ឱ​ភ្នំពេញ​អើយ! គួរ​គិត​ឡើង​វិញ​ពី​ការ​អភិវឌ្ឍ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន
Posted On : July, 24, 2014 | By សំឡេងទីក្រុង

ភ្នំពេញប៉ុស្តិ៍, Mon, 7 July 2014

flood

ទីក្រុង​ភ្នំពេញ​ដែល​ជា​ទីក្រុង​គជ់​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​ទន្លេ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ ហុង មិនា

ឱ​ភ្នំពេញ​អើយ! គឺជា​បទ​ចម្រៀង​ដ៏​ស្រងេះ​ស្រងោច​មួយ​ដែល​ត្រូវ​បាន​និពន្ធ​ឡើង​កាល​ពី​ដើម​ ទសវត្សរ៍ ១៩៨០ ដោយ​លោក កែវ ចិន្តា អតីត​អភិបាល​ក្រុង​ភ្នំពេញ។ វា​ជា​ចម្រៀង​មួយ​ដែល​បាន​រៀប​រាប់​ពី​ជីវិត​ជូរ​ចត់ និង​មនោ​សញ្ចេតនា​ចំពោះ ទីក្រុង​ភ្នំពេញ ដែល​ជា​រាជធានី​របស់​កម្ពុជា ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ដែល​នៅ​ក្នុង​សម័យ​នោះ​ភ្នំពេញ បាន​ក្លាយ​ជា​ទីក្រុង​ខ្មោច​ដោយ​មាន​ផ្ទះ​តែ​គ្មាន​មនុស្ស​នៅ និង​មាន​ផ្លូវ​តែ​គ្មាន​មនុស្ស​ដើរ។

ជាង​សាម​សិប​ឆ្នាំ​ក្រោយ​ប្រជាជន​ដែល​រស់​នៅ​ភ្នំពេញ​នៅ​តែ​ច្រៀង​បទ​ខាង ​លើ​ដដែល។ ប៉ុន្តែ​នៅ​ពេល​នេះ ចម្រៀង​នេះ​មិន​មែន​រៀបរាប់​អំពី ទីក្រុង​ភ្នំពេញ ដែល​មាន​ផ្ទះ​ឥត​មនុស្ស​នៅ និង​មាន​ផ្លូវ​ឥត​មនុស្ស​ដើរ ដូច​កាល​ពី​សម័យ​មុន​ឡើយ។ តែ​ជា​ទុក្ខ​ព្រួយ​ដែល​កើត​ឡើង​ដោយ​សារ​ផ្លូវ​ដែល​កក​ស្ទះ​ចរាចរណ៍ ដីហុយ គ្រោះថ្នាក់​ចរាចរណ៍ សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​លិច​ទឹក​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ដែល​ផ្ទះ​សំបែង និង​កន្លែង​ធ្វើ​ការ​របស់​ប្រជាជន​ខ្លះ​ត្រូវ​ទឹក​ស្អុយ​ហូរ​ចូល កន្លែង​លិច​ទឹក​ខ្លះ​មាន​ជម្រៅ​អាច​ហែល​បាន ។ល។

ការ​លិច​ជំនន់​ទឹក​ភ្លៀង​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​កំពុង​តែ​ប៉ះពាល់​ ដល់​សុខុមាល​ភាព និង​ការងារ​របស់​ប្រជាជន​រស់​នៅ​ភ្នំពេញ។ មូល​ហេតុ​ចម្បង​នៃ​ការ​លិច​ជំនន់​ទឹក​ភ្លៀង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បណ្តាល​មក​ពី​ប្រព័ន្ធ​បង្ហូរ​និង​អាង​ស្តុក​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ ផ្លូវ និង​លំនៅដ្ឋាន​របស់​ប្រជាជន​មិន​ល្អ​ស្ទះ ឬ​ត្រូវ​បាន​គេ​ចាក់​ដី​បំពេញ​ជា​ពិសេស​គឺ​ការ​ចាក់​ដី​លុប​បឹង និង​ផ្លូវ​ទឹក​ទាំង​ឡាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់​ជា​អាង​ស្តុក​ ទឹក​និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​បែប​ធម្មជាតិ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ។

តាម​ពិត​ទៅ​វត្តមាន​បឹងបួរ និង​ប្រឡាយ​ទាំង​ឡាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​ទីក្រុង​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ និង​ឥត​ប្រយោជន៍​ឡើយ។ បឹង​ទាំង​នោះ​ខ្លះ​ជា​បឹង​ធម្មជាតិ ហើយ​ខ្លះ​ទៀត​គឺ​ជា​បឹង​ដែល​ត្រូវ​បាន​គេ​ជីក​បង្កើត​ឡើង​ដើម្បី​ទប់​ទល់ និង​រំដោះ​ទឹក​ជំនន់ ពីព្រោះ​ទីតាំង​ភូមិសាស្ត្រ​នៅ ភ្នំពេញ គឺជា​ដី​ទំនាប​នៅ​ជាប់​នឹង​ដង​ទន្លេ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ និង​ទឹក​ភ្លៀង។

បឹង​ទាំង​នោះ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​នឹង​ទស្សនវិជ្ជា និង​គោល​នយោបាយ​នៃ​ការ​កសាង​រាជធានី​ភ្នំពេញ​ពី​អតីតកាល ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ហាក់​បី​ដូច​ ជា​បំភ្លេច និង​មិន​យក​ចិត្ត​ទុក​ដាក់​ពី​មុខ​ងារ និង​សារៈ​សំខាន់​នៃ​បឹង​និង​ផ្លូវ​ទឹក​ទាំង​នោះ។

ដោយ​សារ​អំពើ​ពុក​រលួយ និង​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន បឹង និង​ផ្លូវ​ទឹក​ទាំង​ឡាយ​នៅ​ក្នុង ទីក្រុង​ភ្នំពេញ និង​តំបន់​ជុំវិញ​ត្រូវ​បាន​បុគ្គល​និង​ក្រុម​ហ៊ុន​ឯកជន​ដោយ​មាន​ការ​ឃុប​ ឃិត​ជាមួយ​សមត្ថកិច្ច​ពុក​រលួយ​បាន​ចាក់​ដី​លុប​ស្ទើរ​តែ​គ្មាន​សល់​ក្រោម​ រូបភាព​នៃ​ការ​អភិវឌ្ឍ។

ការ​អភិវឌ្ឍ​បែប​នេះ​ក៏​ផ្ទុយ​នឹង​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​នៅ ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​អាជ្ញាធរ ទីក្រុង​ហូជីមិញ របស់ វៀតណាម មិន​ត្រឹម​តែ​មិន​លុប​បឹង​នៅ​ក្នុង​ទីក្រុង​របស់​គេ​ទេ ប៉ុន្តែ​គេ​ថែម​ទាំង​មាន​គោល​នយោបាយ​ជីក​បឹង​ថ្មី​ចំនួន ៣០ បន្ថែម​ទៀត​ដើម្បី​បញ្ចៀស​ជំនន់​ទឹក​ភ្លៀង និង ទប់ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

តើ​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​នា​បច្ចុប្បន្ន​ជា​ការ​អភិវឌ្ឍ​អ្វី? ហើយ​ដើម្បី​នរណា? ជា​ការ​ពិត​ការ​អភិវឌ្ឍ​បែប​នេះ​គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ របស់​បុគ្គល​មួយ​ក្រុម​តូច​តែ​ប៉ុណ្ណោះ។ វា​មិន​បាន​គិត​គូរ​ដល់​សុខុមាលភាព សុវត្ថិភាព​និរន្តរភាព និង​ប្រយោជន៍​សាធារណៈ​ជា​ធំ​ឡើយ។ ទង្វើ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ ទីក្រុង​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ស្ថានភាព​គំរាម​កំហែង និង​គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ការ​បាត់​បង់​បឹង​ទាំង​នោះ​បាន​ធ្វើ​ឲ្យ ទីក្រុង​ភ្នំពេញ បាត់​បង់​តុល្យភាព​ធម្មជាតិ (ទឹក ដី ភ្លើង​ខ្យល់) និង​មនុស្ស​ផង​ដែរ ដែល​វា​ប៉ះពាល់​ដល់​សុខមាលភាព​របស់​ប្រជាជន​ដែល​កំពុង​តែ​រស់​នៅ​និង​ សេដ្ឋកិច្ច​ក្នុង​ទី​ក្រុង​នេះ។

ការ​បាត់​បង់​អាង​ស្តុក និង​បញ្ចៀស​ទឹក​ធម្មជាតិ​ក៏​នាំ​ឲ្យ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ ក្នុង​មួយ​ឆ្នាំៗ​លើ​ការ​បូម​ទឹក​កខ្វក់ និង​ទឹក​ភ្លៀង​ចេញ​ពី​លំនៅដ្ឋាន។ ការ​អភិវឌ្ឍ​បែប​នេះ​មិន​ធ្វើ​ឲ្យ ទីក្រុង​ភ្នំពេញ មាន​និរន្តរភាព​ឡើយ ប៉ុន្តែ​អន្តរាយ។

ខ្មែរ​នៅ​សម័យ​អង្គរ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កំពូល​ជាតិ​សាសន៍​ដែល​ពូកែ​គ្រប់​គ្រង​ទឹក និង​ប្រើ​ប្រាស់​ទឹក​ក្នុង​ការ​ធ្វើ​កសិកម្ម​និង​ការ​កសាង​ប្រាសាទ​ជាដើម។ វា​គួរ​ឲ្យ​ខ្មាស​បុព្វ​បុរស​ខ្មែរ​ជំនាន់​មុន​ដែល​ដោយ​សារ​តែ​ការ​លោភ​លន់​ និង​ការ​អភិវឌ្ឍ​ដោយ​គិត​តែ​ផល​ប្រយោជន៍​រយៈ​ពេល​ខ្លី​ខ្មែរ​នៅ​ភ្នំពេញ​ សម័យ​នេះ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​សូម្បី​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង។ សេចក្តី​លោភ​លន់​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ប្រយោជន៍​រយៈ​ពេល​ ខ្លី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​លិច​លង់​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​ខ្មែរ​ទាំង​មូល​អន្តរាយ​ផង​ដែរ។

ដោយ ប៉ា ច័ន្ទរឿន អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ទស្សនវិជ្ជា ការ​អភិវឌ្ឍ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍ និង​សីលធម៌​កម្ពុជា​អ៊ីមែលៈ chanroeunkh@gmail.com

Urban Voice Cambodia

Urban Voice Cambodia