អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចុះ​ត្រួត​ពិនិត្យ​វត្ត​សាមគ្គីរង្សី​នៅ​ថ្ងៃ​១០​កុម្ភៈ
Posted On : កុម្ភៈ, 6, 2015 | By សំឡេងទីក្រុង

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៥

អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស​ថា​នឹង​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​សាមគ្គីរង្សី ដែល​ឋិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ខាង​មុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខណ្ឌ​មានជ័យ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ឲ្យ​ដឹង​ថា អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​ជា​ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​រដ្ឋបាល នឹង​ដឹក​នាំ​ការ​ចុះ​ត្រួត​ពិនិត្យ​នោះ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​នោះ គឺ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​ក្នុង​វត្ត​សាមគ្គីរង្សី។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​នឹង​ចុះ​ត្រួត​ពិនិត្យ​នៅ​វត្ត​សាមគ្គីរង្សី ដើម្បី​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​របស់​វត្ត និង​ភាព​ស្រប​ច្បាប់​របស់​ព្រះសង្ឃ​គង់​នៅ​វត្ត​នោះ។ លោក ឡុង ឌីម៉ង់ អះអាង​ថា មាន​រឿង​អសកម្ម​ជាច្រើន​ណាស់​កើត​ឡើង​ក្នុង​វត្ត​សាមគ្គីរង្សី ទាំង​ការ​ស្នាក់នៅ​មិន​រៀបរយ ហើយ​អាជ្ញាធរ​ក៏​មិន​អាច​គ្រប់គ្រង​សមាសភាព​អ្នក​ស្នាក់នៅ​ក្នុង​វត្ត​ទាំង​នោះ​បាន​ទៀត។ លើស​ពី​នេះ លោក​ថា វត្ត​សាមគ្គីរង្សី សឹង​តែ​ក្លាយ​ជា​តំបន់​អបគមន៍​មួយ​ទៅ​ហើយ ដែល​អាជ្ញាធរ​មិន​អាច​ឲ្យ​មាន​តំបន់​អបគមន៍​ណា​មួយ​នៅ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​បាន​ទេ។

វត្ត​សាមគ្គីរង្សី ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះសង្ឃ​ខ្មែរ​ក្រោម។ កន្លង​មក ព្រះសង្ឃ​ក្នុង​វត្ត​នេះ តែង​តែ​បាន​ចេញ​មុខ​ចូលរួម​ក្នុង​ការ​តវ៉ា​ផ្សេងៗ​ជាមួយ​សហគមន៍ និង​ពលរដ្ឋ​ខ្មែរ។ លើស​ពី​នេះ វត្ត​សាមគ្គីរង្សី ក៏​តែង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជម្លោះ​ដីធ្លី​ស្នាក់នៅ ដើម្បី​ធ្វើ​ការ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ទៀត​ផង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!