garbage-phnom-penh-1_large

អ្នកបោសសំអាតអំពាវនាវឲ្យពលរដ្ឋ​ដើរកំសាន្តចេះទទួលខុសត្រូវលើបញ្ហាសំរាម

អ្នកបោសសំរាមក្នុងពិធីបុណ្យអុំទូក អំពាវនាវឲ្យពលរដ្ឋដែលដើរកំសាន្តចេះទទួលខុសត្រូវបញ្ហាសំរាមផ្ទាល់ខ្លួន ដើម្បីជាផ្នែកមួយនៃការជួយបង្កលក្ខណៈងាយស្រួលដល់អ្នកបោសសំអាត និង លើកស្ទួយកិត្តិយសរបស់ជាតិ។អ្នកបោសសំរាមចាប់ពីមុខសាលមហោស្របចតុមុខ ទៅមុខណាហ្គាវើលថ្លែងថាសំរាមជាច្រើនរយគីឡូត្រូវបានបោះចោលពាសវាលពាសកាលពិសេសនៅសួនមុខណាហ្គាវើល បើទោះបីជានៅទីនោះមានដាក់ធុងសំរាមជាច្រើនក៏ដោយ។

អ្នកបោសសម្អាតម្នាក់អ្នកស្រីរស់ សុផល ថាក្រុមរបស់អ្នកស្រីត្រូវងើបមកបោសសម្អាតនៅទីតាំងនេះចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៧ទៅ៨ព្រឹកទើបបោសសម្អាតរួច។ អ្នកស្រីថាអ្នកលក់ដូរហាក់មិនយកចិត្តទុកដាក់ទៅលើសំរាមរបស់ខ្លួននោះទេ ដោយមិនបានរៀបចំសំរាមរបស់ខ្លួនបានត្រឹមត្រូវនោះ។

អ្នកស្រីថា៖ « បើដាក់ឡាំងឡើងពីរឡាំងឯណោះមិនដឹង(សំរាម)ប៉ុន្មានគីឡូដាក់រទេះពីបីបួនហើយនៅមិនអស់ទៀតខ្ញុំស្មានមិនត្រូវទេ » 

អ្នកបោសសំរាមម្នាក់ទៀតឈ្មោះយាយថុន ថាក្រុមការងាររបស់លោកយាយត្រូវនៅបោសសំអាតនៅទីតាំងនេះរហូតដល់ម៉ោង៤រសៀលទើបត្រលប់វិញ ដោយជំនួសមកវិញដោយក្រុមការងារបោសសំអាតថ្មី។

អ្នកបោសសំអាតក្នុងក្រុមជាមួយគ្នានោះលោក ប៊ុន ថុន ស្នើដល់ពលរដ្ឋដែលមកចូលរួមពិធីបុណ្យអុំទូកទាំងអស់ទទួលខុសត្រូវទៅលើសំរាមរបស់ខ្លួនដោយរៀបចំដាក់ក្នុងធុង ឬវេចខ្ចប់ដាក់ក្នុងថង់មួយជៀសវាងចោលពាសវាលពាសកាលដែលធ្វើឲ្យខូចសោភ័ណភាពនៃពិធី។

លោកថា៖ « ភាគច្រើនអ្នកដែលទៅហូបចុកលើសូនហ្នឹងហ្មងគឺអត់មានសណ្តាប់ធ្នាប់ ដូចជាក្រដាសជូតមាត់ដូចជាចានជ័រហូបហើយអត់មានគិតថាខ្ចប់ថង់មួយចងទៅយកមកដាក់នៅធុងសំរាមអត់ទេជូនកាលដាក់ទៅនៅពាសពេញនៅសួចច្បារហ្នឹង ក្រឡេកទៅឃើញក្រដាសជូតមាត់ក្រដាសអនាម័យអីហ្នឹងនៅពេញតែសូនទាំងអស់។ ហើយចឹងអ្នកដែលសំអាតហ្នឹងគឺសំអាតវេទនាដែរ តែបើសិនជាកន្លែងហ្នឹងលក់ដូរចឹង យើងដាក់ថង់មួយបើថាវាពេញហើយចងក្របួចទៅកុំឲ្យវាហៀទឹកពេញវាលកាលចឹងទៅក៏វាល្អម្យ៉ាងដែរ។ តែនេះពលរដ្ឋយើងមិនចេះជួយគ្នាផងដល់ពេលចឹងអ្នកបោសអ្នកសំអាតនេះគ្នាក៏យ៉ាប។ ហើយពេលខ្លះគេដៀលយើងថាពួកអាសំរាមចឹងយើងក៏អន់ចឹងដែរ » 

មិនត្រឹមតែពិធីបុណ្យអុំទូកតែប៉ុណ្ណោះទេ ទំលាប់នៃការចោលសំរាមរបស់ប្រជាជនខ្មែរនៅតែមិនទាន់អាចកែរប្រែបានទាំងស្រុងនៅឡើយ ពោលគឺរាល់មានពិធីធំៗ ឬប្រមូលផ្តុំមនុស្សម្តងៗ សំរាមគឺតែងតែមានវត្តមានជានិច្ចរាល់ពេលបញ្ចប់នៅពិធីទាំងនេះ។

យោងតាមហ្វេសបុករបស់មន្ទីរសាធារណការរាជធានីភ្នំពេញ ចំពោះសំរាមក្នុងថ្ងៃទី២នៃពិធីបុណ្យអុំទូក គឺមានច្រើនជាងថ្ងៃទីមួយទៅទៀត ដែលនៅរាយប៉ាយពាសវាលពាសកាលពេញទីតាំងប្រារព្ធពិធីបុណ្យ បើទោះបីធុងសំរាមចំនួន ២៤៤២ធុង ត្រូវបានដាកពង្រាយក៏ដោយ៕

ប្រភព៖ VOD

Leave a Reply