អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​រុះរើ​បង្គោល​ដែល​ជន​អានាធិបតេយ្យ​បោះ​ចាប់​យក​ដី​លើ​ដី​ទំនាស់
Posted On : March, 14, 2015 | By សំឡេងទីក្រុង

 ដោយ: ឌីរៀ​, ថ្ងៃ សៅរ៍ ទី14 មីនា ឆ្នាំ2015, ប្រភព៖ kampucheathmey 

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដែល​ដឹកនាំ​ដោយ​លោក​ ជា ពីសី​ និង​លោក លីម​ ញ៉​ក់ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ បាន​បញ្ជរ​ពី​លោក ​ឃុន​ ហាំង ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ទំនាស់​ដីធ្លី​នៅ​តំបន់​ឫស្សីកែវ និង​បាន​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ចំរុះ​ប្រមាណ​ជា​១១៥​នាក់​បាន​ចុះទៅ​រុះរើ​បង្គោល​ឈើ​ដែល​ជន​អានាធិបតេយ្យ​នាំគ្នា​បោះបង្គោល​វាតទី​ចែក​គ្នា​លើ​ដី​ទំនាស់​ដែល​របស់​រដ្ឋ​ដែល​មិនទាន់​ដោះស្រាយ​។​

ការ​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​អនុវត្ត​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៣​ ខែមីនា ​ឆ្នាំ​២០១៥​ នៅ​ដី​ឡូត៍​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ បន្ទាប់ពី​ក្រុម​ជន​អានាធិបតេយ្យ​ធ្វើ​ផ្ទះ​លើ​ដី​ទំនាស់​និង​នាំ​ចាប់ដី​ថ្មីៗ​បន្ថែម​ទៀត​កាលពី​ថ្ងៃទី​១២​ និង​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា​នេះ​។

លោក ​ជា​ ពីសី ​និង​លោក លីន​ ញ៉​ក់​ អភិបាលរងខណ្ឌ​ទាំង​២​បាន​ឱ្យ​ដឹង​ព្រម​គ្នា​ថា ដី​នេះ​ក្រុម​ការងារ​ថ្នាក់​ជាតិ​មាន​លោក​ទេសរដ្ឋមន្ត្រី ឃុន ហាំង ប្រធាន​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី តំបន់​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ និង​ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន​ក្រុមការងារ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ កំពុងធ្វើការ​ដោះស្រាយ​។ លោក ជា ពិសី បាន​បញ្ជាក់​ថា កន្លងមក​កម្លាំង​ចម្រុះ និង​លោក ឃុន ហាំង បាន​ចុះ​រុះរើ​បង្គោលរបង​ជាច្រើនលើក​ច្រើនសា​មក​ហើយ ព្រមទាំង​បាន​ហាមឃាត់​ការ​រំលោភបំពាន​ពី​អ្នកមាន​ឥទ្ធិពល​ផង​ពី​ប្រជាពលរដ្ឋ​ផង ដែល​ពេលខ្លះ​ត្រូវ​បាន​អ្នក​មាន​អំណាច​ធ្វើ​អន្តរាគមន៍​បង្ក​ការ​លំបាក​ក្នុង​កិច្ច​អនុវត្ត​ការងារ​មិនបាន​សម្រេច​តាម​ការកំណត់ ធ្វើ​ឱ្យ​មានការ​អូស​អន្លាយ​ពេលវេលា​កាន់តែ​យឺតយូរ​។​

លោក​បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​សាលា​រាជធានី​ភ្នំពេញ​តែង​បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ឫស្សីកែវ ត្រូវ​រក្សា​ការពារ​ឱ្យ​ខាង​តែ​បាន​ផ្ទៃដី​របស់​រដ្ឋ​និង​ដី​ដែល​មាន​ទំនាស់ ក្នុង​តំបន់​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ​នេះ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ជាតិ បើ​មាន​អ្នក​រំលោភ​បំពាន​កាន់កាប់​ដោយ​ខុសច្បាប់ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​។​

ស្ត្រី​ម្នាក់​ឈ្មោះ សុខុម​ អាយុ​៥១​ឆ្នាំ​ ដែល​ទំនងជា​មេខ្យល់​ក្នុង​ការ​ដឹកនាំ​គេ​មក​ចាប់ដី​អានាធិប​តេយ្យ​នៅ​ទីតាំង​នោះ​បាន​និយាយ​គាត់​មាន​ស្រុកកំណើត​ខេត្តព្រៃវែង​ដំបូង​គាត់​មក​នៅ​គីឡូ​ម៉ែត្រ​លេខ​៩​ ក្រោយមក​រដ្ឋ​បាន​ចែក​ដី​នៅ​ឃុំ​ជ័យ​លាស់​ស្រុក​ពញាឮ ​ខេត្តកណ្តាល ក្រោយមក​បាន​មក​នៅ​ទិញ​ដី​នៅ​ទី​នេះ​ពី​ថៅកែ​គោ​ម្នាក់ រស់នៅ​ទីនេះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ព្រឹក​មិញ​នេះ​គាត់​ឃើញ​គេ​ចាប់ដី​បោះបង្គោល​ចែក​គ្នា​គាត់​ទិញ​បង្គោល​មក​បោះ​យក​ដី​នឹង​គេ​ដែរ ​ក្រែងលោ​បាន​ដី​ដែរ ព្រោះ​បើ​គេ​បាន​យើង​អត់​វា​មិនកើត​៕​

Urban Voice Cambodia

Urban Voice Cambodia