អាជ្ញាធរ​រាជធានី​ពន្លឿន​ការ​សាងសង់​ផ្លូវ​វ៉េង​ស្រេង​និង​ស្នើ​ប្រជាជន​ផ្ដិត​មេ​ដៃ​​ឈប់​​រំលោភ​លើ​ចំណី​ផ្លូវ
Posted On : July, 23, 2015 | By សំឡេងទីក្រុង

ប្រភព៖  kqube.net    ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ​៖ ​អាជ្ញាធរ​រាជធានី​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន ​និង​មន្ទីរ​សាធារណការ ​និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ ​ពន្លឿន​ការ​សាងសង់​ផ្លូវ​វ៉េង​ស្រេង​ឱ្យ​បាន​ឆាប់ ​ដោយ​កែ​បង្គោល​ភ្លើង​ទាំង ​១៦២​ដើម​ឱ្យ​ទៅ​ជា​ LED ​ហើយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ ​និង​រនាំង​ផ្លូវ​កណ្ដាល ​ម្យ៉ាង​ទៀត​អាជ្ញាធរ​ត្រូវ​រៀបចំ​សណ្ដាប់​ធ្នាប់​កុំ​ឱ្យ​មាន​អ្នក​លក់​ដូរ ​រំលោភ​យក​ចិញ្ចើម​ផ្លូវ ​ចំណែក​ឯ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ត្រូវ​ ចុះ​ប្រមូល​សំរាម​ជា​ប្រចាំ​នៅ​ទី​នោះ ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​។ នេះ​បើ​យោង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២១ ម្សិលមិញ​នេះ​។

​ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល ​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ ជា​មួយ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ​និង​ក្រុមហ៊ុន​ស្ដី​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​ប្រឡាយ ​និង​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​ផ្លូវ​វ៉េង​ស្រេង ​និង​ចំណុច​លូ​ប្រាំ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កក្កដា ឆ្នាំ​២០១៥ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ថា ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ ត្រូវ​សម្រុក​ធ្វើ​ឱ្យ​បាន​ឆាប់ ​ហើយ​មន្ទីរ​សាធារណការ ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​តាម​ជំនាញ​រៀង​ៗ ​ខ្លួន ​ដើម្បី​ឱ្យ​ផ្លូវ​មួយ​នេះ​គេច​ផុត​ពី​ការ​ពេបជ្រាយ និង​រិះគន់ ​ដោយ​ត្រូវ​ឱ្យ​មហាជន​កោត​សរសើរ ​និង​ជឿ​ជាក់​មក​លើ​ថ្នាក់​ដឹក​នាំ​វិញ​ម្ដង​។
ឯកឧត្ដម ​បន្ត​ថា ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ថ្នាំង​ថ្នាក់ ​និង​រិះគន់​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ពិសេស​អង្គភាព​គ្រប់គ្រង​លូ ប្រឡាយ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ល្អ​ចំពោះ​ការ​កក​ស្ទះ​ចរន្ត​ទឹក​ហូរ​នៅ​ ចំណុច​លូ​៥ ធ្វើ​យ៉ាង​ណា​រក​កន្លែង​បញ្ចៀស​ការ​ជន់​លិច​នៃ​ជំនន់​ទឹក​ភ្លៀង​ឱ្យ​បាន ព្រោះ​រដូវ​វស្សា​បាន​ចូល​មក​ដល់​ហើយ​។
ឯកឧត្ដម​ បន្ត​ទៀត​ថា ​ចំពោះ​បញ្ហា​សំរាម ​និង​សណ្ដាប់​ធ្នាប់​នៅ​តែ​ជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ ​ដូច្នេះ​អាជ្ញាធរ និង​ក្រុមហ៊ុន​ស៊ីនទ្រី​ត្រូវ​ចុះ​អនុវត្តន៍​ជា​ប្រចាំ​នៅ​កន្លែង​ទី​ប្រជុំ ​ជន​។ ចំពោះ​អភិបាល​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​ដាក់​កម្លាំង​ជីវពល​ពង្រាយ​តាម​ដង​ផ្លូវ​កាន់ ​លិខិត ​ជូន​បង​ប្អូន​អាជីវករ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ​និង​គ្រួសារ​នី​មួយ​ៗ ផ្ដិត​មេ​ដៃ​ទទួល​ឈប់​ឱ្យ​រំលោភ​ចំណី​ផ្លូវ ​ដើម្បី​រៀប​រយ​ចិញ្ចើម​ផ្លូវ​លើ​កំណាត់​ផ្លូវ​វ៉េង​ស្រេង​នេះ​ឱ្យ​បាន​ល្អ​ ។
ក្នុង​នោះ​ដែរ ​ចៅ​សង្កាត់ មេភូមិ ប្រធាន​ក្រុម ត្រូវ​ជួយ​ផ្សព្វផ្សាយ​អ្នក​រស់​នៅ​សង​ខាង​ផ្លូវ​នេះ ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​ជួយ​សម្អាត​​ពី​បញ្ហា​អនាម័យ និង​សណ្ដាប់​ធ្នាប់​ត្រូវ​ឱ្យ​មាន​របៀប​រៀប​រយ ​ព្រោះ​ជា​ហេតុ​បង្ក​នាំ​ឱ្យ​កក​ស្ទះ​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់ ព្រោះ​ផ្លូវ​នេះ ជា​ផ្លូវ​មុខ​មាត់ មួយ​បន្ទាប់​ពី​ធ្វើ​ហើយ​អាច​ជួយ​ចែក​រំលែក​ដោះស្រាយ​ចរាចរ​បាន​ច្រើន ពិសេស​រថយន្ត​ធំ និង​រថយន្ត​ទេសចរណ៍ ​ម៉ូតូ​កង់បី ត្រូវ​ធ្វើ​ចរាចរ​តាម​ផ្លូវ​នេះ ដែល​ជា​ផែន​ការ​សាលា​ក្រុង​មិន​ចង់​ឱ្យ​ឡាន​ដឹក​ទំនិញ ដឹក​មនុស្ស​ឆ្លង​កាត់​ប្រលាន​យន្ត​​ហោះ​អន្តរជាតិ​ភ្នំពេញ​ទៀត​ឡើយ​។
​ តំណាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​វ៉េង​ស្រេង ​និង​មន្ទីរ​សាធារណការ​បាន​ឯកភាព​តាម​គោល ការណ៍​របស់​អាជ្ញាធរ ​ដើម្បី​ចូល​រួម​ទាំង​អស់​គ្នា​កែ​លម្អ​ទាំង​ផ្នែក​សណ្ដាប់​ធ្នាប់​ក៏​ដូច​ ផ្នែក​អនាម័យ ពិសេស​ជួយ​លើក​សោភ័ណភាព​រាជធានី​ឱ្យ​មាន​របៀបរៀបរយ ​និង​លែង​ឱ្យ​មាន​ការ​រិះគន់ ​ពី​បង​ប្អូន​ទៀត​ដែរ​។
​លោក នៅ សារឿន ​អនុប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា​ ចំពោះ​បញ្ហា​លូ​៥​នៅ​ជាប់​ចំណុច​ផ្លូវ​វ៉េង​ស្រេង​នេះ ​កន្លង​មក​មាន​ការ លិច​លង់​ផ្លូវ​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា​មែន ប៉ុន្តែ​ដោយ​មាន​ការ​កែ​លម្អ​ទៅ​តាម គោល​ការណ៍​ណែ​នាំ​របស់​អភិបាល​រាជធានី ​និង​អនុវត្តន៍​តាម​មន្ទីរ​លើ​ផែន​ការ​យុទ្ធសាស្ត្រ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើ​ឱ្យ​ចំណុច​ខាង​លើ​នេះ​លែង​មាន​អ្វី​ជា​ ឧបសគ្គ​រាំង​ស្ទះ​ទៀត​ហើយ ​ព្រោះ​បញ្ហា​ប្រឈម​នៃ​ការ​លិច​លង់​នោះ នៅ​ពេល​នេះ​បាន​ដោះ​រក​ច្រក​ចេញ​ហើយ​។
​លោក​បន្ត ​ថា ចំពោះ​មុខ​មន្ទីរ​សាធារណការ​មិន​ត្រឹម​តែ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ​ ប្រឡាយ នៅ​ចំណុច​លូ​៥​នេះ​មួយ​មុខ​ទេ ចំណែក​ប្រព័ន្ធ​លូ​ប្រឡាយ​ទួល​សា​កែ​ព្រែក​បាក់​ទូក បឹង​ត្របែក និង​ព្រែក​បារាំង​ក៏​កំពុង​មមាញឹក​ធ្វើ​ដែរ ដើម្បី​រក​វិធី​ដោះស្រាយ​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា​នេះ​៕

Urban Voice Cambodia

Urban Voice Cambodia