អាជ្ញាធរ​ភ្នំពេញ​សង្ស័យ​ព្រះសង្ឃ​គង់​នៅ​វត្ត​សាមគ្គីរង្សី​ចង់​បង្កើត​តំបន់​អបគមន៍
Posted On : February, 2, 2015 | By សំឡេងទីក្រុង

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៥

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ គ្រោង​ដឹក​នាំ​កម្លាំង​ចម្រុះ​ទៅ​ត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គីរង្សី បន្ទាប់​ពី​អាជ្ញាធរ​គិត​ថា ស្ថានភាព​នៅ​ក្នុង​វត្ត​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ ពិបាក​គ្រប់គ្រង ហើយ​មិន​ច្បាស់​ថា​វត្ត​សាមគ្គីរង្សី នោះ មាន​ច្បាប់​អនុញ្ញាត​ឲ្យ​បង្កើត​ហើយ​ឬ​នៅ?

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មាន​មន្ទិល​សង្ស័យ​ថា ព្រះសង្ឃ​គង់​នៅ​វត្ត​សាមគ្គីរង្សី ចង់​បង្កើត​តំបន់​អបគមន៍ បន្ទាប់​ពី​មាន​រឿងរ៉ាវ​អសកម្ម​ជាច្រើន​កើត​ឡើង​ក្នុង​វត្ត ដោយ​អាជ្ញាធរ​មិន​ដឹង ហើយ​ពិបាក​គ្រប់គ្រង។

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គីរង្សី នៅ​សប្ដាហ៍​ទី​១ ខែ​កុម្ភៈ នេះ ដើម្បី​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​របស់​វត្ត និង​ភាព​ស្រប​ច្បាប់​របស់​ព្រះសង្ឃ​គង់​នៅ​វត្ត​នោះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា មាន​រឿង​អសកម្ម​ជាច្រើន​ណាស់​កើត​ឡើង​ក្នុង​វត្ត​សាមគ្គីរង្សី ទាំង​ការ​ស្នាក់នៅ​មិន​រៀបរយ ហើយ​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​សមាសភាព​ទាំង​នោះ​បាន៖ «មាន​រឿង​អសកម្ម​ច្រើន​ណាស់​ចេញ​ពី​វត្ត ដូចជា​ការ​ស្នាក់នៅ​មិន​រៀបរយ និង​សមាសភាព​ដែល​យើង​អត់​អាច​គ្រប់គ្រង​បាន សឹង​តែ​ក្លាយ​ជា​តំបន់​អបគមន៍​មួយ​ហើយ​វត្ត​នោះ។ យើង​មិន​អាច​ឲ្យ​មាន​តំបន់​អបគមន៍​ណា​មួយ​នៅ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​បាន​ទេ»

អាជ្ញាធរ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​ពិនិត្យ​ឃើញ​ថា វត្ត​នោះ​មិន​មាន​ច្បាប់​អនុញ្ញាត។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ព្រះចៅ​អធិការ​វត្ត​ស្តីទី​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ហាសំអាង មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី គ្មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បញ្ជាក់​ថា ខាង​វត្ត​តែង​សហការ​ជាមួយ​អាជ្ញាធរ តែ​ខាង​អាជ្ញាធរ​ឯណោះ​ទេ​ដែល​មិន​សហការ ដោយ​រើសអើង​ថា ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «ការ​ចោទ​ពី​អាជ្ញាធរ​ក្រុង​បែប​នេះ គឺ​ខុស​ឆ្ងាយ​ណាស់។ វត្ត​នេះ​ឲ្យ​ជន​រងគ្រោះ​ដីធ្លី​មក​នៅ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និយាយ​អ៊ីចឹង​ក៏​ខុស​ដែរ អាជ្ញាធរ​ដែនដី រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​អរគុណ​ព្រះសង្ឃ​ដែល​បាន​បន្ទុក​ជន​រងគ្រោះ​ដែល​ជា​កូន​ចៅ​រដ្ឋាភិបាល គួរ​តែ​មាន​ប័ណ្ណ​សរសើរ​មាន​មេដៃ​មាស​ប្រគេន​ព្រះសង្ឃ​ទៀត បាន​ត្រឹមត្រូវ»

វត្ត​សាមគ្គីរង្សី ឋិត​នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ វត្ត​នេះ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧ ក្រោម​ឡាយព្រះហស្ដលេខា​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​កាល​នោះ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​បង្កើត​សមាគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម អម​ទាំង​វត្ត​អារាម។ សព្វថ្ងៃ​នេះ​មាន​ព្រះសង្ឃ​គង់​នៅ ៦២​អង្គ ដែល​មាន ៨០​ភាគរយ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម។ កន្លង​មក វត្ត​នេះ​បាន​ផ្តល់​ទីជម្រក​សុវត្ថិភាព​ដល់​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ឲ្យ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ពេល​ដែល​ពួក​គេ​ឡើង​មក​តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​ភ្នំពេញ។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​គង់​នៅ​វត្ត​នេះ ក៏​សកម្ម​ណាស់​ដែរ​ក្នុង​ការ​ជួយ​តវ៉ា​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ។

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា អាជ្ញាធរ​មិន​ទោមនស្ស​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​វត្ត ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ ហើយ​ក៏​មិន​រើសអើង​ចំពោះ​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ​ដែរ។ ប៉ុន្តែ​សំខាន់​នោះ គឺ​ឋិត​ត្រង់​ថា អាជ្ញាធរ​ចង់​គ្រប់គ្រង​តំបន់​នោះ​បាន ដើម្បី​ធានា​ថា​មិន​មាន​ការ​បង្កើត​តំបន់​អបគមន៍​ណា​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​វចនានុក្រម​ខ្មែរ​សម្ដេច​សង្ឃ ជួន ណាត ពាក្យ​ថា “អបគមន៍” មាន​អត្ថន័យ​ថា ជា​សេចក្តី​ព្រាត់ប្រាស​គ្នា ឬ​ជា​ការ​បែក​ចេញ​ពី​គ្នា។

អ្នក​វិភាគ​នយោបាយ លោក សុខ ទូច ធ្លាប់​ពន្យល់​ថា តំបន់​អបគមន៍ គឺ​មាន​ន័យ​ថា ជា​តំបន់​មួយ​ស្វយ័ត មាន​ទាំង​កងទ័ព ទាំង​សេដ្ឋកិច្ច ដើម្បី​ផ្តាច់​រដ្ឋ ឬ​ហៅ​ឲ្យ​ស្រួល​ស្តាប់ គឺ​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។

សម្រាប់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ​គិត​ថា អបគមន៍​ជា​ការ​បំបែក​រដ្ឋ ដើម្បី​កាន់​កាប់​មួយ​ផ្នែក​នៃ​រដ្ឋ​នោះ។ ប៉ុន្តែ​អបគមន៍​ធ្វើ​ទៅ​បាន លុះត្រា​តែ​ប្រើ​កម្លាំង​សឹក។

វិល​ទៅ​រក​ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី វិញ អាច​ពិបាក​នឹង​ជឿ​ណាស់​ថា ព្រះសង្ឃ​ដែល​គ្មាន​កងទ័ព និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ ហើយ​កាន់​តែ​បាត្រ​នោះ មាន​ព្រះទ័យ​ធំ​ចង់​វាយ​បំបែក​រដ្ឋ ប្រែ​ក្លាយ​វត្ត​ទៅ​ជា​តំបន់​អបគមន៍ ក្ដោបក្ដាប់​កណ្ដាល​ក្រុង​ភ្នំពេញ។

មន្ត្រី​ជាន់​ខ្ពស់​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត គិត​ថា ការ​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចេញ​មក​តវ៉ា​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​ខ្មែរ​ក្រោម​ឯណោះ​ទេ ជា​មូលហេតុ​ចម្បង​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចង់​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​នោះ ដើម្បី​ជា​សារ​គំរាម​កំហែង​មួយ​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម ពិសេស​ការ​ងើប​តវ៉ា​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​មុខ​ស្ថានទូត​វៀតណាម កន្លង​មក មិន​ពាក់ព័ន្ធ​ព្រះទ័យ​ណា​មួយ​ដែល​ព្រះសង្ឃ​ចង់​បំបែក​រដ្ឋ​នោះ​ឡើយ៕

Urban Voice Cambodia

Urban Voice Cambodia