អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តារ​ប្រឡាយ​បឹងត្របែក ក្នុង​រដូវប្រាំង​នេះ​
Posted On : February, 26, 2015 | By សំឡេងទីក្រុង

ដោយ: លី សិលា , ថ្ងៃទី 26 កុម្ភៈ 2015, CEN

ភ្នំពេញ: នៅ​រដូវប្រាំង​នេះ សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​ស្តារ​ប្រឡាយ​បឹងត្របែក និង​បង្កើតជា​វេទិការ​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា និង​ឲ្យ​ពួកគាត់​យល់​ពី​បញ្ហា​ខាងលើ​។ នេះ​បើតាម​សេចក្តីសម្រេច​ក្នុង​កិច្ចប្រជុំ កាលពី​ល្ងាច​ថ្ងៃទី​២៥​កុម្ភៈ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា ការអភិរក្ស ប្រឡាយ​បឹងត្របែក ជា​ប្រយោជន៍​រួម សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​។​

​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិរក្ស​បឹងត្របែក​ខាងត្បូង សម្រាប់​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៣ បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ រួមជាមួយ​ខាង JICA បាន​ពិភាក្សា សិក្សា ស្វែងយល់​ពី​ការដោះស្រាយ និង​ការរំដោះ​អាង​ស្ដុក​បឹងត្របែក​ចេញពី​ផលប៉ះពាល់​។

​អាជ្ញាធរ​បានប្រកាសថា ដោយ​យើង​បានកំណត់​ស្ថានីយ​បូម​មួយ ដែលមាន​កំលាំង​បូម ២៣ ម៉ែត្រគូប ក្នុង​មួយ​វិនាទី ក៏ដូចជា​ក្នុង​ពេលនេះ ទៅ​អនាគត គ្រប់​អាង​ស្តុក​ទឹក ដែល​នៅ​ជាយក្រុង​ទាំងអស់ មុននឹង​ទំលាក់​ទឹក​ចូល​បឹង​ធម្មជាតិ ឬ​ទន្លេ គឺ​យើង​មាន​គោលដៅ​ធ្វើ​បន្សុទ្ធកម្ម​ទឹក ដែល​ធានា​មិន​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន ដោយមាន​ការសហការ​ជាមួយ JICA​។​

​សូម​រម្លឹកថា ប្រឡាយ​បឹងត្របែក ប៉ែក​ខាងត្បូង នៅពេល​សព្វថ្ងៃនេះ មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ បាន​សាងសង់​រស់នៅ​លើ​នោះ​។ អាជ្ញាធរ​រាជធានី និង​អង្គការ​សង្គម​ស៊ីវិល កំពុងធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ យក​ប្រជាពលរដ្ឋ​ទាំងនោះ ចេញ​៕

See more at: សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្តារ​អាង​ស្ដុក​ទឹក​បឹងត្របែក​ខាងត្បូង​និង​ខាងជើង​​

Urban Voice Cambodia

Urban Voice Cambodia