អាជ្ញាធររាជធានីភ្នំពេញឲ្យជម្រើស២សម្រាប់ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ សាងសង់រំលោភអាងស្តុបទឹកបឹងត្របែក
Posted On : April, 4, 2015 | By សំឡេងទីក្រុង
ថ្ងែសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០១៥, ប្រភព៖ កម្ពុជាថ្មី
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញឲ្យជម្រើស២សម្រាប់ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយសាងសង់រំលោភជុំវិញអាងស្តុបទឹកបឹងត្របែក នោះគឺមធ្យោបាយទិញដី លក់ដីដើម្បី ដោះស្រាយបញ្ហាដែលអាជ្ញាធរបានអះអាងថា ពួកគេរស់នៅដោយខុសច្បាប់ រំលោភលើដីសាធារណៈរបស់រដ្ឋ។
ការសម្រេចឲ្យមានជាជម្រើស២បែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២ មេសា ក្រោមធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ជម្រើសទាំង២បែបនោះរួមមានទី១–ប្រជាពលរដ្ឋអាចទិញដីពី សាលារាជធានីភ្នំពេញដើម្បីបន្តការរស់នៅ។ ទី២–យកប្រាក់នៃតំលៃដីនោះជាថ្នូរទៅនឹងការចាកចេញទៅរស់នៅកន្លែងថ្មី។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា នេះជាដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ដើម្បីឲ្យអាជ្ញាធរមានលទ្ធភាពឈានទៅធ្វើការកែលំអអាងស្តុកទឹកបឹងត្របែកឡើងវិញ នៅពេលឆាប់ៗនេះដើម្បីរំដោះទឹកចេញក្រៅក្រុងបន្ទាប់ពីអាងស្តុកទឹកបឹងត្របែកនេះ ត្រូវបានគេរំលោភជិតអស់ទៅហើយ។
លោកអភិបាលបន្តថា យ៉ាងណាក៏ដោយ យើងត្រូវដោះស្រាយបញ្ហានេះឲ្យបាន ដោយមិនអាចអូសបន្លាយតទៅទៀតឡើយ។ ចំពោះថវិកាដែលទទួលបានពីការលក់ដីនោះ នឹងត្រូវយកទៅអភិវឌ្ឍន៍ក្នុងតំបន់នោះវិញ។ លោកក៏បានណែនាំឲ្យអាជ្ញាធរដែនដី ស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ រួមទាំងធ្វើការផ្សព្វផ្សាយពីគោលការណ៍របស់ សាលារាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានជ្រាបច្បាស់។ ជាមួយគ្នានេះមន្ទីរជំនាញត្រូវតែដាក់កំលាំងចុះស្តារអាងស្តុកទឹកបឹងត្របែកនៅក្រោយបុណ្យចូលឆ្នាំ។
គួរបញ្ជាក់ផងដែរថា អាងស្តុកទឹកបឹងត្របែកមានទំហំ២៦ហិកតា ពេលនេះត្រូវបានគេរំលោភនៅសល់ មិនដល់១០ហិកតាផង ដោយប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់និងសាងសង់លំនៅដ្ឋានមានមិនតិចជាង៥០០គ្រួសារឡើយ៕