​គ្រួសារ​ទាហាន​មួយក្រុម​ស្នើ​រដ្ឋសភា​ទប់ស្កាត់​ការបណ្តេញចេញ​ពី​លំនៅឋាន​
Posted On : April, 23, 2015 | By សំឡេងទីក្រុង

ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី23 មេសា 2015 ប្រភពៈ VOD

M-k8_land_issue_150423_-sony--2015-04-23

ពល​រដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី ក្នុង​សង្កាត់​ភ្នំពេញថ្មី មក​ស្វែង​អន្តរាគមន៍​ពី​រដ្ឋសភា កាលពី​ព្រឹកមិញ (រូបថត៖ ទេព សូនី​)

ពលរដ្ឋ​មួយក្រុម​ដែល​អះអាង​ថា ជា​គ្រួសារ​ទាហាន​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​នៅ​ថ្ងៃនេះ ប្រឆាំង​នឹង​ការបណ្តេញចេញ​ពី​លំនៅឋាន ដោយ​ពួកគេ​សំអាងថា បាន​រស់នៅ​លើ​ដី​នោះ​ជាង​២០​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ​នៅត្រឹម​ចុងខែ​មេសា​នេះ ។

​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ប្រាប់​អ្នកសារព័ត៌មាន​មុខ​មន្ទី​រដ្ឋសភា នា​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ពួកគេ​បាន​មក​រស់នៅ​ទីតាំង​ឃ្លាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​១៩៨៨ និង​៨៩ ដោយ​មាន​ការអនុញ្ញាត​ពី​អគ្គមេបញ្ជាការ​របស់ខ្លួន ។​

​ស្ត្រី​អ្នក​តវ៉ា​អះអាង​ទៀតថា នៅ​ពេល​ថ្មីៗ​នេះ ទីចាត់ការ​បច្ចេកទេស​នៃ​អគ្គបញ្ជាការដ្ឋាន បញ្ជា​ឲ្យ​ពួកគេ​ទាំង​៤៨​គ្រួសារ រុះរើ​ផ្ទះ​ចេញ​ដោយ​ទុក​ពេល​ត្រឹម​ថ្ងៃទី​៣០ ខែ​មេសា​នេះ ។​
​ក្រុមអ្នកតវ៉ា​បញ្ជាក់ថា ការតម្រូវ​ឲ្យ​ចាកចេញ​ពី​ទីតាំង​ចាស់​នោះ ពួកគេ​ទទួលបាន​សំណង​៥០០០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ ប៉ុន្តែ​ពួកគេ​ទាមទារ​២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ចេញ​ទៅ​រស់នៅ​កន្លែង​ថ្មី ។​

អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួង​ការពារជាតិ លោក ញាណ ម​នោ អះអាងថា ឃ្លាំង​K8 ជា​ការទទួលខុសត្រូវ​របស់​អគ្គ​ភស្តុភា​នៃ​ក្រសួង​ការពារជាតិ និង​ជំរុញ​ឲ្យទៅ​សួរ​នាយកដ្ឋាន​ជំនាញ​វិញ ។​

VOD មិនអាច​ទាក់ទង​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​បានទេ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ ទូរ​សព្ទ​គ្មាន​អ្នកទទួល ។​

​ប៉ុន្តែ​បើ​តាម​លិខិត​អន្តរាគមន៍​របស់​ប្រធានរដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​ស្នើ​ឲ្យ​ពិនិត្យ​នឹង​ដោះស្រាយ​ករណី​នេះ តាម​ការ​គួរ ដើម្បី​ឲ្យ​ពួកគាត់​បាន​បន្ត​រស់នៅ​ដី​នោះ​តទៅទៀត ឬ​ទទួលបាន​នូវ​គោលនយោបាយ​ដ៏​សមរម្យ​ដែល​ពួកគេ​អាច​ទទួលយកបាន ។​

លិខិត​ផ្ញើជូន​លោក ទៀ បាញ់ របស់​រដ្ឋ​សភា​ដដែលបញ្ជាក់ថា តាម​ការចុះ​អង្គេត​របស់​គណៈកម្ម​ការ​ទី​១រកឃើញថា អ្នក​មាន​ជម្លោះ​នោះ​មាន​ខ្លះ​ជា​ប្រជាពលរដ្ឋ  ខ្លះ​ជា​យោធា  ខ្លះ​ជា​គ្រួសា​យោធា​ពលី និង​គ្រួសារ​យោធិន​ចូលនិវត្តន៍ ។​

លិខិត​ឲ្យដឹង​ទៀតថា គ្រួសារ​ទាហាន​ទាំងនោះ ខ្លះ​បាន​មក​រស់នៅ​ឃ្លាំង​K8 នេះ​នៅ​ឆ្នាំ​១៩៨៨-៨៩ និង​ខ្លះទៀត​នៅ​ឆ្នាំ​១៩៩៣ ៕

Urban Voice Cambodia

Urban Voice Cambodia