អ្នកភូមិ​ និង​នគរ​បាល​​ប្រឈម​មុខ​ដាក់​គ្នា​​ជុំវិញ​ផែន​ការ​ពង្រីក​ផ្លូវ​
Posted On : March, 18, 2015 | By សំឡេងទីក្រុង

ដោយ៖ បែន​ សុខហ៊ាន, ខេមបូឌា ដេលី,  ថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៥

កាលពី​ម្សិលមិញ​អ្នកភូមិ​ប្រហែល​១០០​នាក់​​មកពី​ភូមិ​បឹង​ឈូក ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បាន​រារាំង​​មន្ត្រី​ និង​កម្មករ​មិន​ឲ្យ​យក​គ្រឿង​ចក្រ​ធន់​ធ្ងន់​​​​​ទៅ​ចាប់​ផ្ដើម​ធ្វើ​ការ​​ ពង្រីក​ផ្លូវ​ ដែល​នឹង​បំផ្លាញ​ផ្ទះ​មួយ​ចំនួន​របស់ពួកគាត់​។

ថ្ងៃ​ ម្សិលមិញ គឺ​ជា​ថ្ងៃ​ដំបូង​ដែល​​អាជ្ញាធរ​ប៉ុន​ប៉ង​ចាប់​ផ្ដើម​ការ​ងារ​​ពង្រីក​ផ្លូវ ​​ ចាប់​តាំងពី​សាលា​រាជធានី​បាន​កំណត់​ពេល​ត្រឹម​ខែ​វិច្ឆិកា ឲ្យ​អ្នកភូមិ​ជាង​៦០០​គ្រួសារ​​នៅ​ក្នុង​ភូមិ​បឹងឈូក សង្កាត់​ទួល​សង្កែ ចាក​ចេញពី​តំបន់​នេះ​។

កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ សាលា​រាជធានី​​បាន​ចេញ​សេចក្ដីជូន​ដំណឹង​ជាលើក​ទី២ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ធុយ សុខន ​អភិបាល​ខណ្ឌ​ឫស្សីកែវ​​ ដោយ​ព្រមាន​អ្នក​​ភូមិ​ថា ​១៥​ថ្ងៃ​ក្រោយ​​​បន្ទាប់ពី​ពេល​ចេញ​សេចក្ដី​ជូន​ដំណឹង​រួច ​ប្រសិន​បើ​ផ្ទះណា​នៅ​​ចំ​​កន្លែង​ត្រូវ​ពង្រីក​ផ្លូវ​នឹង​ត្រូវ​បំផ្លាញ​ ចោល​។

អាជ្ញាធរ​មិន​បាន​​អនុវត្ត​​តាម​អ្វី​ដែល​ខ្លួន​បាន​ព្រមាន​ នោះទេ រហូត​ដល់​ម៉ោង​៨ព្រឹក​ម្សិល​មិញ នៅពេល​​រថយន្ត​ដឹក​ខ្សាច់​​ចំនួន​ប្រាំគ្រឿង​ គ្រឿង​ចក្រឈូស​ឆាយ​មួយ​គ្រឿង និង​​នគរ​បាល​ កង​រាជអាវុធ​ហត្ថ ព្រមទាំង​សន្តិសុខ​ប្រហែល​៥០​នាក់​បាន​ទៅ​ដល់​ភូមិ​នោះ​។

បន្ទាប់ពី​ រថយន្ត​មួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​ដឹក​ខ្សាច់​ទាំង​ ប្រាំគ្រឿង​ បាន​ចាក់​ខ្សាច់​ចេញ​ពី​រថយន្ត​ ហើយ​គ្រឿង​ចក្រ​ឈូស​ឆាយ​បាន​ចាប់​ផ្ដើម​រុញ​ខ្សាច់​ចូល​ក្នុង​បឹងនៅ​​ក្រោយ​ ផ្ទះ​របស់​អ្នកភូមិ អ្នកភូមិ​បាន​ទៅ​ឡោម​ព័ទ្ធ​គ្រឿង​ចក្រ​ឈូស​ឆាយ​នោះ ដោយ​បង្ខំ​ឲ្យ​​គ្រឿង​ចក្រ​ឈូស​ឆាយ​នេះ​ត្រឡប់​ក្រោយ​វិញ។

បន្ទាប់មក ​អ្នកភូមិ​​បាន​បិទ​​ផ្លូវ​ដើម្បី​​រារាំង​​មិន​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ ចំនួន​បួន​គ្រឿង​ទៀត​​​​ចូល​ទៅ​កន្លែង​​ត្រូវ​​ចាក់​ខ្សាច់។

អ្នកស្រី ម៉ៅ ពៅ អាយុ​៤៧​ឆ្នាំ​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ផែន​ការ​ពង្រីក​ផ្លូវ​ របស់​ខ្លួន ផ្ទះ​ដែល​អ្នកស្រី​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៩៦​មកនឹង​ត្រូវ​បំផ្លាញ។

​ ​​​​​​​​ អ្នកស្រី​ ពៅ បាន​និយាយ​ថា “ខ្ញុំ​មិន​រារាំង​រដ្ឋាភិបាល​​មិន​ឲ្យ​អភិវឌ្ឍ​តំបន់​នេះ​នោះទេ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​ប្រាក់​សំណង​មក​ឲ្យ​យើង​មុន​ពេល​ ពួកគេ​ធ្វើ​ការ​ងារ​របស់​ខ្លួន​ប៉ុណ្ណោះ”។

អ្នកភូមិ​ម្នាក់​ទៀត​ឈ្មោះ ​ នីម វណ្ណៈ អាយុ​៣៥​ឆ្នាំ មាន​ភាព​មានះ​ជាង​អ្នកស្រី ពៅ។ លោក​ វណ្ណៈ បាន​និយាយ​ថា “ខ្ញុំ​នឹង​មិនទៅ​ណា​ឡើយ ព្រោះ​​នេះ​គឺ​ជា​ផ្ទះ​របស់​ខ្ញុំ នេះ​គឺ​ជា​ដី​របស់​ខ្ញុំ”។

​ការ​ប្រឈម​មុខ​ដាក់​គ្នា​​បាន​បញ្ចប់​​នៅ ​វេលា​ប្រហែល​​ថ្ងៃ​ត្រង់​ នៅ​ពេល​​មន្ត្រី​បាន​ស្នើ​ឲ្យ​អ្នកភូមិ​អញ្ជើញ​ទៅកាន់​សាលា​រាជធានី​។

លោក វណ្ណៈ បាន​និយាយ​តាមទូរស័ព្ទ​ថា ” គ្មាន​​ការ​ឈាន​ដល់​ដំណោះ​ស្រាយ​ណាមួយ​ឡើយ​​នៅ​រសៀល​នេះ។ មន្ត្រី​សាលា​រាជធានី​គ្រាន់​តែ​ប្រាប់​យើង​​ឲ្យ​យក​ឯកសារ​​ពាក់​ព័ន្ធ​ ណាមួយ​​​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ពិចារណា​​ថាតើ​នឹង​ត្រូវ​​ធ្វើ​អ្វី​​បន្ទាប់​មក​ទៀត​”។

លោក សាយ កុសល ចៅសង្កាត់​ទូល​សង្កែ​បាន​លើក​ឡើង​ថា សាលា​រាជធានី​ចង់​ពង្រីក​ផ្លូវ​ គឺ​ដើម្បី​ភ្ជាប់​​ផ្លូវ​លេខ​៥៩៨​​ និង​ផ្លូវលេខ​១៨០០​។ លោក​បាន​បន្ថែម​ថា ការ​ពង្រីក​ផ្លូវ​នឹង​ប៉ះ​ពាល់​ដល់​​ផ្ទះ​ត្រឹម​តែ​ប្រាំ​ឬប្រាំ​មួយ​ ប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​នេះ។

លោក កុសល បាន​មាន​ប្រសាសន៍​​​​ដោយ​សំដៅ​ទៅ​លើ​បុរី​មួយ​ថា “យើង​ចាំ​បាច់​ត្រូវ​តែ​ពង្រីក​ផ្លូវ​​នេះ​ឲ្យ​មាន​ទទឹង​ដល់​២០​ម៉ែត្រ​។ ក្រោយ​​ផែន​ការ​ត្រូវ​បាន​បញ្ចប់ ​​ផ្លូវ​នេះ​អាច​ក្លាយ​ជា​ផ្លូវ​ដ៏​សំខាន់​ ព្រោះ​វា​ភ្ជាប់​ទៅ​កាន់​បុរី​អង្គរ​ដែល​នៅក្បែរ​នោះ​”។

លោក​បាន​លើក​ ឡើង​បន្ថែមទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​​ចាំបាច់​ត្រូវ​ការ​វាស់​វែង​ដី​ជាមុន​សិន​​មុនពេល​អាច​ មាន​ការ​ពិភាក្សា​​ណាមួយ​អំពី​ប្រាក់​សំណង​ ប៉ុន្តែ​លោក​មិន​ដឹង​ថា ​នៅ​ពេល​ណា​វិធាន​ការ​នេះ​​នឹង​កើត​ឡើង​ឡើយ​។

លោក ជា ពិសី អភិបាល​រង​ខណ្ឌ​ឫស្សីកែវ ដែល​ជា​អ្នក​បញ្ជា​នគរបាល​​ និង​កម្មករ​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ការ​ពង្រីក​ផ្លូវ​​នឹង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​គ្នា។

លោក ពិសី បាន​ប្រាប់​ទៅ​កាន់​អ្នកភូមិ​មាន​កំហឹង​ដែល​កំពុង​​ឈរ​ជុំវិញ​លោក​កាលពី​ ព្រឹក​ម្សិលមិញ​អំឡុង​ពេល​​ប្រឈម​មុខ​ដាក់​គ្នា​ថា ” ខ្ញុំ​ពង្រីក​ផ្លូវ​នេះ​មិន​មែន​សម្រាប់​ប្រយោជន៍​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ នោះទេ ប៉ុន្តែ​សម្រាប់​ប្រយោជន៍​មនុស្ស​គ្រប់គ្នា​”៕ ស៊ុយឈាង​​

Urban Voice Cambodia

Urban Voice Cambodia