អ្នក​វិនិយោគ​ជប៉ុន​បោះទុន​២​លាន​ដុល្លារ​នឹង​វិនិយោគ​លើ Membership Resort ដំបូង​គេ​នៅ​កម្ពុជា
Posted On : វិច្ឆិកា, 10, 2016 | By Sarim Tith

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

អ្នកវិនិយោគជប៉ុនមកពីក្រុមហ៊ុនជប៉ុន A2A Town Cambodia នឹងបោះទុនប្រមាណ២លានដុល្លារ ដើម្បីសាងសង់ Membership Resort ដែលមានសណ្ឋានស្រដៀងគ្នានឹងសណ្ឋាគារ ឬអាផាតមិនជាលើកដំបូងនៅលើកំពូលភ្នំគីរីរម្យនៅឆ្នាំ២០១៧ខាងមុខនេះ។

លោក តាកេស៊ី អ៊ីហ្សូកា (TAKESHI IZUKA) ប្រធានក្រុមហ៊ុន A2A Town Cambodia បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា Membership Resort ជាគម្រោងតម្រូវឲ្យអ្នកស្នាក់នៅចុះឈ្មោះជាសមាជិក ដើម្បីទិញបន្ទប់រមណីយដ្ឋាននេះក្នុងតម្លៃ២០.០០០ដុល្លារអាមេរិកដែលមានសុពលភាពរយៈពេល៤៥ឆ្នាំ។ អ្នកចូលជាសមាជិកអាចស្នាក់នៅខ្លួនឯង ប៉ុន្តែបើសាច់ញាតិពួកគេចង់ស្នាក់នៅពួកគេត្រូវបង់ប្រាក់មួយយប់ ៣០ដុល្លារ និងត្រូវបង់ប្រាក់៤០០ដុល្លារក្នុងមួយឆ្នាំសម្រាប់សេវាថែទាំអគារ និងបន្ទប់។ លោកបន្តថាការរៀបចំ Membership Resort នេះមានលំនាំជាសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមានការបំពាក់គ្រឿងសង្ហារិមទំនើប ហើយវាមានទីតាំងស្ងប់ស្ងាត់ ព្រោះទីតាំងសណ្ឋាគារនេះ ស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេនៃឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ដែលអ្នកស្នាក់នៅអាចទស្សនាថ្ងៃលិច ឬទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំនេះ។

លោកបន្តថា ៖ «ខ្ញុំឃើញប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពធូរធារមួយចំនួន ពួកគេមិនចង់ស្នាក់នៅទីកន្លែងដែលមានសភាពអ៊ូអរ និងមានក្រុមមនុស្សចម្រុះគ្នាទាំងអ្នកមាននិងអ្នកមានជីវភាពក្រោមមធ្យមនោះទេ ហេតុនេះទើបខ្ញុំវិនិយោគលើ Membership Resort នេះឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកត្រូវការការលំហែ និងត្រូវការសេវាកម្មមានលក្ខណៈឯកជន»។ លោក បន្តថា ៖ «ជាទស្សនទានរបស់គម្រោងនេះ គឺខ្ញុំចង់ឲ្យគ្រប់គ្នាមកទីនេះមានអារម្មណ៍សប្បាយរីករាយ ហើយធ្វើឲ្យពួកគេមានអារម្មណ៍ដូចជាផ្ទះទី២ របស់ពួកគេពេលពួកគេមកកម្សាន្ត និងស្នាក់នៅទីនេះ»។

គម្រោង Membership Resort នឹងចាប់ផ្តើមលក់នៅចុងឆ្នាំនេះ និងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។ គម្រោងនេះនឹងចំណាយរយៈពេលមួយឆ្នាំ ដើម្បីសាងសង់បញ្ចប់និងអាចឲ្យសមាជិកចូលស្នាក់នៅបាន។ ក្នុងជំហានដំបូងក្រុមហ៊ុននឹងសាងសង់បន្ទប់ចំនួន១៨បន្ទប់ ក្នុងជំហានដំបូងដែលអគារនីមួយៗមានកម្ពស់៣ជាន់ និងមានទំហំសរុប៨៥ម៉ែត្រការ៉េ ដែលអាចស្នាក់នៅបានចំនួនបួននាក់ឬច្រើនជាងនេះ។

លោក TAKESHI IZUKA បាន បន្តថា ៖ «ប្រសិនជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ខ្ញុំនឹងពង្រីកគម្រោងនេះបន្ថែមទៀត និងមានតម្លៃខ្ពស់ជាងនេះសម្រាប់ដំណាក់កាលបន្ទាប់»។ លោកបន្តថា ៖ «យើងនឹងសាងសង់ផ្ទះគំរូ ដើម្បីបង្ហាញដល់អតិថិជន ប្រសិនជាពួកគេមិនពេញចិត្ត ក្រុមហ៊ុននឹងធ្វើការរចនារចនាផ្សេងៗពីនោះទៀតតាមការចង់បានរបស់អតិថិជន»៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!