អ្នក​បើកបរ​ក្នុង​ពេល​​ស្រវឹង​ជិត ​៦០០​នាក់​បញ្ជូន​ខ្លួន​ទៅ​តុលាការ
Posted On : ធ្នូ, 28, 2016 | By Vantha

ក្នុងរយៈពេលមួយឆ្នាំនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគិតចាប់តាំងពីខែមករាអ្នកបើកបរយានយន្តប្រមាណ ៦០០នាក់ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទល្មើសបើកបរក្នុងស្ថានភាពស្រវឹង លើសពីការកំណត់របស់ច្បាប់ ខណៈអ្នកជាប់បទល្មើសភាគច្រើនជាអ្នកបើកបរម៉ូតូ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ យានយន្តជាង ៩លានគ្រឿង ត្រូវបានត្រួតពិនិត្យ និងរកឃើញយានយន្តល្មើសប្រមាណ ១,៤លានគ្រឿង។ ក្នុងនោះយានយន្ត ៨១៣.៣៨១គ្រឿងត្រូវបានពិន័យ ខណៈមានម៉ូតូរហូតដល់ ៦៨ភាគរយ និងទទួលបានប្រាក់ពិន័យរហូតដល់ ២០ពាន់លានរៀល។

យោងតាមរបាយការណ៍ដដែល គិតត្រឹមសបា្តហ៍ទី៣ ខែធ្នូ បានបញ្ជាក់ថា ប៉ូលិសបានរកឃើញអ្នកបើកបរល្មើសជាតិស្រវឹងចំនួន ១៤៨០៩នាក់ ក្នុងនោះសរុប ៥៥៣នាក់ រួមបញ្ចូលអ្នកបើកបរម៉ូតូមានចំនួន ៤៣៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់។

ក៏ប៉ុន្តែយោងតាមតួលេខរបស់លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ មានចំនួន ៥៨៩នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះមាន ៤៧២នាក់ ជាអ្នកបើកបរម៉ូតូ។ ពូកគេទាំងអស់នេះ ជាអ្នករស់នៅរាជធានីភ្នំពេញ។

លោកថា៖ «អ្នកបើកបរជាច្រើនរយនាក់ ត្រូវបានឃាត់ពិនិត្យជាតិអាល់កុល រៀងរាល់ខែទូទាំងប្រទេស»។

បើតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជនណាដែលបើកបរក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី ០,៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀល ដល់ ៤លានរៀល។

កន្លងមកអ្នកបើកបរទាំងនោះ ត្រូវបានតុលាការកាត់ទោសទាំងដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ប៉ុន្តែតុលាការសម្រេចព្យួរទោស ដោយអនុវត្តនៅក្រៅឃុំ។ អ្នកបើកបរមួយចំនួនទៀត ចៅក្រមបានកាត់ទោសត្រឹមពិន័យជាប្រាក់តែប៉ុណ្ណោះ។

លោក រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ «ទោះបីជាអ្នកបើកបរទាំងនោះមិនត្រូវបានតុលាការឃុំឃាំង ប៉ុន្តែទោសរបស់ពួកគេនឹងត្រូវបានកត់ត្រាក្នុងលិខិតថ្កោលទោស»។

កាលពីថ្ងៃចន្ទ កន្លងទៅ រដ្ឋសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះរួមមានការលើកលែងប័ណ្ណបើកបរសម្រាប់ម៉ូតូ ដែលមានកម្លាំងម៉ាស៊ីនក្រោម ១២៥CC និងមាត្រាពាក់ព័ន្ធការបើកបរក្នុងស្ថានភាពស្រវឹង។

លោក ឯក រុន រ័ត្នវាសនា បាននិយាយថា យោងតាមមាត្រាដែលបានធ្វើវិសោធនកម្ម ក្នុងរយៈពេលរៀងរាល់ ៦ខែ ប្រសិនបើអ្នកបើកបរណាមួយ ត្រូវបានប៉ូលិសរកឃើញបទល្មើស ពូកគេនឹងត្រូវការពិន័យជាប្រាក់ដោយនគរបាល ហើយមិនមានការបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែប្រសិនបើក្នុងរយៈពេល ៦ខែនោះដដែល ពូកគេបានល្មើសម្តងទៀត នោះប៉ូលិសនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកថា៖«នៅពេលច្បាប់វិសោធនកម្មនេះត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រយើងនឹងអនុវត្តវាហើយរៀបចំអនុក្រឹត្យ ដើម្បីកំណត់ចំនួននៃការផាកពិន័យ»។

លោកបានបន្ថែមថា ក្នុងវិសោធនកម្មនោះមិនបានកំណត់ពីចំនួនប្រាក់ដែលត្រូវផាកពិន័យសម្រាប់ជនណាល្មើសលើកទី១ ក្នុងរយៈពេល ៦ខែ ដោយបើកបរក្នុងស្ថានភាពស្រវឹងឡើយ។

ទោះបីយ៉ាងណាក៏ដោយលោករុនរ័ត្នវាសនាបានអះអាងថាការអនុវត្តច្បាប់ថ្មីនេះមានការគាំទ្រពីប្រជាពលរដ្ឋនិងអនុវត្តមានប្រសិទ្ធភាព ដោយបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា បានប្រាប់សារព័ត៌មានខ្មែរថាមស៍ ថា វាជាសញ្ញាណល្អ ដែលប៉ូលិសចរាចរណ៍បានអនុវត្តយ៉ាងតឹងរ៉ឹងទៅលើអ្នកបើកបរទាំងឡាយណាស្ថិតក្នុងស្ថានភាពស្រវឹងនិងលើសជាតិអាល់កុលដែលបានកម្រិតក្នុងច្បាប់។

លោកថា៖ «វាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ហើយ ព្រោះយើងមិនដែលឃើញការអនុវត្តតឹងរ៉ឹងបែបនេះពីមុនទេ»។

ប៉ុន្តែលោកមិនគាំទ្រឲ្យមានការវិសោធនកម្មឡើយ ដោយលោកបញ្ជាក់ថា ច្បាប់ធូររលុង នឹងធ្វើឲ្យអ្នកបើកបរមិនខ្លាចញញើតច្បាប់ ហើយអ្នកល្មើសអាចមានការកើនឡើង។

លោកបានអំពាវនាវឲ្យមានការវិសោធនកម្មលើចំណុចនេះឡើងវិញធ្វើយ៉ាងណាកម្រិតឲ្យតឹងរ៉ឹងជាងមុននិងជំរុញសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងចេញបានឆាប់រហ័ស។

យោងតាមរបាយការណ៍ដដែលរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ បានកើតឡើងចំនួន ៣.៣៣៨លើក បណ្តាលឲ្យស្លាប់ចំនួន ១.៥៧៦នាក់ និងរបួស ៥.៩៦២នាក់។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១លើក ស្មើ ១២ភាគរយ អ្នកស្លាប់ថយចំនួន ២៥៩នាក់ ស្មើ១៤ភាគរយ និងអ្នករបួសថយចំនួន ៥៩៦នាក់ ស្មើ ៩ភាគរយ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង មិនគោរពសិទ្ធ វ៉ាជែង កត្តាយានយន្ត និងងងុយដេក។

«យើងកត់សម្គាល់ក្នុងចំណោមនាក់ស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ១.១៣៨នាក់ស្មើ ៧២ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៩២៩នាក់ ស្មើ ៩២៩នាក់ ស្មើ៥៩ភាគរយ»។ របាយការណ៍បញ្ជាក់បន្ថែមថា ភូមិសាស្ត្រដែលកើតឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ចំនួន ៣៤៨លើក ខេត្តកណ្តាល ចំនួន ៣០៣លើក និងខេត្តតាកែវ ចំនួន២៨៨លើក ។

នាពេលថ្មីៗនេះដែរ កម្ពុជា បានទទួលពានរង្វាន់សុវត្ថិភាពចរាចរណ៍ផ្លូវគោកអន្តរជាតិព្រះអង្គម្ចាស់ម៉ៃឃើល ពីព្រះអង្គម្ចាស់ម៉ៃឃើលនៅទីក្រុងឡុងដុង ចក្រភពអង់គ្លេស៕

ប្រភព៖ khmertimeskh

សំឡេងទីក្រុង!

សំឡេងទីក្រុង!