អ្នកឯកទេស​បកស្រាយ​ពី​មូលហេតុ​នៃ​ការកកស្ទះ​ចរាច​រណ៍​នៅ​ភ្នំពេញ​និង​ផលប៉ះពាល់​​
Posted On : September, 9, 2014 | By សំឡេងទីក្រុង

សំឡេងប្រជាធិប្បតេយ្យ VOD ថ្ងៃទី ៩ កញ្ញាឆ្នាំ ២០១៤

អ្នកឯកទេស​ខាង​ចរាចរណ៍​ផ្លូវគោក​បក​ស្រាយ​ពី​មូលហេតុ និង​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការកកស្ទះ​ចរាច​រណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​បង្ក​ការលំបាក​ដល់​ការរស់នៅ ​និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​។​

របាយការណ៍​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើកឡើង​កាល​ពី​ចុងខែ​កក្កដា​កន្លងទៅ​នេះ ​គឺ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រជាជន​ប្រមាណ​២​លាន​នាក់ មាន​ម៉ូតូ​១​លាន​៥​សែន​គ្រឿង និង​មាន​រថយន្ត​ជាង​៣​ម៉ឺន​គ្រឿង​។ ចំនួន​នេះធ្វើឲ្យ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ កកស្ទះ​ស្ទើរ​រាល់​ថ្ងៃ​ពិសេស​នៅពេល​អំឡុង​ម៉ោង​៧ និង​៨​ព្រឹក ចំណែក​ល្ងាច​ចាប់ពី​ម៉ោង​៥​និង​៦​ល្ងាច​។​

​អ្នកឯកទេស​ផ្នែក​សុវត្ថិភាព​ផ្នែក​ចរាចរណ៍​ផ្លូវគោក​លោក អៀ ចរិយា​ ពន្យល់ថា ការស្ទះ​ចរាចរណ៍​មាន​មូលហេតុ​ចំបង​៥​គឺ កំណើន​យានយន្តកើនឡើង ខ្វះ​សេវា​ដឹកជញ្ជូន​សាធារណៈ ការចត​យានជំនិះ​លើ​ចិញ្ចើម​ឬ​ទ្រូងផ្លូវ អ្នកដំណើរ​មិន​គោរព​ផ្លាកសញ្ញា​និង​ច្បាប់​ចរាច​រណ៍ និងស្ថានភាព​ផ្លូវ​មិន​ទាន់​ឆ្លើយតប​តម្រូវការ​អ្នកប្រើប្រាស់​។​

លោក អៀ ចរិយា ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដោយ​ការ​អប់រំ​ឲ្យបាន​ទូលំទូលាយ និងផាកពិន័យ​ឲ្យបាន​តឹងរឹង​លើ​អ្នកប្រើប្រាស់​ផ្លូវ​។

​សម្រាប់​លោក​​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព យល់ឃើញថា ការកកស្ទះ​ចរាច​រណ៍​បច្ចុប្បន្ន​ដោយសារ​រដ្ឋាភិបាល​អភិវឌ្ឍន៍​មិន​មាន​ ផែនការមេ​ច្បាស់លាស់​ដូចជា ដី​ចំណី​ផ្លូវ​សម្រាប់​អ្នកដំណើរ ឬបឹង​សម្រាប់​រំដោះ​ទឹក​បែរ​ជា​លក់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​។

​លោក យង់ គិមអេង  បញ្ជាក់ថា ការកកស្ទះ​ចរាច​រណ៍​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ ដូចជាការ​ចំណាយពេល ថវិកា​ច្រើន​ពេល​ធ្វើដំណើរ និង​នាំ​កើត​មាន​ជំងឺ​តានតឹង​តប់ប្រមល់​ផ្លូវចិត្ត​(​ស្ត្រេ​ស​)​។

ជុំវិញ​បញ្ហា​កកស្ទះ​ចរាច​រណ៍នៅ​រាជធានី​ភ្នំពេញ​នេះ រដ្ឋាភិបាល​ក៏​មាន​ចំណាត់ការ​មួយចំនួន​ដើម្បី​ឆ្លើយតប​ដែរ ដូចជាការហាម​រថយន្ត​ដឹក​ទំនិញ​ធំៗ​ចូល​តំបន់​ខ្លះ​ក្នុង​រាជធានី​ពេល​ថ្ងៃ ការរៀបចំ​សេវា​រថយន្ត​ក្រុម​សាធារណៈ និង​ការសាងសង់​ស្ពាន​អាកាស​ជាដើម​។ ប៉ុន្តែ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​ការកកស្ទះ​ចរាចរណ៍​ថយចុះទេ​។ សម្រាប់​ពលរដ្ឋ​ដែល​ធ្វើដំណើរពេល​កកស្ទះ​នោះ​ ត្រូវ​ចំណាយ​ពេល​ពី​៣០​ ឬ៤០​នាទី ឬ​ទៅ​រាប់​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​២​ឬ​៣​គីឡូម៉ែត្រ​។ ពេលខ្លះ​អ្នកធ្វើ​ដំណើរ​កកស្ទះ​រហូត​ដល់​នៅ​នឹង​មួយកន្លែង​ក្នុង​រយៈពេល​យូរ ប្រសិន​ភ្លៀង​លិច​ផ្លូវ​ខ្លះ ឬពេល​ប្រមុខ​រដ្ឋាភិបាល​រៀបចំ​ពិធី​ណាមួយ ដែល​ត្រូវ​បិទផ្លូវ​ខ្លះ​នោះ​៕

Urban Voice Cambodia

Urban Voice Cambodia