អាជ្ញា​ធរ​រាជ​ធានី​ប្រកាស​ចាត់​វិធាន​ការ​ក្តៅ​ចំពោះ​អ្នក​រំលោភ​បំពាន​យក​អាង​ស្តុក​ទឹក​បឹង​ត្របែក​​
Posted On : November, 14, 2014 | By សំឡេងទីក្រុង

ដោយ កោះសន្ដិភាព ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០១៤

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា «​សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​បាន​រំលោភ​យក ​អាង​ស្តុក​ទឹក​បឹង​ត្របែក បណ្តាល​ឱ្យ​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​វិធានការ​នេះ​នឹង​ចាប់​អនុវត្ត​ក្នុងឆ្នាំនេះ​តែ​ម្តង​» ។ វិធានការ​ក្តៅ​នេះ​ត្រូវ​បាន​លោកប៉ា សុ​ជាតិ​វង្ស លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ឬ​គណៈកម្មាធិការ​ទី​៣ នៃ​រដ្ឋ​សភាជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ប៉ុ​ល ហំ​ម ជា​ប្រធាន​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ។

នៅ​ចំពោះ​មុខមន្ត្រី​ជា​គណៈកម្មាធិការ​ទី​៣ នៃ​រដ្ឋ​សភាជាតិ លោកប៉ា សុ​ជាតិ​វង្ស លើក​ឡើង​ដោយ​ភាព​ម៉ឺងម៉ាត់​ថា «​សាលា​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ក្តៅ​ទៅ​លើ​សំណង់​ទាំងឡាយ​ដែល​បាន ​សង់​រំលោភ​លើ​អាង​ស្តុក​ទឹក​បឹង​ត្របែក​ដោយ​ខុសច្បាប់​ឱ្យ​ខាង​តែ​បាន ព្រោះ​អាង​ស្តុក​ទឹក​បឹង​ត្របែក​នេះ​ជា​អាង​ស្តុក​ដ៏​សំខាន់​នៅ​ប៉ែក​ ខាងត្បូង​រាជធានី​ភ្នំពេញ ដែល​មាន​តួនាទី​ទទួល​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួច គឺ​អាង​នេះ​សម្រាប់​ស្តុក​ផង និង​ជា​ប្រឡាយ​ផង​សម្រាប់​នាំ​ទឹក​ទៅ​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ដើម្បី​បូម ​បញ្ចេញ​ទៅ​ក្រៅ​ក្រុង ។ ប៉ុន្តែ​អាង​ស្តុក​ទឹក​នេះ​ត្រូវ​បាន​គេ​រំលោភ​ដោយ​បាន​ចាក់​ដី និង​សាងសង់​ជា​សំណង់​ផ្សេង​ៗ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ហើយ​» ។ លោកប៉ា សុ​ជាតិ​វង្ស បញ្ជាក់​ថា «​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ត្របែក​ត្រូវ​បាន​រួម​តូច​ទៅ​ៗ ដែល​កាលពីមុន​មាន​ជាង​២០​ហិ​កតា បុ​៉​ន្តែ​មក​ដល់​ពេល​នេះ​មាន​មិន​ដល់​១០​ហិ​កតា​ផង ដូច្នេះ​បើ​យើង​មិន​មាន​វិធានការ​ក្តៅ​ទេ ផ្ទៃ​អាង​នឹង​បាត់​អស់ហើយ ហើយ​ការ​អនុវត្ត​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ពិតជា​មិន​អាច​អនុវត្ត​នោះ​ដែរ​» ។

ក្នុង​ជំនួប​នោះ​លោកប៉ា សុ​ជាតិ​វង្ស បាន​ជម្រាប​ទៅ​គណៈកម្មាធិការ​ទី​៣ នៃ​រដ្ឋសភា​អំពី​ការងារ​បច្ចុប្បន្នភាព​នៃ​ដំណើរការ​កែ​លម្អ​ ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ ប្រព័ន្ធ​លូ បញ្ហា​ចរាចរណ៍ ការ​ខិតខំ​បញ្ចៀស​រថយន្ត​ធំ​មិន​ឱ្យ​ចូល​ក្រុង ការ​អប់រំ​ច្បាប់​ចរាចរណ៍ ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជា​បញ្ហា​ប្រឈម​ដែល​សាលា​ រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ដោះស្រាយ​។ ជាក់ស្តែង​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​ការ​កសាង​ផ្លូវ​ដោយ​ប្តូរ​ពី​ផ្លូវ​កៅស៊ូ មក​ជា​ផ្លូវ​បេតុង​វិញ​ដែល​ធានា​ការ​ប្រើប្រាស់​បាន​យូរ ជា​ពិសេស​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ដើម្បី​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ រថយន្ត​ដឹក​ធ្ងន់ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ផង​ដែរ ។ គោលបំណង​សំខាន់​ដែល​គណៈកម្មាធិការ​ទី​៣ នៃ​រដ្ឋ​សភាជាតិ​ចុះ​ទៅ​ជួប​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ពេល​នេះ គឺ​ដើម្បី​សួរនាំ​ទាក់ទិន​ទៅ​នឹង​បញ្ហា​សំរាម ជា​ពិសេស​ការ​ទុកដាក់​សំរាម ការ​ដឹក​ជញ្ជូន​សំរាម និង​ទីលាន​ចាក់សំរាម​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​កំពុង​តែ​ទទួល​រង​ នូវ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ ដូច​ជា​ការ​ប្រមូល​សំរាម​មិន​បាន​ទាន់​ពេលវេលា យក​សំរាម​មិន​អស់ ឬ​ឡើងថ្លៃ​លើ​សេវា​ប្រមូល​សំរាម​ជាដើម ។

បន្ទាប់​ពី​មានការ​សួរនាំ និង​ចម្លើយ​សម​ហេតុផល​របស់​អភិបាល​រាជធានី​ភ្នំពេញ​រួច​មក គណៈកម្មាធិការ​ទី​៣ នៃ​រដ្ឋ​សភាជាតិ​បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី ​ភ្នំពេញ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង និង​លើកកម្ពស់​បរិស្ថាន ជា​ពិសេស​បញ្ហា​សំរាម​នេះ​តែ​ម្តង ។ តាម​ការ​ពិនិត្យ​ជាក់ស្តែង ស្ថានភាព​បឹង​ត្របែក​នា​ពេល​នេះ ត្រូវ​បាន​គេ​ចាក់​ដី​ស្ទើរ​ពេញ​ទៅ​ហើយ ពីព្រោះ​ពេល​នេះ​មិន​មានទឹក​សោះ​ទោះបី​ទើប​ភ្លៀង​ធ្លាក់​ហើយ​ថ្មី​ៗ​ក៏​ដោយ គឺ​ទឹក​មាន​តែ​នៅ​តាម​ប្រឡាយ​ដែល​ហូរ​រិច​ៗ​ប៉ុណ្ណោះ មើលទៅ​មិន​សមជា​បឹង ឬ​អាង​ស្តុក​ទឹក​នោះ​ទេ មាន​តែ​ដី ដើម​ត្រែង និង​ស្មៅ​ដុះ​ទ្រុប​ទ្រុល​ទៅ​វិញ​ទេ ។ មហាជន​រង់ចាំ​មើល​ចំពោះ​វិធានការ​ដែល​គេ​ចាត់​ទុក​ថា «​ក្តៅ​» របស់​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពេល​បន្តិចទៀត​នេះ តើ​ធ្វើ​បាន​កម្រិត​ណា ? ៕

Urban Voice Cambodia

Urban Voice Cambodia