អ្នកភូមិ​ជិត​៤០០​គ្រួសារ​នឹង​ទទួល​បាន​​ដី​មួយ​ផ្នែក​នៅ​តំបន់​ជ្រោយចង្វា​
Posted On : ឧសភា, 25, 2015 | By សំឡេងទីក្រុង

ប្រភព: ខេមបូឌាដេលី,ដោយ | May 25, 2015

យោង ​តាម​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ជិត​៤០០​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅ​ក្នុង​​តំបន់​​​ដែល​​គេ​ បម្រុង​ទុក​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មាន​ទឹក​ប្រាក់​៣ពាន់​​លាន​ដុល្លារ​​ ក្នុង​តំបន់​ជ្រោយ​ចង្វា​នោះ នឹង​ត្រូវ​​ផ្ដល់​ឲ្យ​នូវ​ដី​រួម​​ទំហំ​២៨​ហិកតា។

លោក ឃ្លាំង​ ហួត បាន​ប្រកាស​ពេល​ជួប​ប្រជុំ​ជាមួយ​​អ្នកភូមិ​ចំនួន​៣៧៤គ្រួសារ​ ដែល​មក​ពី​សង្កាត់​ព្រែក​តាសេក និង​ដែល​​ប្រឆាំង​នឹង​ការ​​រុះ​រើ​ផ្ទះ​របស់​ពួកគាត់​ដើម្បី​បើក​ផ្លូវ​ សម្រាប់​គម្រោង​​របស់​ក្រុម​ហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ជាយូរ​មក​ហើយ​នោះ​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​កាត់​ដី​មួយ​ផ្នែក​ចេញពីដី​សម្បទាន​ទំហំ​៣៨៧​ ហិកតា​មក​ឲ្យ​គ្រួសារ​ទាំង​នេះ។

លោក ឃ្លាំង​ ហួត បាន​លើក​ឡើង​ទៀត​ថា លោក​នឹង​សុំ​សាលា​រាជធានី​​ឲ្យ​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​​ចេញ​ប័ណ្ណ​ កម្មសិទ្ធិ​ដីធ្លី​ជូន​អ្នកភូមិ​ទាំង​នេះ។

លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ទូរស័ព្ទ​ថា “​ព្រឹក ​នេះ ខ្ញុំ​បាន​ទៅ​ជួប​ជាមួយ​​អ្នកភូមិ​នៅ​ក្នុង​ស្កាត់​ព្រែក​តាសេក ព្រោះ​​ពីមុន​ពួកគាត់​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​ភូមិ​របស់​ខ្លួន​ ដោយ​សារ​ក្រុម​ហ៊ុន​ OCIC”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​យើង​ជឿជាក់​​លើ​​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ [ហ៊ុន សែន​] ដែល ​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​មិន​គួរ​អភិវឌ្ឍ​លើ​ទឹក​ភ្នែក​របស់​ប្រជាពលរដ្ឋ​នោះ ហើយ​យើង​ក៏​ទទួល​បាន​ការ​យល់​ព្រមពី​ក្រុម​ហ៊ុន​ដែរ​”។

កាលពី​ខែ​កុម្ភៈ សាលា​រាជធានី​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បែងចែក​ដី​របស់​ក្រុម​ហ៊ុន OCIC នៅ​ក្នុង​តំបន់​ជ្រោយចង្វា​ ដោយ​ផ្ដល់​១០ភាគ​រយ​ទៅ​ឲ្យ​អ្នកភូមិ​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នេះ។

ដី ​មាន​វិវាទ​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​បូម​ខ្សាច់​ពី​ចំណុច​ប្រសព្វ​នៃ​ ទន្លេ​មេគង្គ និង​ទន្លេ​សាប​មក​ចាក់​​បំពេញ​នោះ ​រួម​មាន​ផ្នែកនៃ​សង្កាត់​ជ្រោយ​ចង្វា សង្កាត់​ព្រែក​តាសេក និង​សង្កាត់​ព្រែក​លៀប។

លោក ឃ្លាំង ហួត មិន​បាន​លើក​ឡើង​ថា តើ​អ្នកភូមិ​នៅ​ក្នុង​សង្កាត់​​ផ្សេងៗ​ទៀត​នឹង​ទទួល​បាន​ដី​ដែរ​ឬក៏អត់​ទេ។

លោក​ សម សៀង ​អាយុ​៦៤​ឆ្នាំ ជា​អ្នកភូមិ​នៅ​ក្នុង​ភូមិ​ព្រែក​តាសេក​បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​របស់​អភិបាល​ខណ្ឌ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឮ​អំពី​ការ​សម្រេច​នេះ។ ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​ជឿជាក់​​១០០​ភាគរយ​​ឡើយ​​ ព្រោះ​ពួកយើង​​នៅ​មិនទាន់​​​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅឡើយ​ទេ សូម្បី​តែម្នាក់​”។

ទោះ ​ជាយ៉ាង​ណា អ្នកភូមិ​ចំនួន​១៨​គ្រួសារ​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ដែល​ផ្ទះ​របស់​ពួកគាត់​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ផ្លូវ​ដែល​ត្រូវ​បាន​ ស្ថាបនា​ដោយ​ក្រុម​ហ៊ុន OCIC នោះ មិន​រាប់​បញ្ចូល​ក្នុង​សេចក្ដី​សម្រេច​នេះ​ទេ នេះ​បើ​យោង​តាម​លោក​ ឃ្លាំង​ ហួត។

អភិបាល​ខណ្ឌ​រូប​េនះ​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​នឹង​អញ្ជើញ​អ្នកភូមិ​ទាំង​១៨​គ្រួសារ​នេះ​មក​ពិភាក្សា​​ដើម្បី​ ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន​”។

លោក ទូច សំណាង អ្នក​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ OCIC បាន​លើក​ឡើង​ថា ជា​គោល​ការណ៍​ ក្រុម​ហ៊ុន​នឹង​មិន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ផ្ទះ​អ្នកភូមិ​ឡើយ​។ ក្រុម​ហ៊ុន OCIC ពីមុន​មក​ធ្លាប់​​រុះរើ​​ផ្ទះ​របស់​គ្រួសារ​ណា​ដែល​មិន​ព្រម​ចាក​ចេញ​៕ ស៊ុយឈាង​​​​​​​

សំឡេងទីក្រុង!

សំឡេងទីក្រុង!