អ្នក​ជំនាញ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ ពី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ កម្ពុជា
Posted On : July, 21, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ុ, ដោយ៖ ស៊ីវ ម៉េង

បើទោះបីជាមានការទទួលស្គាល់ថា ទីផ្សារដោះដូរអចលនទ្រព្យនៅកម្ពុជាមានកំណើនយឺតជាងមុនក្តី ប៉ុន្តែក្រុមអ្នកជំនាញនៅតែបង្ហាញសុទិដ្ឋិនិយម អំពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនេះសម្រាប់រយៈពេលវែងទៅថ្ងៃអនាគត។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appaisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារថា លោកតែងមានគំនិតខុសពីគេអំពីស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសនេះ ដោយសារលោកមើលឃើញថា កំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយកម្ពុជា នៅតែល្អប្រសើរដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនបានចូលមកដូចជា អ្នកវិនិយោគមកពីហុងកុង តៃវ៉ាន់ ដើម្បីស្វែងរកទីតាំងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសសកម្មភាពនៃការធ្វើពាណិជ្ជកម្មនៅប្រទេសនេះកំពុងកើនឡើង ដែលធ្វើឲ្យមានការផ្គត់ផ្គង់ផ្សារទំនើបថ្មីៗដើម្បីឆ្លើយតបតម្រូវការទីផ្សារដែលកំពុងមានការរីកចម្រើននេះ។

លោកបន្តថា ៖ «ទោះបីជាសន្ទុះនៃការលក់ខុនដូ ថមថយល្បឿនពិតមែន ប៉ុន្តែការសាងសង់នៅតែកំពុងបន្តយ៉ាងសកម្ម។ អ្នកទិញពួកគេនឹងរង់ចាំនៅពេលគម្រោងខុនដូសាងសង់ចប់ ដូច្នេះវាមិនមានសញ្ញាអ្វីគួរឲ្យបារម្ភនោះទេ»។

លោកបន្តថា ៖ «អ្នកវិនិយោគខុនដូ សំខាន់ត្រូវគិតពីទីតាំង ពេលវេលា និងតម្លៃ ពោលគឺពួកគេត្រូវសិក្សាពីទីផ្សារ និងធ្វើអ្វីឆ្លើយតបតម្រូវការទីផ្សារ ពិសេសមិនត្រូវយកប្រាក់ចំណេញច្រើនពេកទេ។ ពួកគេគួរលក់ក្នុងតម្លៃសមរម្យ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។

លោកឧកញ៉ា នួន រិទ្ធី បានបង្ហាញសូចនាករសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលបាននិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នោះគឺចំនួនភ្ញៀវទេសចរមកកម្ពុជានៅតែកើនឡើងដែលផ្តល់ការងាររាប់ម៉ឺននាក់ ពេលណាប្រជាពលរដ្ឋមានការងារធ្វើពួកគេមានចំណូល ពេលណាប្រជាពលរដ្ឋមានប្រាក់ចំណូល សកម្មភាពសេដ្ឋកិច្ចនឹងកើតមាន។ ចំណែកវិស័យកសិកម្មនៅតែបន្តមានសក្តានុពលរីកចម្រើនដែលជាវិស័យជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាបន្តថា ៖ «ខ្ញុំនៅតែគិតវិជ្ជមានចំពោះវិស័យនេះ ដោយសារសេដ្ឋកិច្ចកម្ពុជានៅមានកំណើនយ៉ាងរឹងមាំ ហើយស្ថិរភាពនយោបាយនៅកម្ពុជា នៅតែល្អប្រសើរ»។

លោក Alexander Evengroen ទីប្រឹក្សាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា លោកគិតថា ទីផ្សារតម្រូវការអចលនទ្រព្យនៅកម្ពុជានឹងបន្តមានភាពល្អប្រសើរនាពេលអនាគត ដោយសារតម្រូវការនឹងមានការកើនឡើង ហើយវាជាឱកាសធំសម្រាប់វិស័យនេះ ដោយសារប្រទេសនេះមានប្រជាជនវ័យក្មេងច្រើន។

លោកបន្តថា ៖ «ចម្លើយគឺសាមញ្ញ និងសុទិដ្ឋិនិយមព្រោះប្រជាពលរដ្ឋមានវ័យ៣៤ឆ្នាំចុះ មានចំនួនគ្របដណ្តប់៧០ភាគរយនៃប្រជាពលរដ្ឋកម្ពុជាសរុប។ ពួកគេនឹងបង្កើតគ្រួសារ និងត្រូវការលំនៅឋានថ្មីៗកាន់តែច្រើន»។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CL លោក ស៊ា ឆៃលីន បានថ្លែងថា សកម្មភាពទិញលក់អចលនទ្រព្យនៅតែដដែល គ្រាន់តែសកម្មភាពទិញលក់មានដំណើរ ការយឺតជាងមុនដោយសារកត្តាមួយចំនួន ទី១ អតិថិជនបានបង្ហូរសាច់ប្រាក់ចូលក្នុងវិស័យនេះអស់ច្រើនរួចទៅហើយ ទី២ តម្លៃអចលនទ្រព្យបានឡើងដល់កម្រិតកំពូលធ្វើឲ្យមានការស្ទាក់ស្ទើរក្នុងការដាក់ទុនវិនិយោគ និងទី៣ អ្នកទិញអចលនទ្រព្យបានបង្វែរទុនមួយចំនួនចូលទៅក្នុងវិស័យផ្សេងៗ។

លោក ឆៃលីន បានថ្លែងថា៖ «សម្រាប់ទស្សនវិស័យរយៈពេលវែង ខ្ញុំគិតថា មិនមានហានិភ័យនៅក្នុងវិស័យនេះទេ ព្រោះបើនិយាយពីដីធ្លីវិញមានសុភាសិតមួយលើកឡើងថា [មនុស្សកើន តែដីមិនកើននោះទេ]»។

លោកបន្តថា ៖ «សម្រាប់ទីផ្សារខុនដូវិញអាចមានផលប៉ះពាល់តិចតួច ប៉ុន្តែសម្រាប់រយៈពេលវែងមិនបញ្ហានោះទេ ព្រោះកម្ពុជាត្រូវការអគារខ្ពស់ៗបែបនេះ ត្រូវការមនុស្សរស់នៅជុំគ្នាច្រើន ពេលណាមានមនុស្សរស់នៅជុំគ្នាច្រើនសកម្មភាពអាជីវកម្មនឹងកើតមានទៅតាមសកម្មភាពជាក់ស្តែង»។

អ្នកវិនិយោគក្នុងស្រុកមួយចំនួនក៏បានមើលឃើញនិន្នាការទិញខុនដូធ្លាក់ចុះផងដែរដោយលោក ទុយ ប៊ុន ភាគហ៊ុនិកក្រុមហ៊ុនលំនៅឋាន L កម្ពុជាភ្នំពេញ ដែលបាននិងកំពុងវិនិយោគសាងសង់ខុនដូ សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមចំនួន ៥ អគារ នៅទីក្រុងភ្នំពេញ បានថ្លែងថា ការលក់ខុនដូ នៅក្នុងគម្រោងរបស់លោកពិតជាបានធ្លាក់ចុះ ដែលធ្វើឲ្យក្រុមហ៊ុនជួបបញ្ហាមួយចំនួនផងដែរ ប៉ុន្តែអ្វីដែលសំខាន់នាពេលនេះ គឺក្រុមហ៊ុនរបស់លោកកំពុងធ្វើយ៉ាងណា ឲ្យគម្រោងដែលបានកំពុងសាងសង់បញ្ចប់តាមពេលវេលា។

លោកបន្តថា គម្រោងខុនដូរបស់លោក ទី១ ដល់ទី៣ បានបញ្ចប់១០០ ភាគរយហើយ។ ចំណែកគម្រោងទី៤ ដែលមានកម្ពស់២១ជាន់បានសង់ដល់ជាន់ទី១១ និងអគារទី៥ កម្ពស់ ២០ ជាន់ បាននិងកំពុងសាងសង់។

លោកបន្តថា ៖ «យើងសង្ឃឹម ថា ទីផ្សារនេះនឹងងើបឡើងវិញ វានឹងមិនដួលរហូតនោះទេ ព្រោះពេលណាសេដ្ឋកិច្ចនៅតែមានកំណើនស្ថិរភាពនយោបាយល្អប្រសើរយើងនឹងទៅមុខបន្តទៀត»។

លោក ប៊ុន បានបន្តថា តម្លៃខុនដូដែលក្រុមហ៊ុនរបស់លោកវិនិយោគ បានដាក់លក់ក្នុងតម្លៃចន្លោះពី១ ០០០ ទៅ ១ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃមួយដែលប្រជាពលរដ្ឋក្នុងស្រុកអាចមានលទ្ធភាពទិញបានហើយអតិថិជនរបស់យើងប្រមាណ៨០ភាគរយ ជាប្រជាពលរដ្ឋក្នុងស្រុក។

លោកបន្តថា គម្រោងរបស់យើងមានទីតាំងស្ថិតនៅក្នុងក្រុង ដែលងាយស្រួលសម្រាប់ការរស់នៅ និងជិតកន្លែងធ្វើការងារ ហើយតម្លៃអាចទទួលយកបាន ព្រោះបើពួកគេត្រូវការទិញផ្ទះល្វែង ពួកគេត្រូវចំណាយប្រាក់ពី៣០ទៅ៤០ម៉ឺនដុល្លារ៕

Urban Voice Cambodia

Urban Voice Cambodia