អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​មុខ​ផ្សារ​ទំនើប​អ៊ីអន​តវ៉ា​ជា​ថ្មី​សុំ​ប្រកប​មុខ​របរ​បាន​ដូច​ពី​មុន
Posted On : September, 8, 2014 | By សំឡេងទីក្រុង

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៤

អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​មុខ​ផ្សារ​ទំនើប​អ៊ីអន (AEON) ដែល​ទើប​បង្កើត​ថ្មី ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ផ្សារ​ជា​ថ្មី​ទៀត សុំ​ការ​ជួយ​អន្តរាគមន៍​ពី​តំណាង​ផ្សារ និង​អាជ្ញាធរ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ប្រកប​មុខ​របរ​បាន​ដូច​ពី​មុន។

អ្នក​ចូលរួម​ការ​តវ៉ា​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា មូលហេតុ​ចម្បង​ដែល​ឈាន​ដល់​ការ​តវ៉ា​នេះ ដោយសារ​តែ​មាន​សមាគម​ថ្មី ដែល​មាន​ការ​អនុញ្ញាត​ពី​ផ្សារ អ៊ីអន មក​ទទួល​ខុស​ត្រូវ​ដឹក​ភ្ញៀវ​ជំនួស​ពួក​គេ។ អ្នក​តវ៉ា​បាន​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​ចង់​រក​ស៊ី​ប្រកប​របរ​នៅ​មុខ​ផ្សារ អ៊ីអន ដដែល ត្រូវ​ចូល​ក្នុង​សមាគម​របស់​គេ។ ហើយ​ការ​ចូល​សមាគម ពួក​គេ​ត្រូវ​បង់​កម្រៃ​យ៉ាង​ច្រើន​រហូត​ដល់​រាប់​រយ​ដុល្លារ​អាមេរិក​ក្នុង ​មួយ​ឆ្នាំ។

មន្ត្រី​តស៊ូ​មតិ​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ឡុង វុទ្ធី ដែល​ឃ្លាំ​មើល​ការ​តវ៉ា​នៅ​ព្រឹក​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ គឺ​ជា​ក្រុម​អ្នក​រត់​ម៉ូតូ​សហគមន៍​ដែល​បាន​ប្រកប​របរ​នេះ តាំង​ពី​ផ្សារ​អ៊ីអន កំពុង​សាងសង់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​តវ៉ា​របស់​ពួក​គេ ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក ដល់​ម៉ោង ១​រសៀល មិន​មាន​ខាង​តំណាង​ផ្សារ និង​អាជ្ញាធរ​ចូលរួម​ដោះស្រាយ​ឡើយ។ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំង​នោះ នឹង​បន្ត​ការ​ទាមទារ និង​ការ​តវ៉ា​ទៀត រហូត​ដល់​ពេល​មាន​ដំណោះស្រាយ៕

Urban Voice Cambodia

Urban Voice Cambodia