អាជ្ញាធរ​នឹង​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​គម្រោង​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ១
Posted On : May, 12, 2015 | By សំឡេងទីក្រុង

ចុះ​ផ្សាយ​នៅ​ថ្ងៃ   12-05-2015, ដោយ : ខន ចំប៉ា, ប្រភព៖ http://thmeythmey.com/

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នឹងធ្វើ​ការរុះរើ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​សងខាង​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​ចំណុច​ក្បាលស្ពាន​មុនី​វង្ស ដល់​ភូមិ​ក្តី​តា​កុយ  ដែល​មិនទាន់​ធ្វើការ​រុះរើ​ផ្ទះសម្បែង​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​សំណង​រួចរាល់​ហើយ។

សេចក្តីជូនដំណឹង​រប​ស់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានសរសេរថា៖«បើ​ប្រជាពលរដ្ឋ​មិន​ធ្វើតាម​ការណែនាំ​អាជ្ញាធរ​ខណ្ឌ​ច្បារ អំពៅ​នឹង​ចុះ​រុះរើ​សំណង់ផ្ទះ​ដោយ​មិន​ទទួលខុសត្រូវ រាល់​ការបាត់​បង់ទ្រព្យ សម្បត្តិ​ឬ​ខូចខាត​សម្ភារ​អ្វី​ឡើយ»។

ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​សំណង់ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ឯកភាព​ទទួលយក​សំណង​ពី​ផលប៉ះពាល់ ពី​គណៈកម្មការ​អន្តរក្រសួង​រួចរាល់​ហើយ​នោះ នៅ​មិនទាន់បាន​រុះរើ​ចេញ​តាម​ពេល​កំណត់។ ការយឺតយ៉ាវ​នេះ នឹងធ្វើ​ឲ្យ​រាំងស្ទះ​ដល់​គម្រោង​សាងសង់​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​មួយ១ ។

គម្រោង​សាងសង់​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ១ដំណាក់កាល​ទី៤ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ទៅដល់​ភូមិ​ក្តី​តា​កុយ បានចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅ​ដើមខែ​ឧសភា​នេះ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ កាលពីពេល​កន្លងទៅ។

បើតាម​សាលា​រាជធានី​ភ្នំពេញ គម្រោង​ស្តារឡើងវិញ នេះ នឹងត្រូវ​ចំណាយ​ថវិកា​ជាង២.១១លាន​ដុល្លារ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន និង​បញ្ចប់​ដំណើរការ​សាងសង់​នៅ​កំឡុង​ខែមិថុនា ឆ្នាំ២០១៦ខាងមុខ៕

Urban Voice Cambodia

Urban Voice Cambodia