ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាវាគ្មិនក្នុង “វេទិកាពិភាក្សាកម្រិតជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ការអភិវឌ្ឍនៅកម្ពុជា”
Posted On : តុលា, 5, 2016 | By សំឡេងទីក្រុង

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី៖ ការអបអរសាទរខួបឆ្នាំទី៥០ នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតជាសំខាន់លើការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា បញ្ហាប្រឈមនៃការអភិវឌ្ឍរបស់កម្ពុជា និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីក្នុងពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមកនិងកំពុងបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានទទួលស្គាល់តួនាទី និងការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី ដែលបានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ ការដឹកជញ្ជូន និងការធ្វើសមាហរណកម្មនៅកម្ពុជានិងក្នុងតំបន់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីមេរៀន ដែលជាបទពិសោធន៍សំខាន់ៗមួយចំនួន ពីកិច្ចសហប្រតិបត្តិការផ្អែកលើកម្រិតគម្រោងទាក់ទងនឹងការធ្វើផែនការគម្រោង និងការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលក្នុងនោះមានបញ្ហានៃការចំណាយក្រោមការប៉ាន់ស្មាន និងការយល់ឃើញខុសគ្នាអំពីបញ្ហាបច្ចេកទេសចំពោះការសាងសង់ផ្លូវថ្នល់។

លោក បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា និងទំនាក់ទំនងយូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានលក្ខណៈវិជ្ជមានដល់ការអភិវឌ្ឍរបស់កម្ពុជា និងដើម្បីចូលរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនទាក់ទងនឹងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន/ភ័ស្តុភារ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន(CBF) ការធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការថែទាំនិងជួសជុលផ្លូវថ្នល់និងឧបករណ៍បរិក្ខារសម្រាប់ការថែទាំជួសជុល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យពាក់ព័ន្ធ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!