​ដំណើរ​ការ​សាង​សង់​ស្ពាន​អាកាស​សាលា​តិច​ណូ​​សម្រេច​បាន​ប៉ុន្មាន​ភាគ​រយ​ហើយ​?​
Posted On : February, 25, 2015 | By សំឡេងទីក្រុង

ផ្សាយ ថ្ងៃទី25  ខែFebruary  ឆ្នាំ2015, ប្រភព BNEWS

សាលា​រាជ​ធានី​ភ្នំពេញ​ប្រកាស​ពី​​លទ្ធផល​ការងារ​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ត្រង់​​ចំណុច​ភ្លើង​ស្តុប​សាលា​តិចណូ​​ដែល​​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុមហ៊ុន​ OCIC​​ កញ្ចប់​​ថវិកា​​​ចំណាយ​ប្រមាណ ​១៤​លាន​ដុល្លារ​អាមេរិក​​​។

 

តាម​ការ​ផ្សព្វ​ផ្សាយ​​តាម​រយៈ​ហ្វេស​បុក​ផេក​របស់​សាលា​រាជ​ធានី​ភ្នំពេញ​​នា​ល្ងាច​​នេះ​ឱ្យ​ដឹង​ថា ​​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​​ឆ្នាំ​២០១៥​ នេះ​ការ​ដ្ឋាន​​សាង​សង់​ជា​រួម​សម្រេច​បាន ​៣០%​ នៃ​គម្រោងទាំង​មូល​ ​ក្នុង​នោះ​ការ​​រៀប​​ចំ​ការិយាល័យ​ឃ្លាំង​សម្រេច​បាន​ ១០០%​​ ការ​បុក​គ្រឹះ​ជំរៅ​ស្ពាន​ ៦៥%​​ បុក​គ្រឹះ​ជំរៅ​ផ្លូវ​ក្រោម​ដី​ ៥៥% ​ការ​កាយ​ដី​ផ្លូវ​ក្រោម​ដី​ ៤៥%​ ​ការ​ចាក់​បេតុង​កម្រាល​ផ្លូវ​ក្រោម​ដី​១៥%​​  ជញ្ជាំង​បេតុង​ផ្លូវ​ក្រោម​ដី​៥%​ ការងារ​បណ្ដាញ​លូ​២៥%​​​  ការងារ​ផ្លូវ​ពង្រីក​២០%​​  ចំណែក​ការ​កសាង​ជើង​តាង​សសរ​កម្រាល​​ ០​% ។

 

​​នៅ​​ក្នុង​ដំណើរ​ការ​សាង​សង់​នេះ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ការ​រំខាន​ដោយ​សកម្មភាព​ការ​ដ្ឋាន ​និង​ផល​ប៉ះពាល់​ផ្សេងៗ​ផង​ដែរ​​។

 

មក​ដល់​ពេល​​នេះ​រាជ​ធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៣​រួម​មាន​ស្ពាន​ អាកាស​ក្បាល​ថ្នល់​ ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ​ និង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ។

 

ស្ពាន​អាកាស​ក្បាល​ថ្នល់​មាន​ប្រវែង​៣០៨​ម និង​ទទឹង​១៤.២០ ម ​ប្រើ​ប្រាស់​ថវិកា​អស់​ ​៦,០៤៨,៤២៤ ​ដុល្លារ​អាមេរិក(ជាង​៦​លាន​ដុល្លារ​អាមេរិក)​ ប្រើ​រយៈពេល​១២​ខែ​ក្នុង​ការ​សាងសង់​​ ​ហើយ​សម្រាប់​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ​មាន​ប្រវែង​ ​៣៤៥ ម៉ែត្រ​និង ទទឹង​១៥,២ ម៉ែត្រ ​​មាន​កម្ពស់ ៥,៥០ ម៉ែត្រ​ប្រើប្រាស់​ថវិកា​ ​៨​ លាន​៧ សែន​ដុល្លារ​ ចំណែក​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​វិញ​ចំណាយ​ថវិកា​ ​១៩​ លាន​ដុល្លារ​ក្នុង​ការ​សាង​សង់​៕​

Urban Voice Cambodia

Urban Voice Cambodia