អ្នក​ឡ​ពាង​គ្រោងឡើង​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ភ្នំពេញ​នា​សប្តាហ៍​ក្រោយ​​
Posted On : April, 22, 2015 | By សំឡេងទីក្រុង

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃពុធ ទី22 មេសា 2015, VOD

អ្នក​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភរិយា​លោក ស៊ុយ សែម គ្រោងឡើង​តវ៉ា​ជា​ថ្មី​ទៀត​នៅ​រាជធានី​ភ្នំពេញ ដែល​ពួកគេនិយាយថា ដើម្បី​អំពាវនាវ​ទៅកាន់​ក្រុមហ៊ុន​វិនិយោគ​បរទេស កុំ​មក​ទិញ​ដី​ដែល​កំពុង​មានទំនាស់​នោះ ។​

​តំណាង​ពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង លោក សៀង ហេង ឲ្យ​ VOD​ ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន KDC នឹង​ឡើង​មក​ភ្នំពេញ​ដាក់​ញត្តិ​ទៅ​សភាព​អឺរ៉ុប និង​ស្ថានទូត​ចំនួន​១១ ដើម្បី​អំពាវនាវ​កុំឲ្យ​អ្នកវិនិយោគ​មកទិញ​ដី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច ដែល​កំពុង​មានទំនាស់ ។​

ការ​កម្រើក​តវ៉ា​របស់​សកម្មជន​ដីធ្លី​នេះ ស្រប​ពេល​សកម្មជន​ដីធ្លី​១០​នាក់​នៅ​បឹង​កក់​ត្រូវបាន​ដោះលែង​វិញ បន្ទាប់​ពី​មេដឹកនាំ​បក្សប្រឆាំង និង​លោក ហ៊ុន សែន ល្អូកល្អិន​នឹង​គ្នា ​។​

ប៉ុន្តែ​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ខេត្ត​កំពង់ឆ្នាំង រវាង​ប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ​ឌី​ស៊ី របស់លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និងថាមពល កើត​ឡើង​តាំងពី​ឆ្នាំ​២០០៦ ។ កន្លងទៅ អាជ្ញាធរ​ធ្លាប់​បង្កើតគណៈកម្មាធិការ​ចម្រុះរួមមាន តំណាង​ក្រុមហ៊ុន តំណាង​ពលរដ្ឋ និង​អាជ្ញាធរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ តែ​នៅ​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ ៕

Urban Voice Cambodia

Urban Voice Cambodia