អាជ្ញាធរ​រាជធានី​ភ្នំពេញ ណែនាំ​ជំរុញ​ឲ្យ​មន្ត្រី​ការពារ​ដី​រដ្ឋ ការ​លប់​បឹង និង​ទប់ស្កាត់​សំណង់​គ្មាន​ច្បាប់​
Posted On : កុម្ភៈ, 17, 2015 | By សំឡេងទីក្រុង

ប្រភព CEN| ថ្ងៃទី 17 កុម្ភៈ 2015, ម៉ោង 08:19:AM) | ដោយ: លី សិលា

ភ្នំពេញ: ក្នុងពេល​ដែល​បឹង​រដ្ឋ​ជាច្រើន​កន្លែង នៅ​ភ្នំពេញ រួមមាន បឹងកក់ បឹងទំពុន បឹង​ស្នោរ និង​បឹង​នៅ​ជ្រោយចង្វារ ជាដើម ត្រូវបាន​គេ​ចាក់ដី​លុប​អស់​ទៅ​ហើយ​នោះ នៅពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​ជំរុញ​ទៅកាន់​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូរិយោដី រាជធានី​ភ្នំពេញ ឲ្យ​ការពារ​ដី​រដ្ឋ ប្រឆាំង​ការ​លប់​បឹង និង​ត្រូវ​ទប់ស្កាត់​សំណង់​គ្មាន​ច្បាប់​។​

​ក្នុង​ហ្វេ​សប៊ុក​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​ថា អភិបាលរង​រាជធានី​ភ្នំពេញ លោក ជ្រាង សុផាន់ បាន​ធ្វើ​ការណែនាំ និង​ជំរុញ​អោយ​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ប្តេជ្ញាចិត្ត​ក្នុង​កិច្ចការពារ​ដី​រដ្ឋ ការ​លប់​បឹង​រដ្ឋ និង​ទប់ស្កាត់​សំណង់​គ្មាន​ច្បាប់ អោយបាន​នៅក្នុង​រាជធានី​ភ្នំពេញ​។

​លោក ជ្រាង សុផាន់ បាន​ជំរុញ​ដូចនេះ ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

​លោក​អភិបាលរង បន្តថា មន្ត្រី​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ជា​មន្ត្រី​របស់​រដ្ឋ ដូច្នេះ​ទេ ត្រូវ​បំពេញ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន អោយបាន​ល្អ ពិសេស​លើ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។ ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ និង​ទាន់​ពេលវេលា វា​ស្មើនឹង​ការកាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក​អភិបាលរង បាន​បន្តថា រាល់​ការបំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ មន្ត្រី​យើង​ទាំងអស់ ត្រូវតែ​អព្យាក្រិត មិន​លំអៀង ហើយក៏​មិន​ត្រូវ​យក​សិទ្ធិអំណាច ឥទ្ធិពល​របស់​ខ្លួន ទៅ​ជម្រិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន ធ្វើអោយប៉ះពាល់​ដល់​ភាពថ្លៃថ្នូរ​របស់​មន្ត្រីរាជកា​រ​របស់​រដ្ឋ​នោះ​ទេ​៕​

សំឡេងទីក្រុង!

សំឡេងទីក្រុង!