អ្នក​ជំនាញ​នឹង​ពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​​មិន​ប្រក្រតី
Posted On : September, 14, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ khmertimerskh

គណៈកម្មការជំនាញនឹងពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីប្រមាណជិត ៥០សន្លឹក ដោយសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរ ពិតប្រាកដនៅថ្ងៃនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីកាលពីដើមខែកញ្ញា។

ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានឲ្យដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណជិត៥០សន្លឹក គ្មានសញ្ជាតិខ្មែរពិតប្រាកដនោះ នឹងចាប់ផ្តើមធ្វើការនៅថ្ងៃនេះ។ លោកបានថ្លែងថា៖ «នៅបញ្ចប់ការស្រាវជ្រាវយើងនឹងប្រាប់អំពីលទ្ធផលនោះ»។

គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា នេះ អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានរកឃើញអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីជិត ៥០សន្លឹក ដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណទាំងនេះ មិនមែនជាជនជាតិខ្មែរ។ ក្រោយមានការសង្ស័យ លោកបានប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះ ទៅស្នងការនគរបាលខេត្តកណ្ដាល ដើម្បីបង្កើតក្រុមអធិការកិច្ចចុះពិនិត្យលើភាពមិនប្រក្រតីនេះ។

យោងតាមច្បាប់សញ្ជាតិខ្មែរ កំណត់ថា ជនបរទេសរស់នៅកម្ពុជា ពុំមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទេ លុះត្រាបុគ្គលនោះ ទទួលបានសញ្ជាតិខ្មែរ ផ្លូវការតាមរយៈសញ្ជាតូបនីយកម្ម ដែលមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យព្រះមហាក្សត្រ។ ក្នុងករណីដែលពុំមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យព្រះមហាក្សត្រទេ បុគ្គលដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ១០ឆ្នាំ។ ចំណែកមន្ត្រីខ្មែរ ដែលចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ជនបរទេស ក៏ត្រូវផ្ដន្ទាទោសដូចគ្នា។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ឲ្យដឹងថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជា មានចំនួនប្រមាណជាង១៦ម៉ឺននាក់ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេគឺ ៩៩.៤៩ភាគរយ។ លោកថា ជនជាតិវៀតណាម ចំនួន ៧៦៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតីក្នុងនោះមានសៀវភៅស្នាក់នៅសៀវភៅគ្រួសារសំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ទាក់ទិនទៅនឹងបញ្ហាមិនប្រក្រតីនៃការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅឲ្យជនបរទេសនោះ គឺសង្គមស៊ីវិលតែងតែទទូចឲ្យមានការពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ថា តើវាស្របច្បាប់ ឬមិនស្របច្បាប់ បើមិនស្របច្បាប់ត្រូវដកហូតវិញ។

លោកបានថ្លែងថា៖ «ភាពមិនប្រក្រតីនេះ គឺដោយសារតែមានការប្រព្រឹត្តអំពើពុករលួយ ហើយបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ការអនុវត្តច្បាប់»។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៦ នេះអគ្គនាយកដ្ឋានបានចាប់បញ្ជូនជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ជាង ២០០០នាក់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ដោយក្នុងនោះជនជាតិវៀតណាម ជាង ៨០ភាគរយ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៣២សញ្ជាតិ មានចំនួន ២០៦៩នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសដើមរបស់ពួកគេវិញ បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះពុំមានទិដ្ឋាការ និងឯកសារត្រឹមត្រូវតាមច្បាប់អនុញ្ញាតរបស់ប្រទេសកម្ពុជា៕

Urban Voice Cambodia

Urban Voice Cambodia