២០១៦ មាន​គម្រោង​សង់​ស្ពាន​២ទៀត​កាត់​ទន្លេ​មេគង្គ
Posted On : June, 16, 2015 | By សំឡេងទីក្រុង

ប្រភព៖​ women.open.org.kh

ភ្នំពេញ​៖ មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ កាល​ពី​ថ្មី​ៗ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​សង់​ស្ពាន​ពីរ​កន្លែង​ទៀត​ កាត់​ទន្លេ​មេគង្គ​ ក្នុង​ឆ្នាំ​២០១៦​ ខាង​មុខ​ ។

លោក​ លឹម ស៊ី​ដេនីន​ បាន​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​៖ គម្រោង​សង់​ស្ពាន​កាត់​ទន្លេ​មេគង្គ​​ពីរ​កន្លែង​នោះ​គឺ​ៈ គោល​ដៅ​ទី​១​យើង​បាន​កំណត់​សង់​ស្ពាន​ពី ចំណុច​ស្រុក​ក្រូចឆ្មារ​ ទៅ​ស្រុក​ស្ទឹង​ត្រង់​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចរាចរ​ឆ្លង​កាត់​ប្រើ​ ស្រឡាង​នៅឡើយ​ ។ គោល​ដៅទី២​ នៅ​ចំណុច​ផ្លូវ ៦០B  ពី​ក្រ​ចេះ​ទៅ​កំពង់​ថ្ម​ ចាប់​ផ្លូវជាតិ​លេខ​៦ (ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ) ក៏​ប៉ុន្តែ​មន្ត្រី​រុប​នេះ​បាន​ប្រាប់​ថា​ នេះ​ជា​ផែន​ការ​របស់​យើង​ ហើយ​នឹង​ដាក់​សំណើ​ទៅ​ភាគី​ចិន​សម្រាប់​ហិរញ្ញប្បទាន​មក​កម្ពុជា​យើង​។ តែ​អ្វី​ដែល​ជាក់​ស្ដែង​វា​អាស្រ័យ​លើ​ដៃគូ​អភិវឌ្ឍ(ចិន) ទទួល​យក​សំណើ​ឬ​យ៉ាង​ណា ។

ទន្ទឹម​នឹង​នេះ​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំណែក​ស្ពាន​ជ្រោយ​ចង្វា​ទី២​​ដែល​ជា​ជំនួយ​របស់​​រដ្ឋាភិបាល​ចិន​បាន​សង់​ ទន្ទឹម​គ្នា​ជាមួយ​ស្ពាន​ជ្រោង​ចង្វា​​ជា​ជំនួយ​របស់​ជប៉ុន​នោះ គ្រោង​នឹង​សម្ពោធ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​។

ជាមួយ​គ្នា​លោក​បាន​និយាយ​ថា​ ប្រទេស​ចិន​បាន​សង់​ស្ពាន​ធំៗ​វែងៗ​ឆ្លង​កាត់​ទន្លេ​មេគង្គ​បាន​ច្រើនជាង​គេ ​ ដូចជា​ស្ពាន​សេកុង ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ស្ទឹង​ត្រែង​​ ស្ពាន​ព្រែក​តាមាក់ ស្ពាន​ ជ្រោយ​ចង្វា​ និង​ស្ពាន​តាខ្មៅ  រួម​ទាំង​កសាង​ផ្លូវជាតិ​​រាប់​បាន់​ម៉ែត្រ​ថែម​ទៀត​ផង​។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ទៅលើ​ការ​ទទួល​បាន​ស្ពាន​ច្រើន​ ផ្លូវ​ថ្នល់​កាន់​តែ​វែង​រាប់​ពាន់​គីឡូ​ម៉ែត្រ​នោះ​គឺ ការ​បំផ្លាញ​ស្ពាន​ឲ្យ​បាក់​និង​ការ​កម្ទេច​ផ្លូវ​ឲ្យ​ខូច​ ដោយសារ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ពីសំណាក់​ឈ្មួញ​ដឹក​ជញ្ជូន​ដែល​ជា​ជន​ពាល ​គ្មាន​គិត​ពី​ប្រយោជន៍​ជាតិ​ជាធំ​។

បច្ចុប្បន្ន​នេះ​មន្ត្រី​សាធារណការ​កំពុង​ រិះគន់​ថា​នឹង​ដាក់​សំណាញ់​ចាប់​ស្ទាក់​អ្នក​ដឹក​លើស​ទម្ងន់​ណា​បំផ្លាញ​ ស្ពាន​ធំៗ​មុនគេ​ដើម្បី​ស្រប​តាម​ច្បាប់​ផ្លូវ​ថ្នល់​និង​ ច្បាប់​ចរាចរណ៍​ ។ ក្នុង​នោះ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​បង្កើត​ឲ្យ​បាន​ដាក់​ជញ្ជីង​អចល័ត​ឲ្យ​ បាន​ ៣៥ កន្លែង​ថែមទៀត​នៅ​ទូទាំង​ប្រទេស ៕​

Urban Voice Cambodia

Urban Voice Cambodia