អាជ្ញាធរ​​បើក​កិច្ច​ប្រជុំ​ ដើម្បី​ជំរុញ​ការ​បើក​ការដ្ឋាន​ស្ពាន​អាកាស​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់
Posted On : កញ្ញា, 6, 2018 | By សំឡេងទីក្រុង

អាជ្ញាធរ​រាជធានី​ភ្នំពេញ  បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ជាមួយ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​ជំនាញ​និង​មន្ត្រី​ជំនាញ​ និង​តំណាង​ក្រុមហ៊ុន​ទទួល​ការសាងសង់​ ដើម្បី​ជំរុញ​ការ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ច្រមុះ​ជ្រូក​ក្បាលថ្នល់។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៤កញ្ញា ២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ មាន ចាន់​យ៉ា​ដា​ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី មន្ទីរ​ជំនាញ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ ឱ្យ​បាន​លឿន​ទៅតាម​អ្វីដែល​​អាចធ្វើ​បាន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​នេះ​ឈាន​ដល់​ការបើក​ការដ្ឋាន​ឆាប់ៗ ដោយ​ហេតុថា តំបន់​ខាងលើ​នេះ ​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ។

​បើតាម​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​បាន​សិក្សា​រួចហើយ ពោលគឺ​នៅតែ​រឿង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។ បើ​ការ​ដោះស្រាយ​ត្រូវរ៉ូវ​គ្នា​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​តែម្តង។

គម្រោង​សាងសង់​ស្ពាន​អាកាស​នេះ គឺ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះមុនីវង្ស ​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​រវាង​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន។

បច្ចុប្បន្ន​នេះ​ នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៥ កន្លែង​ហើយ​រួមមាន៖ ១. ស្ពាន​អាកាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ២. ស្ពាន​អាកាស​ស្ទឹងមានជ័យ ៣. ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ ៤. ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ និង​៥. ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ។ ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល ក៏​ទើបតែ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នៅ​រង្វង់​មូល​ចោមចៅ​ផងដែរ៕

ប្រភព៖ ខ្លីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!