4b484ce8-1165-444d-a3a6-8ae2ab6b23b9

អ្នក​ប៊ូឌីង​រីករាយ​សហការ​នឹង​អាជ្ញាធរ​ចុះ​ស្រង់​មតិ​ពី​ការ​អភិវឌ្ឍ​អគារ​នេះ​នៅ​ដើម​ខែ​ក្រោយ

ពលរដ្ឋរស់នៅលើអគារសប៊ូឌីងសាទរចំពោះគម្រោងរបស់អាជ្ញាធររដ្ឋាភិបាល ដែលនឹងចុះជំរឿននៅដើមខែធ្នូ ធ្វើឯកសារវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិផ្ទះសម្បែងរបស់ពួកគេ មុននឹងចាប់ផ្ដើមអភិវឌ្ឍអគារចំណាស់នេះនៅដើមឆ្នាំ២០១៧។

ពលរដ្ឋម្នាក់រស់នៅអគារប៊ូឌីង ឬអគារស លោក សែម សាវុធ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៣ វិច្ឆិកា តាមទូរស័ព្ទថា លោកពេញចិត្តសហការជាមួយអាជ្ញាធរ ចំពោះគម្រោងជំរឿននេះ និងស្រង់មតិលើការអភិវឌ្ឍសម្រាប់អ្នករស់ក្នុងអគារនេះ នៅថ្ងៃទី៣ ធ្នូ។ លោកបន្តថា លោកលែងបារម្ភខ្លាចថា នេះជាការសន្យាខ្យល់ ដូចករណីជម្លោះដីធ្លីរបស់អ្នកបុរីកីឡា ឬបឹងកក់នោះទេ ក្រោយពីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និងក្រុមហ៊ុនជប៉ុនកន្លងមក៖ «ដំបូងពេលខ្ញុំអត់ទាន់បានជួបលើកទី១ លើកទី២ ខ្ញុំមានការបារម្ភ! ដល់ក្រោយមកគេពន្យល់គ្រប់ហេតុផល តាំងពីក្រុមហ៊ុនអារ៉ាកាវ៉ារបស់ជប៉ុនហ្នឹង គាត់(ក្រុមហ៊ុន) បញ្ជាក់ពីទឹកលុយរបស់គាត់មានប៉ុន្មាន អចលនទ្រព្យមានប៉ុន្មានគាត់បង្ហាញទាំងអស់ ឲ្យមានអ្នកបកប្រែជួបជាមួយពលរដ្ឋជាង៥០០នាក់នឹង។ ដំបូងខ្ញុំបារម្ភ តែក្រោយមកខ្ញុំសប្បាយរីករាយដើម្បីទទួលយកគម្រោងនឹង»

បច្ចុប្បន្នពលរដ្ឋរស់នៅអគារប៊ូឌីងមាន ៥៥៤គ្រួសារ ដែលពួកគេភាគច្រើនជាគ្រូបង្រៀន និងជាអ្នកសិល្បៈ ហើយគម្រោងជំរឿននេះ លោក សែម សាវុធ បញ្ជាក់ថា អាជ្ញាធរនឹងធ្វើឲ្យបានរួចរាល់ក្នុងរយៈពេល១ថ្ងៃនោះតែម្ដង។

កាលពីថ្ងៃទី៨ វិច្ឆិកា លោក ជា សុផារ៉ា ថា លោកនឹងអភិវឌ្ឍអគារប៊ូឌីងនេះនៅនឹងកន្លែង ក្នុងករណីស្រង់មតិទៅពលរដ្ឋឯកភាព ៩០ភាគរយ។ លោកបញ្ជាក់ថា គម្រោងនេះសហការជាមួយក្រុមហ៊ុនជប៉ុនឈ្មោះ អារ៉ាកាវ៉ា (Arakawa) ដែលនឹងត្រូវសាងសង់នៅដើមឆ្នាំ២០១៧ ជាអគារកម្ពស់ ២១ជាន់ ក្នុងគម្រោងវិនិយោគជាទឹកប្រាក់៨០លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយអ្នករស់នៅលើអគារប៊ូឌីងនៅពេលនោះ រដ្ឋមន្ត្រីរូបនេះ ចង់ឲ្យក្រុមពលរដ្ឋរង់ចាំការសាងសង់អគារថ្មី ដើម្បីទទួលបានកន្លែងរស់នៅសមរម្យដែលជាការអភិវឌ្ឍនៅនឹងកន្លែង ល្អជាងដែលពួកគេយកប្រាក់ជាថ្នូរនឹងការដើរចេញ៕

ប្រភព៖ rfa.org

Leave a Reply