អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​ការ​ស្តារ​និង​ជីក​ប្រឡាយបញ្ចៀស​ការ​លិចលង់
Posted On : មេសា, 2, 2015 | By សំឡេងទីក្រុង

ថ្ងែព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០១៥ , ប្រភព៖ http://www.kampucheathmey.com/

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស​បាន​ធ្វើការ​ជំរុញ​ឲ្យ​ស្តារ​និង​ជីក​ប្រឡាយ​ឲ្យបាន​រួចរាល់​នៅមុន​រដូវវស្សា​មកដល់ ដើម្បី​បញ្ចៀស​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ភូមិសាស្ត្រ​ខាងលិច​រាជធានី​ភ្នំពេញ​នេះ​តែងតែ​ទទួលរង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ជា​រៀងរាល់​ឆ្នាំ។ ការ​ជំរុញ​បែបនេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ មូលដ្ឋាន​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​ប្រឡាយ​ក្នុង​សង្កាត់​កន្តោ​ក ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៣១​មីនា​កន្លងមក។

ប្រឡាយ​មេ​ថ្មី​មួយ​ខ្សែ​នេះ​ចាប់ពី​ផ្លូវជាតិ​លេខ​៤​ត​ភ្ជាប់​ទៅ​ប្រឡាយ​តា​ហោ​មាន​ប្រវែង​៥១៦០​ម៉ែត្រ មាត់​លើ​ប្រវែង​៨​ម៉ែត្រ ដែល​មកដល់ពេលនេះ ដំណើរ​ការ​ជីក​ប្រឡាយ​នេះ​សម្រេច​បាន​២២០០​ម៉ែត្រ​ហើយ ដោយ​នឹង​ត្រូវ​ដាក់​លូ​ឆ្លងកាត់​ផ្លូវ​ចំនួន​៥​កន្លែង។ ប្រឡាយ​មួយ​ខ្សែ​នេះ​មាន​តួនាទី​រំដោះ​ទឹក​ចេញពី​តំបន់​ជំពូវ័ន្ត កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​អូ​ដឹ​ម តំបន់​កំបូល​និង​មួយ​ផ្នែក​របស់​សង្កាត់​ចោមចៅ។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា កន្លងមក​បរិមាណ​ទឹក​ដ៏​ច្រើន​បាន​ហូរ​ធ្លាក់​ពី​ស្រុក​អង្គស្នួល ខេត្តកំពង់ស្ពឺ ធ្វើឲ្យ​ជន់​លិច​ភូមិសាស្ត្រ​មួយចំនួន​របស់​ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​កែលំអ​ប្រព័ន្ធ​លូ និង​ប្រឡាយ​មួយចំនួន​នៅ​តំបន់​នេះ ដើម្បី​នាំ​ទឹក​ចេញទៅ​ក្រៅ​ក្រុង។ ជា​មួយ​គ្នា​នេះ​ដែរ លោកប៉ា សុជាតិ​វង្ស​ក៏បាន​ណែនាំ​ឲ្យ​ជំរុញ​ការ​ស្តារ​ប្រឡាយ​៣​ខ្សែ​ដែល​កំពុង​ស្តារ​នៅ​សង្កាត់​ចោមចៅ​និង​ជីក​ប្រឡាយ​ថ្មី​មួយ​ខ្សែ​ទៀត​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​តំបន់​ទំនប់​កប់​ស្រូវ​និង​ត្រូវ​សំរេច​ឲ្យបាន​រួចរាល់​មុន​រដូវវស្សា​មកដល់។
ស្រប​ពេល​នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ​ក៏​កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​AZ​ដំណើរការ​ស្តារ​ប្រឡាយ​ជាង​៩​គីឡូម៉ែត្រ​អម​សងខាង​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​ចោមចៅ​ផង​ដែរ៕

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!