អ្នកវិភាពលើកឡើងថា៖ ការគ្រប់គ្រងសំរាមនៅប្រទេសកម្ពុជាមិនទាន់បានប្រសើរទេ

បញ្ហាការគ្រប់គ្រងសំរាមនិងបង្កើនអនាម័យនៅតាមទីក្រុង ជាបញ្ហាចោទនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយធនាគារពិភពលោកនៅក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមនិងអនាម័យ។

លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងក្នុងកម្មវិធី Hello VOA «អភិបាលកិច្ចល្អ‍» ថា ស្ថានភាពអនាម័យនិងការគ្រប់គ្រងសំរាមនៅប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញមិនទាន់បានប្រសើរទេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះជាពិសេសមានបញ្ហាច្រើននៅរដូវវស្សា ហើយជំហានបន្ទាប់ក្នុងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពជាងមុន គឺពលរដ្ឋត្រូវសហការឲ្យបានខ្លាំងជាមួយអាជ្ញាធរនិងក្រុមហ៊ុនប្រមូលសំរាមដើម្បីអនុវត្តគម្រោងបង្កើនអនាម័យថ្មីៗ។

អ្នកវិភាគរូបនេះបានលើកឧទាហរណ៍ជាក់ស្តែងអំពីការសហការជោគជ័យរវាងពលរដ្ឋ ក្រុមហ៊ុនស៊ីនទ្រី និងអាជ្ញាធររាជធានី ដែលស្នើសុំឲ្យពលរដ្ឋជាវធុងសំរាមខ្ពស់មានកង់ ក្នុងការធ្វើឲ្យប្រសើរជាងមុនដល់ការគ្រប់គ្រងសំរាមនៅផ្សារទូលទំពូង។ លោក ឱក សេរីសោភក្តិ៍ ក៏បានលើកឡើងថា ការផាកវិន័យនិងការអប់រំជាវិធានការបន្ទាប់សំខាន់ផងដែរសម្រាប់ធ្វើឲ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម ខណៈដែលទីក្រុងមានអ្នកចំណូលថ្មីពីតំបន់ជនបទកាន់តែច្រើនឡើង៕

Leave a Reply