img_0126

«​បញ្ហា​ជាច្រើន​»​ដែល​ត្រូវ​ដោះស្រាយ កំពុង​រង់ចាំ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​លោក ឃួន ស្រេង

លោក ប៉ា សុជាតិវង្ស ចូលនិវត្តន៍ លោក ឃួន ស្រេង នឹងចូលកាន់តំណែងជំនួសក្នុងនាមជាអភិបាលរាជធានីភ្នំពេញ។ នេះ គឺជាដំណឹងដ៏គួរឲ្យសាទរ ព្រោះ ពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបានមេដឹកនាំថ្មីរបស់ពួកគេ។
ទន្ទឹមនឹងការសាទរ ពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនកំពុងតែជជែកគ្នាថា តើលោកអភិបាលរាជធានីភ្នំពេញថ្មីអាចដោះស្រាយបញ្ហាមួយចំនួនដែលពួកគេកំពុងប្រឈមបានដែរឬទេ? បញ្ហាសំរាម, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាទឹកលិច,  បញ្ហាចំណត, បញ្ហាចិញ្ចើមផ្លូវ, បញ្ហាការសេពគ្រឿងញៀន, កង្វះខាតបង្គោលភ្លើង, កង្វះខាតភ្លើងស្តុប។ល។ កំពុងរង់ចាំចំណាត់ការរបស់លោកអភិបាលរាជធានីភ្នំពេញថ្មី។

តាមពិតទៅ ក្នុងចំណោមបញ្ហាខាងលើនេះ មានបញ្ហាមួយចំនួនបាន និងកំពុងត្រូវបានដោះស្រាយជាបណ្តើរៗដោយសាលារាជធានីភ្នំពេញ។ ប៉ុន្តែ គ្រាន់តែលទ្ធផលជាក់ស្តែង មើលទៅហាក់បីដូចជាយឺតបន្តិច។ សំណុំរឿងទឹកលិចទីក្រុងភ្នំពេញ ក៏ត្រូវបានសាលារាជធានីភ្នំពេញដោះស្រាយយ៉ាងខ្លាំងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសហការជាមួយដៃគូរអភិវឌ្ឍនានា បើទោះបីជាបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងក៏ដោយក្តី។ កង្វះខាតបង្គោលភ្លើង, កង្វះខាតភ្លើងស្តុប ក៏ត្រូវបានសាលារាជធានីភ្នំពេញ បាន និងកំពុងដោះស្រាយជាដំណាក់កាលដែរ។ ប៉ុន្តែ បញ្ហាមួយចំនួនផ្សេងទៀតដែលប្រឈមខ្លាំងនោះ គឺបញ្ហាសំរាម ចំណត ចិញ្ចើមផ្លូវ កកស្ទះចរាចរណ៍ និងការសេពគ្រឿងញៀន។

បញ្ហាចុងក្រោយនេះ មិនមែនមានន័យថា សាលារាជធានីភ្នំពេញមិនបានដោះស្រាយនោះទេ។ ប៉ុន្តែ ទោះបីជាមានដំណោះស្រាយក៏ដោយ ក៏ទំហំបញ្ហាហាក់បីដូចជានៅធំដដែល។ ពលរដ្ឋនៅទីក្រុងភ្នំពេញទទួលស្គាល់ថា ការដោះស្រាយបញ្ហាគ្រឿងញៀន ឬដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ អាចជាសំណុំរឿងលំបាកដែលត្រូវការពេលវេលា និងថវិកាច្រើន។ តែហេតុអ្វី គេមិនអាចដោះស្រាយរឿងសំរាម រឿងចិញ្ចើមផ្លូវ និងរឿងចំណតបាន?

វិញ្ញាសារខាងលើនេះ ត្រូវបានពលរដ្ឋរាជធានីភ្នំពេញមួយចំនួន កំពុងដាក់ជូនលោកអភិបាលរាជធានីភ្នំពេញថ្មី។ ប្រសិនបើលោកអភិបាលរាជធានីភ្នំពេញថ្មីអាចដោះស្រាយបាន ពេលនោះ ប្រជាប្រិយភាពលោកនឹងកើនឡើងជាក់ជាពុំខាន។ តែប្រសិនបើអ្វីៗមិនត្រូវបានគេធ្វើឲ្យប្រែប្រួល ឬឲ្យប្រសើរឡើងទេនោះ ការរអ៊ូរទាំរបស់អ្នកភ្នំពេញ បានត្រឹមតែរអ៊ូរទាំ ហើយពួកគេនឹងនៅតែបន្តរស់នៅជាមួយបញ្ហាដដែល៕

ប្រភព៖ Thmeythmey 

Leave a Reply