front-page_23

អាជ្ញាធរ​ចុះ​ពិនិត្យ រោង​ចក្រ​ដែល​ផ្ទុះស្លាប់​មនុស្ស​និង​របួស​នៅ​ ថ្ងៃ​នេះ

អាជ្ញាធរពាក់ព័ន្ធនៅថ្ងៃនេះ ចាប់ផ្ដើមពិនិត្យធ្វើការស៊ើបអង្កេតទៅលើសិប្បកម្មបោះពុម្ពអាវចំពោះករណីផ្ទុះឡចំហាយនៅ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍បណ្ដាលឲ្យកម្មករពីរនាក់ស្លាប់និង ៤ នាក់រងរបួស។

ប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម លោក នេត មុនីប៉ុណ្ណាកា បានថ្លែងថា សិប្បកម្មនេះមិនទាន់មានច្បាប់អនុញ្ញាតពីមន្ទីររបស់លោកនៅឡើយទេ តែបានបើកដំណើរការតាំងពីថ្ងៃទីមួយខែមេសា ហើយសិប្បកម្មបានប្រើប្រាស់សម្ភារចាស់ និងសម្ភារជជុះ។

លោកបានប្រាប់ថា៖ «យើងនឹងនិយាយជាមួយម្ចាស់ក្រុមហ៊ុនសិប្បកម្មនេះនៅថ្ងៃចន្ទនេះ។ ក្រុមហ៊ុនបានរំលោភមាត្រាទី ២៣ នៃការបង្កើតសិប្បកម្មដែលត្រូវចុះឈ្មោះនៅមន្ទីរ។ យើង និងក្រសួងនឹងចុះពិនិត្យស៊ើបអង្កេតលើករណីហ្នឹង»។

លោកអនុប្រធានប៉ូលិស ខណ្ខមានជ័យ ហ៊ួរ ម៉េងវ៉ាង ផ្នែកការងារព្រហ្មទណ្ឌបានថ្លែងថា លោកបានសួរទៅលើបុរសជនជាតិខ្មែរដែលមានភាគហ៊ុនជាមួយជនជាតិចិន ដែលជាម្ចាស់សិប្បកម្មនេះហើយ ហើយលោកក៏បានដោះលែងគាត់ឲ្យទៅវិញក្រោយពីសាកសួរចប់។

លោក ម៉េងវ៉ាងបានអះអាងថា សិប្បកម្មនេះបានជួលបុរសម្នាក់មកឲ្យសាងសង់ និងជួសជុលឡចំហាយនេះ។

លោកថ្លែងថា៖ «បុរសម្នាក់នោះគាត់មិនមែនជាកម្មកររបស់សិប្បកម្មនេះទេ។ កាលពីល្ងាចថ្ងៃសុក្រ បុរសម្នាក់នេះបានមកជួសជុលឡដែលធ្លាយ។ យើងកំពុងតែពិនិត្យនិងស៊ើបអង្កេតរឿងហ្នឹងដោយសារជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយសិប្បកម្មនេះទើបតែបើកនិងមិនទាន់មានការរៀបចំបានគ្រប់គ្រាន់តាមបច្ចេកទេសទេ ហើយពេលដែលយើងសួរបំភ្លឺជាមួយមា្ចស់សិប្បកម្ម គាត់ប្រាប់ថា សិប្បកម្មនេះមិនទាន់រៀបចំបានត្រឹមត្រូវទេ។ នរណាក៏អាចមើលការខុសត្រូវឡចំហាយហ្នឹងបានដែរ»។

អនុប្រធានប៉ុស្តិ៍ស្ទឹងមានជ័យ លោក ឯម ធារី បានប្រាប់ថាសិប្បកម្មនេះមានកម្មករធ្វើការប្រហែលជា ២០ នាក់ហើយជនរងគ្រោះដល់អាយុជីវិតមានឈ្មោះ គង់ ផានី អាយុ ៦១ ឆ្នាំមុខរបរអនាម័យនិង សឿន សុផល អាយុ ២៧ ឆ្នាំជាសន្តិសុខ។

លោក ធារី ថ្លែងថា៖ «សន្តិសុខគាត់កំពុងតែដាក់អុសបន្ថែមនៅក្នុងចង្រ្កានឡ ចំណែកជនរងគ្រោះម្នាក់ទៀតបាននៅក្នុងរោងចក្រពេលដែលឡផ្ទុះ។ ការខូចខាតនេះពិតជាមានសភាពធ្ងន់ធ្ងរណាស់។ កម្មករដែលត្រូវរងរបួសផ្សេងទៀតកំពុងហូបបាយនៅក្រៅរោងចក្រនេះសំណាងល្អហើយដែលវាផ្ទុះចំពេលកម្មករមិនទាន់ចូលធ្វើការកុំអីមានមនុស្សអាចស្លាប់ច្រើននិងរងរបួសច្រើនជាងនេះទៅទៀតដែលមិនអាចស្មាន»។

លោក ឃុន សំបូរ អាយុ ៣០ ឆ្នាំត្រូវជាកូនរបស់អ្នកស្រីគង់ ផាន់នី ដែលបានស្លាប់និយាយថា មា្តយរបស់លោកបានស្លាប់នៅពេលដែលបានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ហើយក្រុមគ្រួសារបាននាំត្រឡប់មកផ្ទះវិញហើយពេលនេះកំពុងរៀបចំបុណ្យសព។

លោក សំបូរ ថ្លែងថា៖«ប៉ូលិសប្រាប់យើងថាអាចដាក់ពាក្យបណ្តឹងក្រោយពីរៀបចំបុណ្យសពរួចរាល់។ ខ្ញុំនឹងដាក់ពាក្យបណ្តឹងពួកខ្ញុំបានពិភាក្សាជាមួយនិងបងប្អូនរួចរាល់ហើយ។ យើងទាមទារសំណង ៤០ ០០០ ដុលា្លរ»៕

ប្រភព៖ postkhmer

Leave a Reply