អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ផ្លូវ​លេខ​៧០ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ
Posted On : July, 30, 2015 | By សំឡេងទីក្រុង

ប្រភព៖    cen.com.kh  ថ្ងៃទី 30 កក្កដា 2015​​   ដោយ៖ កូឡាប

ភ្នំពេញ: ​ផ្លូវ​លេខ​៧០ ចាប់ពី​ចំណុច​អង់​តែ​ន​ទួលគោក រហូតដល់​រង្វង់​មូល​ស្តា​ត​ចាស់ ( គល់ស្ពាន​ជ្រោយចង្វារ ) នឹងត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ពង្រីក​ឲ្យ​បាន​ធំ​ទូលាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​កកស្ទះ ជាដើម​។​

​ក្នុង​ ពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក ទួលគោក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៧០ ដោយ​ពង្រីក​ទំហំ​បី​ម៉ែត្រ​សងខាង និង​ដាក់​ប្រព័ន្ធ​ធំ​ទំហំ​មួយ​ម៉ែត្រ​កន្លះ​។

​លោក​អភិបាល ក៏បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​លេខ​៧០​នេះ ផ្តល់ឱកាស​ឲ្យ​ការដ្ឋាន​នេះ បាន​ទៅដោយ​រលូន និង​សុំ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នេះ ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ ដូចជា សង្កាត់ ខណ្ឌ​ជាដើម ត្រូវ​រៀបចំ​ក្រុមបច្ចេកទេស​មួយ ក្រុមសុរិយោដី​មួយ ដើម្បី​មក​ត្រាស់​សេ​ផ្លូវ​នេះ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​របស់​បងប្អូន ក៏​សុំ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។​

​លោក​បាន​បន្តថា “​យើង​ពង្រីក​ផ្លូវ​នេះ​ឲ្យ​បាន​ទូលាយ ពង្រីក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ពង្រីក​ដើម្បី​កុំ​ឲ្យ​កកស្ទះ ប៉ុន្តែ​បើ​យើង​អត់​ដោះស្រាយ​បញ្ហា​ចិញ្ចើមផ្លូវ​អត់​បានល្អ​ទេ បញ្ហា​នេះ គឺ​អត់​ដោះស្រាយបាន​នោះទេ ដូច្នេះ បញ្ហា​ដែលជា​បំណង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺ​អត់​សម្រេចបាន អ៊ីចឹង​សូម​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ដង​ផ្លូវ​នេះ សូម​គិតថា ព្រំដី​ជា​កម្មសិទ្ធិ​របស់​បងប្អូន​នៅត្រឹម​ណា គឺ​បងប្អូន​គ្រប់គ្រង​ត្រឹមហ្នឹង​។ មានន័យថា បងប្អូន​កុំ​រំលោភ​លើ​សម្បត្តិ​សាធារណៈ ឯ​រដ្ឋអំណាច​ក៏​មិន​រំលោភ​លើ​សម្បត្តិរ​បស់បង​ប្អូន​ដែរ ពោលគឺ​ព្រំប្រទល់​ចិញ្ចើមផ្លូវ​ត្រឹមណា យើង​គ្រប់គ្រង​ត្រឹមហ្នឹង ទុក​ឲ្យ​យើង​រៀបចំ​ចិញ្ចើមផ្លូវ​នេះ ទុក​ឲ្យ​យើង​ពង្រីក​ផ្លូវ​នេះ យើង​ដាក់លូ យើង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​”​។​

​លោក បាន​បន្តថា បើ​យើង​ជិះ​តាមផ្លូវ​លេខ​៧០​នេះ ហើយ​សង្កេតឃើញថា រដ្ឋ​បានអនុញ្ញាត​ឲ្យ​សង់​ត្រឹមនេះ​ទេ ប៉ុន្តែ​បងប្អូន​បាន​សង់​ចូល​បន្តិច​ម្តងៗ បូក​ជាមួយនឹង​ឡាន​ចត​ថែមទៀត គឺ​ងងឹត​តែម្តង​ផ្លូវ​ហ្នឹង​។ អ្នកមួយ​ធ្វើបាន ជា​គំរូ​មិនល្អ ដល់​អ្នក​មួយទៀត អ្នកមួយ​ក៏​ធ្វើ​ដែរ ដេញ​យក​ហុងស៊ុយ​លក់ដូរ​បណ្តើរៗ អស់​ផ្លូវ​។ នេះ​ជា​បញ្ហា ដូច្នេះ​សូម​បងប្អូន​យោគយល់​នូវ​បញ្ហា​នេះ ដើម្បី​ឲ្យ​ផ្លូវ​នេះ​គ្រប់គ្រង​បានល្អ គឺ​ចាំបាច់​ត្រូវតែ​ចូលរួម​ក្នុង​បញ្ហា ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងធ្វើ​ផ្លូវ​នេះ​ឲ្យ​បានល្អ​៕​

 

Urban Voice Cambodia

Urban Voice Cambodia