អាជ្ញាធរ​រាជធានី​គ្រោង​ធ្វើ​ផ្លូវ​ទទឹង​ ១៦ ម៉ែត្រ​លើ​ព្រែក​បារាំង
Posted On : April, 1, 2015 | By សំឡេងទីក្រុង

ឆាយ ច័ន្ទនីដា, Wed, 1 April 2015, Phnom Penh Post

ភ្នំពេញៈ អាជ្ញាធរ​រាជធានី មាន​គម្រោង​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ ក្នុង​ខណ្ឌ​ច្បារអំពៅ ​ប្រវែង​ជាង ៧០០ ម៉ែត្រ​ ទទឹង​ ១៦ ម៉ែត្រ នៅ​ពី​លើ​ព្រែក​បារាំង​ដែល​កំពុង​ត្រូវ​បាន​បូមខ្សាច់​លុប​ធ្វើឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ព្រែក​នេះ ព្រួយបារម្ភ​ពី​​ការបណ្តេញចេញ ដោយ​ពុំ​មាន​សំណង​។ នេះ​បើ​យោង​តាម​មន្ត្រី​ខណ្ឌ និង​តំណាង​ពលរដ្ឋ​។

កិច្ចប្រជុំ រវាង​អភិបាល​ខណ្ឌ​ច្បារអំពៅ និង​​តំណាង​ពលរដ្ឋ​ ៩ រូប មកពី​សង្កាត់​ច្បារអំពៅ១ សង្កាត់​និរោធ និង​សង្កាត់​ព្រែកប្រា កាលពី​ម្សិលមិញ​ បាន​ធ្វើ​​ឡើង​ក្រោយ​ពេល​ដែល​ពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​អាជ្ញាធរ​បាន​ធ្វើការ​បូម​ខ្សាប់​លុបព្រែក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ ពី​ការបាត់បង់​ផ្ទះ​សម្បែង​ដោយ​ពុំ​មាន​ផ្តល់​សំណង​។

អ្នកស្រី អឿន ញ៉រ អាយុ ៥៨ ​ឆ្នាំ ថ្លែង​ថា គ្រាន់តែ​ភូមិ​តាង៉ូវ សង្កាត់​និរោធ និង​សង្កាត់​ច្បារអំពៅ មាន​ប្រជាពលរដ្ឋ​ចំនួន ២៧ ​គ្រួសារ​ រស់នៅ​បណ្តោយ​ព្រែក ដែល​ត្រូវ​ប៉ះពាល់​ក្នុង​ការអភិវឌ្ឍ​​នេះ។ អ្នកស្រី​បន្ត​ថា៖ «កិច្ចប្រជុំ​ហ្នឹង​ អភិបាល​ខណ្ឌ​ប្រាប់​ថា កុំ​ឲ្យ​យើង​បារម្ភ​រឿង​បណ្តេញ​ចេញ។ គាត់​សួរ​យើង​ថា មាន​ជម្រើស​ពីរ គឺ​ទី​១ ឲ្យ​រើ​ប្រជាជន​ប៉ះពាល់​ទៅ​ម្ខាង​ព្រែក គឺ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ទី ២ គាត់​បាន​សួរ​យើង​ថា ចង់​បាន​ដី​កន្លែង​ផ្សេង​ឬ​អត់?» ហើយ​គាត់​ថា គាត់​នឹង​ជម្រាប​ទៅ​អភិបាល​រាជធានី​ ចំពោះ​សំណូមពរ​ពលរដ្ឋ​។ អ្នកស្រី​ញ៉រ ដែល​អះអាង​ថា បាន​រស់នៅ​លើ​មាត់ព្រែក​បារាំង​អស់​រយៈពេល​ជាង​ ២០ ឆ្នាំ​មកហើយ​បាន​និយាយ​ទៀត​ថា៖ «​ចំពោះ​យើង យើង​មិន​ចង់​ទៅ​ណា​ទេ គឺ​យើង​ចង់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​»។

កាលពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ​ ២០១២ អាជ្ញាធរ​ខណ្ឌ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ ៤៦ ​គ្រួសារ​រស់នៅ​លើ​តួព្រែក ដោយ​ប្រាប់​ថា ស្ថានភាព​ព្រែក​បាន​កកស្ទះ ដោយ​សំរាម ដើម​រុក្ខជាតិ​ និង​សំណង់ ដែល​សង់​រំលោភ​លើ​​ដី​ព្រែក​បណ្តាល​ឲ្យ​ស្ទះ​ចរន្ត​ទឹកហូរ ធ្វើឲ្យ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​​ចំនួន ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការកែលម្អ។ ក្រោយមក​នៅ​​ខែ​តុលា​ឆ្នាំ​ដដែល​អាជ្ញាធរ​បាន​ដាក់​អេស្កាវ៉ាទ័រ​មក​កាយ​សំរាម និង​ដើម​រុក្ខជាតិ​​​ចេញ​ពី​ក្នុង​​ព្រែកបារាំង ធ្វើឲ្យ​ពលរដ្ឋ​តវ៉ា​ ដោយសារ​ធ្វើឲ្យ​រង្គើ​ដល់​ផ្ទះ​ឈើ ដែល​សង់​លើ​មាត់ព្រែក​ទាំង​សង​ខាង​។

អ្នកស្រី ញ៉រ បាន​ឲ្យ​​ដឹង​កាលពី​ម្សិលមិញ​ថា មាន​ពលរដ្ឋ​ប្រមាណ​ ១០​ គ្រួសារ កាលពី​ឆ្នាំ​ ២០១២ បាន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ទទួល​សំណង​ជា​ប្រាក់​ប្រមាណ​​ ៦០០០ ដុល្លារ​ដើម្បី​ចាកចេញ​ពី​ព្រែក​​នេះ។

លោក ប៊ូ វឌ្ឍនា នាយករង​រដ្ឋបាល​នៃ​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​​ថា អភិបាល​ខណ្ឌ លោក អ៊ាង ស៊ីផាន​ បាន​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍន៍​របស់​​សាលា​រាជធានី​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​លើ​ព្រែក​បារាំង​ជា «ព្រែក​របស់​រដ្ឋ» ដែល​មិន​ត្រូវ​មាន​ការទន្ទ្រាន​កាន់កាប់​ឡើយ​។ លោក​ថា តំបន់​នេះ តែងតែ​លិចលង់​នៅ​រដូវវស្សា ទើប​អាជ្ញាធរ​មាន​គម្រោង​​ធ្វើ​លូ​ថ្មី​បង្កប់ ហើយ​ធ្វើ​ផ្លូវ​ប្រវែង​ ៧០៥ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ​​ នៅលើ​ព្រែក​នេះ។ លោក​ ប៊ូ វឌ្ឍនា បន្ត​ថា ៖ «ពលរដ្ឋ​ធ្លាប់​ដាក់​ញត្តិ​មក​សាលាខណ្ឌ ហើយ​យើង​នឹង​សិក្សា​ពី​សំណូមពរ​ចំពោះ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​តែ​មិន​ទាន់​សន្យា ១០០ ភាគរយ​នោះ​ទេ​»។

លោក​បន្ត​ថា​ ព្រែក​បារាំង​ទាំង​មូល មាន​ប្រវែង​ចន្លោះ​ពី ៣ គីឡូម៉ែត្រ​ទៅ​ ៤ គីឡូម៉ែត្រ​ មាន​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​រស់នៅ​លើ​ព្រែក​នេះ​។

លោក ស៊ូ សាវឿន ប្រធាន​គ្រប់គ្រង​កម្មវិធី​ចងក្រង​សហគមន៍​ដើម្បី​សិទ្ធិ​លំនៅឋាន​នៃ​​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​គួរ​គិតគូរ និង​ពិគ្រោះ​យោបល់​​ជាមួយ​ពលរដ្ឋ​​មុន​នឹង​​ធ្វើ​ការអភិវឌ្ឍ​អ្វី​មួយ​ដើម្បី​ធានា​នូវ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ៖ «គម្រោង​ធ្វើ​ផ្លូវ​ថ្មី​ទទឹង​ផ្លូវ ១៦ ម៉ែត្រ មិន​ទាន់​ផ្លូវការ​នៅ​ឡើយ តែ​វា​នឹង​ប៉ះពាល់​ពួកគាត់​ទាំង​ស្រុង អ៊ីចឹង​ពួកគាត់​ស្នើ​សុំ​ឲ្យ​ធ្វើ​ផ្លូវ​តែ​ ៨ ម៉ែត្រ​បាន​ហើយ​ទុក​ ៨ ម៉ែត្រ ទៀត​សម្រាប់​ពួកគាត់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​»៕

Urban Voice Cambodia

Urban Voice Cambodia