អាជ្ញាធររាជធានីភ្នំពេញ ណែនាំជំរុញឲ្យមន្ត្រីការពារដីរដ្ឋ ការលប់បឹង និងទប់ស្កាត់សំណង់គ្មានច្បាប់
Posted On : February, 17, 2015 | By សំឡេងទីក្រុង
ប្រភព CEN| ថ្ងៃទី 17 កុម្ភៈ 2015, ម៉ោង 08:19:AM) | ដោយ: លី សិលា
ភ្នំពេញ: ក្នុងពេលដែលបឹងរដ្ឋជាច្រើនកន្លែង នៅភ្នំពេញ រួមមាន បឹងកក់ បឹងទំពុន បឹងស្នោរ និងបឹងនៅជ្រោយចង្វារ ជាដើម ត្រូវបានគេចាក់ដីលុបអស់ទៅហើយនោះ នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសជំរុញទៅកាន់មន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីភ្នំពេញ ឲ្យការពារដីរដ្ឋ ប្រឆាំងការលប់បឹង និងត្រូវទប់ស្កាត់សំណង់គ្មានច្បាប់។
ក្នុងហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយថា អភិបាលរងរាជធានីភ្នំពេញ លោក ជ្រាង សុផាន់ បានធ្វើការណែនាំ និងជំរុញអោយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញទាំងអស់ ត្រូវប្តេជ្ញាចិត្តក្នុងកិច្ចការពារដីរដ្ឋ ការលប់បឹងរដ្ឋ និងទប់ស្កាត់សំណង់គ្មានច្បាប់ អោយបាននៅក្នុងរាជធានីភ្នំពេញ។
លោក ជ្រាង សុផាន់ បានជំរុញដូចនេះ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។
លោកអភិបាលរង បន្តថា មន្ត្រីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាមន្ត្រីរបស់រដ្ឋ ដូច្នេះទេ ត្រូវបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អោយបានល្អ ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងទាន់ពេលវេលា វាស្មើនឹងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលរង បានបន្តថា រាល់ការបំពេញការងារជូនប្រជាពលរដ្ឋ មន្ត្រីយើងទាំងអស់ ត្រូវតែអព្យាក្រិត មិនលំអៀង ហើយក៏មិនត្រូវយកសិទ្ធិអំណាច ឥទ្ធិពលរបស់ខ្លួន ទៅជម្រិតទាប្រាក់ពីប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួន ធ្វើអោយប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់មន្ត្រីរាជការរបស់រដ្ឋនោះទេ៕