អេស៊ីលីដា​ប្រមូល​ពន្ធ​អចលន​​ទ្រព្យ​បាន​ជាង ១៣ ពាន់​លាន​រៀល
Posted On : January, 24, 2015 | By សំឡេងទីក្រុង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញបុស្តិ៍ុ,​ ថ្ងៃទី ២៤ មករា ២០១៥

ខណៈធនាគារ​អេស៊ីលីដា ​ទទួល​ភារកិច្ច​ក្នុង​ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​គ្រប់​ប្រភេទ​ បន្ទាប់​ពី​​ចុះ​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​ជា​មួយ​រដ្ឋាភិបាល​រួច​មក ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​របស់​ធនាគារ​ អេស៊ីលីដា ប្រចាំ​ឆ្នាំ​ ២០១៤ ទទួល​បាន​ជាង​​ ១៣​ ពាន់​លាន​រៀល។

លោក​ស្រី សូ​ ផនណារី​ អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​​នៃ​ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ថា ក្នុង​ឆ្នាំ​ ២០១៤​ កន្លង​មក​ធនាគារ​អេស៊ីលីដា​ប្រមូល​ពន្ធ​អចលនទ្រព្យ​​បាន​ជាង​ ១៣ ​ពាន់​លាន​រៀល​ស្មើ​នឹង​ជាង​​ ២៣ ​០០០​ ប្រតិបត្តិ​ការ​នៅ​ទូទាំង​ប្រទេស​។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ការ​បង់​ពន្ធ​នៅ​តាម​​សាខា​របស់​ធនាគារ​ អេស៊ីលីដា គឺ​មាន​ភាព​ងាយ​ស្រួល​ដោយ​អតិថិជន​គ្រាន់​តែ​មក​កាន់​សាខា​ណា​មួយ​របស់​ធនាគារ បន្ទាប់​មក​​គ្រាន់​តែ​បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើ​ប្រាស់​សេវាកម្ម​​ប្រមូល ​ប្រាក់​បង់​ពន្ធ ដោយ​ភ្ជាប់​មក​​ជាមួយ​នូវ​លិខិត​ប្រកាស​ពន្ធ​ឆ្នាំ​ថ្មី​ (ករណី​លំនៅឋាន​មាន​ការ​កែលម្អ) ឬ​ លិខិត​ប្រកាស​ពន្ធ ឬ​ បង្កាន់​ដៃ​បង់​ពន្ធ​ឆ្នាំ​មុន (ករណី​លំនៅឋាន​មិន​មាន​ការ​កែលម្អ)។

លោក​ស្រី​បាន​​បង្ហាញ​ពី​ក្តី​រំពឹង​​ថា ៖«​ការ​ប្រមូល​ពន្ធ​របស់​ធនាគារ​អេស៊ីលីដា​នឹង​បន្ត​កើន​ឡើង​បន្ថែម​​នៅ​ក្នុង​ឆ្នាំ ​២០១៥​ ដោយ​សារ​មាន​ការ​រីក​​ចម្រើន​នៃ​វិស័យ​សំណង់​លំនៅឋាន និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា»។

ធនាគារ​អេស៊ីលីដា បាន​ចាប់​ផ្តើម​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៤​ បន្ទាប់​ពី​ធនាគារ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ពន្ធ​ ដោយ​ការ​ប្រមូល​ពន្ធ​ទាំង​អស់​គឺ​តម្រូវ​ឲ្យ​អ្នក​បង់ពន្ធ​បង់​ជា​ប្រាក់​រៀល។

លោក ច្រឹក​ សុនីម អគ្គនាយក​ក្រុមហ៊ុន Century 21 VTrust បាន​និយាយ​ថា ទឹកប្រាក់​លើ​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​របស់​ធនាគារ​អេស៊ីលីដា​ ខាង​លើ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

លោក​​ថ្លែង​ថា៖ «ផល​ប្រយោជន៍​នៃ​ការ​បង់​ពន្ធ គឺ​ធ្វើ​ឲ្យ​រដ្ឋ​ទទួល​បាន​ចំណូល​​ដើម្បី​យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​តាម​កញ្ចប់​ថវិកា​ដែល​មាន​ ខណៈ​ប្រជាជន​អាច​ទទួល​ប្រយោជន៍​ពី​ការ​បង់​ពន្ធ​ដោយ​ប្រយោល​ និង​ផ្ទាល់​នៅ​ក្នុង​រូប​ភាព​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋ​ដែល​ទទួល​បាន​ពន្ធ​ពី​ពួកគាត់»។

លោក​បាន​អះអាង​ថា៖ «ប្រជាជន​ដែល​មាន​​កាតព្វ​កិច្ច​គួរ​សហការ​ក្នុង​ការ​​បង់​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ច្រើន​ ព្រោះ​នៅ​ពេល​​រដ្ឋទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ការ​អភិវឌ្ឍ​​ប្រទេស​ក៏​មាន​ល្បឿន​លឿន​ផង​ដែរ​»​។

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ កាល​ពី​ឆ្នាំ​ ២០១៤ ​កន្លង​មក​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​ប្រមាណ​ជាង​ ១,០៦ ​ពាន់​លាន​ដុល្លារ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០១៣ គឺ​មាន​កំណើន​ ១៧,​៩៣ ភាគរយ ឬ​សម្រេច​បាន​ស្មើ​នឹង ​១០៦,៩៤ ភាគរយ​នៃ​ផែនការ​ដែល​បាន​កំណត់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

ចំណូល​ពន្ធ​តាម​សកម្ម​ភាព​អាជីវកម្ម​បាន​កើន​ឡើង​ស្ទើរ​តែ​ទាំង​អស់​ ក្នុង​នោះ​អាជីវកម្ម​អចលន​ទ្រព្យ​កើន​ឡើង​ប្រមាណ​ជា​ ១២៨,២ ភាគរយ​ ក្នុង​ឆ្នាំ​២០១៤​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នាពី​ឆ្នាំ ​២០១៣​។

លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​ថា​ ក្រសួង​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ដើម្បី​ពង្រឹង​លើ​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​ ពន្ធ​ប្រថាប់​ត្រា និង​ពន្ធ​លើ​ដី​ធ្លី​មិន​ប្រើ​ប្រាស់​៕

Urban Voice Cambodia

Urban Voice Cambodia