អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​
Posted On : កក្កដា, 18, 2017 | By Thak Sreyleak

ប្រភព ៖ កោះសន្តិភាព

អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រថយន្តទាំង១០០គ្រឿងនេះ នឹងត្រូវបែងចែកមួយចំនួនទៅបំពេញឲ្យរថយន្តក្រុងចាស់ៗដែលខូចក្នុងចំណោម៥៧គ្រឿងដែលកំពុងដំណើរការនៅលើខ្សែរត់ចំនួន៣ នៅសល់មួយចំនួនទៀតនឹងត្រូវពង្រីកខ្សែរត់ចំនួន២ខ្សែបន្ថែមទៀត ។ លោកបន្តថា ការពង្រីកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋនេះ បានធ្វើឡើង ដើម្បីជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួម ហើយកាត់បន្ថយកំណើននៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។

សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈចំនួន៣ខ្សែ ដែលកំពុងដំណើរការ ក្នុងនោះ ៖

ខ្សែរត់ទី១-ចេញពីម្តុំឬស្សីកែវត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១

ខ្សែទី២-ចេញពីផ្សាររាត្រីទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល

និងខ្សែទី៣-ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ដែលចំនួនអ្នកជិះគិតជាមធ្យម ក្នុងមួយថ្ងៃមានចន្លោះពី៥ពាន់នាក់ ទៅ៧ពាន់នាក់ ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!