​ចាន់ យុត្ថា ៖ ការបាក់ច្រាំងទន្លេ នៅសង្កាត់ច្រាំងចំរេះទី២ បណ្តាលមកពីសកម្មភាពរបស់មនុស្ស បង្ហូរទឹកចូលទន្លេជាប្រចាំ
Posted On : February, 19, 2015 | By សំឡេងទីក្រុង

ប្រភព Fresh News, ថ្ងៃទី ១៩​ កុម្ភៈ ២០១៥

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹងថា ការបាត់ស្រុតដី តាមច្រាំងទន្លេសាប ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវនោះ គឺ បណ្តាលមកពីសកម្មភាពរបស់មនុស្ស ដែលបានបង្ហូរទឹក ជាប្រចាំចូលទៅក្នុងទន្លេ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ តាមដងទន្លេសាប បានបង្ហូរទឹកចូលទៅក្នុងទន្លេជាប្រចាំ ជាហេតុនាំដីសើម រហូតដូច្នេះហើយធ្វើឲ្យ ច្រាំងទន្លេបាក់ស្រុត​តែម្តង។

លោក ចាន់ យុត្ថា បានបង្ហាញពីមូលហេតុថា កត្តានេះក៏បានកើតឡើង ដោយសារតែពុំមានប្រព័ន្ធលូ ត្រូវបានរៀបចំនៅឡើយ ដើម្បីបង្ហូរទឹកតាមផ្ទះរបស់ ប្រជាពលរដ្ឋចាក់ចូលទន្លេ ដូច្នេះលោកបានសំណូមពរ ឲ្យអាជ្ញាធរ និងមន្រ្តីជំនាញលើការងារ ជួយរៀបចំប្រព័ន្ធលូ ជៀសវាង នាំឲ្យមានហេតុការណ៍ បែបនេះកើតឡើងទៀត។

យ៉ាងណាក៏ដោយ លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យមើលភ្លាមៗផងដែរ ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ មានការបាក់ស្រុតដី នៅតាមច្រាំងទន្លេ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាប់រយម៉ែត្រ ប៉ុន្តែមិនបណ្តាលឲ្យមានការ​ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ៕

Urban Voice Cambodia

Urban Voice Cambodia