ទេ ដែលជា​អ្នក​ត្រូវតែ​មាន​ឆន្ទៈ​ពិត​ប្រា​ដក​ដើម្បី​យក​ការ​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​នៅ​លើ​តុ ចៀសវាង​គ្រាន់តែ​យើង​សន្យា ហើយ​ផ្ទុយទៅវិញ យើង​ពន្យា​ពេល ហើយ​យើង​ចេះតែធ្វើ​សកម្មភាព​មកលើ​ប្រជាពលរដ្ឋ នោះ​ហើយ​ដែល​យើង​បង្ហាញ​ពី​ការ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​មកលើ​ប្រជាពលរដ្ឋ​» ។​

​តំណាង​ក្រុមហ៊ុន OCIC លោក សាវិន មិន​បកស្រាយ​លើ​ករណី​នេះ​ទេ ដោយ​លោក​អះអាង​ថា​រវល់​ប្រជុំ ។​

​ដោយឡែក​អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ប្រាប់​តាម​ទូរ​សព្ទ​ថា លោក​បាន​បញ្ជា​កំលាំង​ឲ្យទៅ​បញ្ឈប់​សកម្មភាព​រប​ស់​ក្រុមហ៊ុន​នោះ​ហើយ កាល​ពី​ម្សិញមិញ និង​ព្រឹក​នេះ​ដោយ​លោក​ឲ្យ​ភាគី​ទាំង​ពីរ​បើក​ការចចារ​សិន​។ លោក​ថា«​ព្រឹក​មិញ​គាត់​ទៅ​ដោយសារ​តែ ក្រុមហ៊ុន​ហ្នឹង​មានការ​ឈូសឆាយ​ផ្លូវ ប៉ះពាល់​លើដី​ពួកគាត់ ។ ឥឡូវ​ខ្ញុំ​ក្នុងឋានៈ​ជា​អាជ្ញាធរ​ក៏​សម្របសម្រួល ទី​១ ឲ្យ​គ្រឿងចក្រ​ដកចេញ ហើយ​ឈប់​ធ្វើ ទី​២ ខាង​ក្រុមហ៊ុន​តំណាង​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​ហៅ​បងប្អូន​ដែល​ពាក់ព័ន្ធ​នឹង​ដី​ដោះស្រាយ មក​ដោះស្រាយ​គ្នា​» ។​

​តំណាង​ប្រជាពលរដ្ឋ​ឲ្យដឹងថា ក្រុមហ៊ុន OCIC នេះ​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​៣៨៧​ហិកតា​ក្នុង​ទឹកប្រាក់ ៤៨៦​លាន​ដុល្លារ លើ​ទឹកដី​ជ្រោយចង្វា ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ​ទៅ​ជា​ទីក្រុង​រណប ។ ប៉ុន្តែ​ពលរដ្ឋ​អះអាងថា​នៅ​មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទៀត ដែល​ទទួលរង​ការប៉ះពាល់​ដោយ​ក្រុមហ៊ុន​នោះ​មិនទាន់​ផ្តល់​សំណង​ទេ ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!